ចំណុចទាំង៦ ក្នុងវិស័យពាណិជ្ជកម្មអ៊ីនធឺណែត(E-Commerce) ដែលពេញនិយមក្នុងឆ្នាំ២០១៨ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
នៅក្នុងឆ្នាំ២០១៧ រឿងដែលគួរឱ្យចាប់អារម្មណ៍មួយគឺថា ប្រជាជនប្រមាណជាង ៦០០លាននាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រើប្រាស់ និងជួញដូរតាមប្រព័ន្ធអ៊ីនធឺណែតក្នុងចំនួនទឺកប្រាក់រហូតដល់ទៅ៥០ពាន់លានដុល្លារអាមេរិច នេះបើតាមការស្រាវជ្រាវពីក្រុមហ៊ុន Google និងក្រុមហ៊ុន Temasek Holding។
ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណែត នេះភាគច្រើនគឺស្ថិតនៅក្នុងវិស័យធំៗទាំង៤រួមមានទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍និងដឹកជញ្ចូន និងពាណិជ្ជកម្មអ៊ិនធឺណែត (E-Commerce)។ តាមរបាយការណ៍រួមគ្នារបស់ក្រុមហ៊ុនទាំង២ក៏បានបង្ហាញថា ទំហំទឹកប្រាក់នេះនឹងកើនឡើងដល់២០០លានដុល្លារឯណោះក្នុងឆ្នាំ២០២៥។
ក្នុងចំណោមអាជីវកម្មជាច្រើន ក្រុមហ៊ុនដូចជា Alibaba និង Tencent សុទ្ធតែមានចំណែក យ៉ាងធំនៅក្នុងទឹកប្រាក់សរុបមួយនេះ។ ក្នុងនោះផងដែរ ប្រទេសដូចជា សិង្ហបុរីជា ដើមបានមើលឃើញ ពាណិជ្ជកម្មអ៊ីនធឺណែត ជាវិស័យមួយដែលកំពុងតែមានការរីកដុះដាលយ៉ាងគំហុក យោងលើហេតុផលថា ក្នុងចំណោមអាជីវកម្ម ៥ ក្នុងនោះមាន ៣ហើយដែលបានផ្សារភ្ជាប់ខ្លួនយ៉ាងល្អជាមួយនឹងប្រព័ន្ធអ៊ីនធឺណែត។ ភាពជោគជ័យ នេះគឺដោយសារតែលើសពី ៨០%នៃជនជាតិសិង្ហបុរីសុទ្ធតែមានអ៊ីនធឺណែតប្រើប្រាស់។
ដោយឃើញពីសក្តានុពលយ៉ាងខ្លាំងបែបនេះហើយទើបបានជា អាស៊ាន បានសម្រេច ចេញនូវគោលការណ៍មួយ ក្នុងគោលបំណងដើម្បីពង្រឹង និងលើកទឺកចិត្តទៅដល់អាជីវកម្មតូចធំក្នុងតំបន់អោយពង្រីកខ្លួន ក្រោមការជួយជ្រោមជ្រែងដោយបង្កើតច្បាប់ ពង្រឹងទំនាក់ទំនងតាមប្រព័ន្ធឌីជីថល និងកាត់បន្ថយរបាំងសេដ្ឋកិច្ចតាមដែលអាចធ្វើទៅបាន។
ខាងក្រោមនេះគឺថាចំនុចដែលពេញនិយមទាំង៦ ក្នុងវិស័យស័យពាណិជ្ជកម្មអ៊ីនធឺណែតក្នុងតំបន់អាស៊ីអាគ្នេយ៍៖
១. ការបង់ប្រាក់ពេលទំនិញទៅដល់ដៃ (Cash-on Delivery)
