តើនឹងមានអ្វីកើតឡើងប្រសិនបើព័ត៌មានសាជីវកម្មសម្ងាត់របស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របែកធ្លាយ?
ខណៈដែលព័ត៌មានសាជីវកម្មសម្ងាត់នៅក្នុងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រមួយត្រូវបានបែកធ្លាយជាសាធារណៈដោយបុគ្គលផ្ទៃក្នុងនៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយទៅកាន់ជនទី៣ ដើម្បីគេងចំណេញផលប្រយោជន៍ទាំងដែលព័ត៌មានសម្ងាត់នោះក្រុមហ៊ុននៅមិនទាន់បានអនុញ្ញាត្តឲ្យផ្សព្វផ្សាយជាសាធារណៈដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នៅឡើយ។
ដូច្នេះតើក្រុមហ៊ុនផ្ទាល់នឹងត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? ហើយចំពោះនិតិវិធីផ្លូវច្បាប់វិញតើនិងមានវិធានការយ៉ាងណាចំពោះបុគ្គលនោះ?
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈអំពីការអនុវត្តប្រកាសស្ដីពី "ការបង្ហាញព័ត៌មានសាជីវកម្ម" កញ្ញា ប៉ុន ពេជ្រនារី មន្ត្រីជំនាញការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្មនៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ នៃ គ.ម.ក បានលើកឡើងថា ការដែលបុគ្គលនៅក្នុងក្រុមហ៊ុនមួយធ្វើការផ្សព្វផ្សាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនទៅកាន់បុគ្គលទី៣មុនពេលបង្ហាញជាសាធារណៈ នោះគឺជាការធ្វើខុសនឹងការអនុវត្តនៃការបង្ហាញព័ត៌មានសាជីវកម្ម។ បុគ្គលនោះអាចយកព័ត៌មានសម្ងាត់នៅក្នុងក្រុមហ៊ុនទៅប្រាប់ដល់បងប្អូនសាច់ញ្ញាត្តិ មិត្តភក្កិ ឬអ្ននដែលជិតស្និតនឹងខ្លួន ដូច្នេះពួកគាត់អាចនឹងឆ្លៀតឱកាសក្នុងការទិញឬលក់នូវមូលបត្រ។
ទាំងនេះគឺធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ផ្សារមូលបត្រ ព្រមទាំងការជួញដូរនៅក្នុងវិស័យនេះ ជាពិសេសគឺចំពោះក្រុមហ៊ុនផ្ទាល់ព្រោះក្រុមហ៊ុនមានតួនាទីនៅក្នុងការរក្សានូវព័ត៌មានសម្ងាត់របស់ខ្លួន ដូច្នេះបើសិនជាមានករណីបុគ្គលផ្ទៃក្នុងធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់នោះក្រុមហ៊ុនគឺជាអ្នកទទួលខុសត្រូវ ដែលទាំងនេះវាធ្វើឲ្យប៉ះពាល់ដល់តម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់គាត់ដែលអាចធ្វើឲ្យមានការប្រែប្រួល។ នេះជាការលើកឡើងបន្តរបស់ កញ្ញា ពេជ្រនារី។
ជាមួយគ្នានេះផងដែរលោក សៀង ធានហុង ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្មនៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃ គ.ម.ក បានលើកឡើងពាក់ព័ន្ធនឹងនិតិវិធីច្បាប់ចំពោះបុគ្គលដែលធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនថា "តាមរយៈច្បាប់ស្ដីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជន" ចែងថាការលេចធ្លាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនទៅដល់អ្នកខាងក្រៅជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងវិស័យមូលបត្រ។
លោក ធានហុង បន្តថា ការធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនដល់អ្នកខាងក្រៅ ហើយអ្នកខាងក្រៅប្រើប្រាស់ព័ត៌មានសម្ងាត់នោះយកទៅជួញដូរដើម្បីផលចំណេញឬបញ្ជៀសការខាតបង់ ដូច្នេះអ្នកផ្ទៃក្នុងយកព័ត៌មានសម្ងាត់ទៅប្រើឬជួញដូរក៏ខុសច្បាប់ អ្នកផ្ទៃក្នុងឲ្យព័ត៌មានសំងាត់ទៅគេហើយគេយកទៅប្រើប្រាស់ឬជួញដូរក៏ខុសច្បាប់ដូចគ្នា។ ដែលទោសនេះត្រូវបានចាប់ទុកជាបទឧក្រិដ្ឋ ដែលត្រូវជាប់ពន្ធធនាគារចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ ព្រមទាំងមានពិន័យជាប្រាក់ផងដែរ៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន