ភាព​ភ័យខ្លាច​ទាំង ៨​ នេះហើយ​ដែលសហគ្រិន​​​នឹង​ជួបប្រទះ​ពេល​ធ្វើ​​អាជីវកម្ម​​



នៅ​ក្នុង​ទីលាន​អាជីវកម្ម គ្មាន​សហគ្រិន​ណា​ម្នាក់​អះអាង​ថា អាជីវកម្ម​របស់​ខ្លួន​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ឈរ​ជើង​បាន​រឹងមាំ​រហូត​នោះ​ឡើយ។ ភាព​ភ័យខ្លាច​​ផ្សេងៗ​គឺ​ជា​​សុបិន​អាក្រក់​មួយ​​របស់​សហគ្រិន​​គ្រប់ពេល​ដែល​នេះ​ទាមទារ​ឲ្យ​​ហ៊ាន​ប្រឈមមុខ​។ តើ​ភាព​ភ័យខ្លាច​ណា​ខ្លះ​ដែល​សហគ្រិន​នឹង​ប្រឈមមុខ?

១) ភ័យខ្លាច​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ ​​

ការ​ផ្លាស់ប្ដូរ​​​ណា​មួយ​នៅ​​ពេល​កំពុង​ធ្វើ​អាជីវកម្ម គឺ​ជា​រឿង​​គួរឲ្យ​ភ័យខ្លាច​របស់​សហគ្រិន។ ថ្វីត្បិត​តែ​អ្នក​មិន​ចង់​ជួប ​អ្នក​មិន​អាច​គេច​ផុត​វា​បាន​នោះ​ឡើយ។ ពេល​ណា​មួយ​វា​នឹង​​បង្ហាញ​រូបរាង​ឲ្យ​អ្នក​ភ្លាមៗ​តែម្តង​ ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទទួល​យក និង​អស់សង្ឃឹម​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ប៉ុន្តែ​ការ​ប្រឈមមុខ​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ ធ្វើ​ឲ្យ​អ្នក​អាច​បន្ត​​ក្តី​សង្ឃឹម​ ហើយ​​​​ត្រូវ​ត្រៀម​ខ្លួន​ជា​មុន​ដើម្បី​ទប់ទល់​នឹង​ការ​ផ្លាស់ប្ដូរ​នេះ​​ជា​មួយ​នឹង​​ការ​បង្កើត​យុទ្ធសាស្ត្រ​ថ្មីៗ​​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​បំផុត​។

២) ភាព​ភ័យខ្លាច​នឹង​បរាជ័យ

ការ​បរាជ័យ​តែង​​បន្ត​ដំណើរ​ជា​មួយ​សហគ្រិន​ជានិច្ច​​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់។ នៅ​ពេល​អ្នក​គិត​ពី​​ភាព​បរាជ័យ ​អ្នក​នឹង​គិត​ដល់​លទ្ធផល​​​អាក្រក់ៗ និង​អារម្មណ៍​ធុញថប់​អស់សង្ឃឹម​។ ក៏ប៉ុន្តែ​ភាព​បរាជ័យ ក៏​​​មាន​ពេល​បញ្ចប់​របស់​វា​ដែរ ហើយ​វា​ក៏​ផ្តល់​គុណសម្បត្តិ​របស់​វា​ដែរ។ អ្នក​ត្រូវ​យល់​ថា នៅ​ពេល​នេះ​វា​ជា​ឧបសគ្គ​របស់​អ្នក ប៉ុន្តែ​ ១០​ឆ្នាំ​ទៅ​មុខ អ្នក​អាច​នឹង​អរ​គុណ​វា​ក៏​ថា​បាន ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​មាន​បទពិសោធន៍ និង​រឹងមាំ។ បើ​បរាជ័យ កុំ​ដេក​ចាំ​ឱកាស អ្នក​ត្រូវ​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី ហើយ​បើ​យុទ្ធសាស្ត្រ​នេះ​វា​​នៅតែ​មិន​ទៅ​រួច ស្វែង​រក​វិធី​ថ្មី​ទៀត​រហូត​ដល់​ជោគជ័យ។