ថ្វីត្បិតបើចំនួនអ្នកយល់ដឹងពីការទិញទំនិញតាមរយៈអនឡាយហើយក៏ពិតមែន ប៉ុន្តែភាគច្រើននៃប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍មិនសូវទម្លាប់ក្នុងការបង់ប្រាក់តាមកាតឥណទាន ឬតាមប្រព័ន្ធធនាគារឌីជីថលប៉ុន្មាននោះទេ ពោលគឺថាពួកគេនិយមបង់ប្រាក់ នៅពេលដែលទំនិញទៅដល់ដៃពួកគេច្រើនជាង។
២. ទីផ្សារថ្មីៗភាគច្រើនមានការលូតលាស់ខ្លាំងចំពោះការធ្វើទីផ្សារតាមប្រព័ន្ធទូរស័ព្ទ
ទីផ្សារដែលទើបនឹងចាប់ផ្តើមលូតលាស់ដូចជាទីផ្សារក្នុងប្រទេសមីយ៉ាន់ម៉ាជាដើម បានទទួលការជោគជ័យគួរអោយកត់សម្គាល់តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារដើម្បីទាក់ទាញអតិថិជនគោលដៅតាមរយៈការផ្សព្វផ្សាយព័ត៌មានផ្សេងៗចូលទៅក្នុងទូរស័ព្ទរបស់អតិថិជនតែម្តង ព្រោះអតិថិជនមីយ៉ាន់ម៉ាសុទ្ធតែប្រើប្រាស់ស្មាតហ្វូន។
៣. ការបម្លែងឲ្យចេញជាការលក់នៅតិចនៅឡើយ
ការបម្លែងអ្នកដែលចាប់អារម្មណ៍ពីផលិតផលមួយនៅលើប្រព័ន្ធអ៊ីនធឺណែត ឱ្យក្លាយទៅជាអ្នកទិញនៅមានអត្រាទាបនៅឡើយ ដោយក្នុងនោះដូចជាខ្ពស់ជាងគេបំផុតគឺ វៀតណាម ដែលមានត្រឹមតែ១.៣%ប៉ុណ្ណោះ។ វាមានន័យថា ក្នុងចំនោមមនុស្ស១០០ នាក់ដែលចូលមកមើលផលិតផលនោះ មានតែ១.៣នាក់ប៉ុណ្ណោះដែលសម្រេចចិត្តទិញ។
៤. អាជីវកម្មខ្នាតតូចងាយស្រួលក្នុងការចូលរូមក្នុងវិស័យពាណិជ្ជកម្មអ៊ីនធឺណែត
កម្មវិធីដូចជា ជាដើមបានផ្តល់លក្ខណៈងាយស្រួលជាខ្លាំងទៅដល់បណ្តាអាជីវកម្មខ្នាតតូច ងាយស្រួលក្នុងការចូលរូមក្នុងវិស័យពាណិជ្ជកម្មអ៊ីនធឺណែត ដោយសារតែវាអាចអោយពួកគេចូលទៅបង្កើត និងឌីស្សាញវេបសាយផ្ទាល់ខ្លួនរបស់ពួកគេដោយចំនាយប្រាក់តិចបំផុត។
៥. ទម្លាប់នៃការទិញរបស់អតិថិជន
ជាទូទៅ សម្រាប់អតិថិជនដែលទិញសម្ភារតម្លៃថ្លៃ ពួកគេច្រើនតែចូលទិញតាមរយៈកុំព្យូទ័រច្រើនជាងតាមរយៈទូរស័ព្ទដៃ។ ម៉ោងដែលពួកគេនិយមទិញគឺចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៥ល្ងាចប៉ុណ្ណោះ ដោយក្នុងនោះមានដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងវៀតណាម។ ឯនៅប្រទេសសឹង្ហបុរី ម៉ោងដែលមនុស្សទិញ ទំនិញថ្លៃៗគឺនៅម៉ោង១០យប់។
៦. ការចូលរួមពីវិនិយោគិនចិន
ក្រុមហ៊ុនចិនធំដូចជាអាលីបាបា (Alibaba) និងថេនសេន (Tencent) នៅតែបន្តការ បណ្តាក់ទុនយ៉ាងសកម្មទៅដល់អាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណែតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