៣) ភ័យខ្លាច​ថា ខ្លួន​ឯង​មាន​ចំណេះដឹង​មិន​គ្រប់គ្រាន់

គ្មាន​សហគ្រិន​ណា​មួយ​ល្អ​ឥតខ្ចោះ​នោះ​ទេ។ ចំណេះដឹង​លើស​ខ្វះ​តែង​កើត​មាន ហើយ​សូម្បី​តែ​អ្នក​ជំនាញ​បំផុត​លើ​កិច្ចការ​ជំនួញ​របស់​ខ្លួន​ពេល​ខ្លះ​ក៏​បរាជ័យ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត អ្នក​ត្រូវ​​រក​ឲ្យ​ឃើញ​ពី​ចំណុច​ខ្វះខាត​ខ្លួន​ឯង ហើយ​ចាប់​ផ្តើម​រៀន​សូត្រ​បំពេញ​បន្ថែម​​ទៀត ហើយ​សូមកុំ​ខ្លាច​ក្នុង​ការ​ស្នើសុំ​ជំនួយ​ពី​អ្នកដទៃ​។ ស្វែង​រក​​បុគ្គល​ណា​ម្នាក់​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​អ្នក​បាន ឬ​រក​ប្រភព​​ធនធាន​​ផ្សេងៗ​ទៀត​ដែល​ជួយ​​ឲ្យ​អ្នក​មាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​ឡើង។

៤) ភ័យខ្លាច​ទៅ​នឹង​អ្វី​ដែល​មិន​ទាន់​កើត​ឡើង

នៅ​ក្នុង​ពិភព​ជំនួញ មាន​បញ្ហា​ច្រើន​ណាស់​​ដែល​នឹង​អាច​កើត​មាន​ឡើង​ដូច​ជា ចោរកម្ម អគ្គីភ័យ ជម្លោះ ការ​ឆបោក ការ​ខាតបង់ បាត់បង់​អតិថិជន និង​ការ​ប៉ែង​ជើង​ពី​គូប្រជែង​​ជា​ដើម។ ទាំង​នេះ​បើ​ទោះបី​ជា​វា​​​មិន​អាច​កើត​មាន​គ្រប់ពេល តែ​វា​​ជា​អ្វី​ដែល​អ្នក​ត្រូវ​ទទួល​ស្គាល់ និង​បង្ការ​ជាមុន។ អ្នក​មិន​ត្រូវ​តែ​ដេក​​ភ័យខ្លាច​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​យុទ្ធសាស្ត្រ​ជា​មុន​ថា ត្រូវ​ដោះស្រាយ​វា​ដោយ​របៀបណា​ប្រសិន​បើ​វា​កើត​ឡើង។

៥) ខ្លាច​ចំណាយ​ច្រើន​ពេក

ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម គឺ​មិន​អាច​ខ្វះ​ដើម​ទុន​បាន​ឡើយ។ នៅ​ពេល​អ្នក​មាន​គម្រោង​អាជីវកម្ម​ដែល​លម្អិត​ផែនការ​​ចំណូល​ចំណាយ​ហើយ អ្នក​នឹង​ដឹង​​ពី​ចំនួន​ទឹកប្រាក់​សម្រាប់​ចំណាយ​ដែល​​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​មិន​ខាន​។ វា​អាច​ច្រើន​ជាង​អ្វី​ដែល​​ហួស​ការ​រំពឹង​ទុក​របស់​អ្នក។ យ៉ាងណាមិញ បើ​អាជីវកម្ម​នោះ​ជា​​អាយុជីវិត ឬ​ក្តីសុបិនដែល​អ្នក​ចង់​សម្រេច​ឲ្យ​បាន​ហើយ​នោះ​ ការ​ចំណាយ​នៅ​ពេល​នេះ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ភ័យខ្លាច​នោះ​ឡើយ។

៦) ភ័យខ្លាច​ធ្វើ​ឲ្យ​​គ្រួសារ​​ខកចិត្ត

ជីវិត​ជា​សហគ្រិន មាន​មនុស្ស​ច្រើន​ណាស់​នៅ​រង់ចាំ​មើល​ស្នាដៃ​របស់​អ្នក​ដែល​នោះ​មាន​ដូច​ជា ក្រុម​គ្រួសារ មនុស្ស​ជា​ទីស្រឡាញ់ និង​មិត្តភក្ដិ​ជា​ដើម។ ដូច្នេះ​ប្រសិន​បើ​ជំនួញ​របស់​​អ្នក​​បរាជ័យ វា​នឹង​ក្លាយ​ជា​រឿង​មួយ​មាន​សម្ពាធ​សម្រាប់​​អ្នក​​។ យ៉ាងណាក៏ដោយ អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​ជា​ក្តី​សុបិន្ដ​របស់​អ្នក មិន​ដើរ​តាម​ក្តី​សុបិន្ដ​របស់​អ្នកដទៃ​ឡើយ។ អ្នក​មាន​គោលដៅ​របស់​អ្នក​ដែល​អ្នក​ចង់​ទៅ បើ​ទោះ​ថ្ងៃ​នេះ​បរាជ័យ ថ្ងៃ​ណា​មួយ​អ្នក​នឹង​សម្រេច​វា​បាន​ជា​មិន​ខាន។

៧) ភ័យ​ខ្លាច​ខុស

នៅ​ពេល​អាជីវកម្ម​បរាជ័យ​មានន័យ​ថា អាជីវកម្ម​នោះ​មាន​កំហុស។ កំហុស​នេះ​ហើយ​ដែល​ជា​អ្វី​ដែល​សហគ្រិន​មិន​ចង់​ជួប។ ទោះបី​ជា​យ៉ាង​នេះ​ក្តី គ្មាន​ឡើយ​ភាព​ល្អឥតខ្ចោះ​ក្នុង​អាជីវកម្ម ហើយ​ក៏​គ្មាន​អាជីវកម្ម​ណា​មួយ​គេច​ផុត​ពី​វា​បាន​ដែរ​។ កំហុស​​គឺ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​សហគ្រិន​ដើម្បី​​ប្រាប់​ដល់​សហគ្រិន​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។ កំហុស​ជា​ទូទៅ​អាច​ជួយ​កែលំអ​​សហគ្រិន​ឲ្យ​កាន់តែ​​ប្រសើរ​ជាង​មុន។

៨) ភ័យខ្លាច​ថា ខ្លួន​ឯង​មិន​ល្អ​គ្រប់គ្រាន់

ភាព​សង្ស័យ​លើ​ខ្លួន​ឯង ជា​ឧបសគ្គ​​ដ៏​ធំ​មួយ​ទៀត​របស់​សហគ្រិន​ដើម្បី​យក​ឈ្នះ។ ភាព​សង្ស័យ​នេះ​បាន​បង្ហាញ​ថា សហគ្រិន​ខ្លួន​​ឯង​អសមត្ថភាព ឬ​មាន​សមត្ថភាព​អន់​ជាង​អ្នកដទៃ ​មិន​មាន​ទំនុកចិត្ត និង​ភាព​ជឿជាក់​លើ​​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​សម្រេច​បាន​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម។ ប៉ុន្តែ​ចូរចាំ​​ថា អ្វីៗ​ត្រូវ​ចាប់​​ផ្តើម​ដោយ​ការ​រៀនសូត្រ។ ចំណុច​ដែល​ខ្វះខាត​ត្រូវ​​រៀន​បន្ថែម ហើយ​បើ​អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​តែ​នៅ​តែ​មាន​មន្ទិលសង្ស័យ​លើ​ចំណុច​នេះ គួរតែ​កម្ចាត់​គំនិត​បែប​នេះ​ចោល​ទៅ៕

ប្រភព៖ entrepreneur ​​

X
5s