ឧស្សាហកម្មធំៗទាំង៥ ជាកាតាលីករជំរុញសេដ្ឋកិច្ចប្រទេសវៀតណាមឲ្យរីកចម្រើនយ៉ាងលឿន​



វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេជាប់ចំណាត់ថ្នាក់លេខរៀងទី ៤៧ លើពិភពលោក។ មុននឹងបានឈរជើងមកដល់សព្វថ្ងៃប្រទេសវៀតណាមបានជួបប្រទះបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងឆ្នាំ ១៩៨០ នៅពេលដែលប្រទេសមួយនេះទើបនឹងងើបរួចពីសង្គ្រាម។ នៅពាក់កណ្ដាលទសវត្ស១៩៨០ សេដ្ឋកិច្ចវៀតណាមបានចាប់ផ្ដើមងើបឡើងវិញបន្ដិចម្ដងៗដោយមានជំនួយមួយចំនួនពីប្រទេស កូរ៉េខាងត្បូង ជប៉ុន ថៃ​ អូស្រ្ដាលី និងសហរដ្ឋអាមេរិក។

បើក្រលែកមកសព្វថ្ងៃនេះវិញ សេដ្ឋកិច្ចរបស់វៀតណាមហាក់ដើរទៅមុខយ៉ាងរលូន ដោយប្រទេសនេះមានរោងចក្រឧស្សាហកម្មជាច្រើនក្នុងប្រទេសដែលជាកាតាលីករជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្មុនីសមួយនេះលូតលាស់យ៉ាងឆាប់រហ័ស។ ដូចនេះ Bizkhmer នឹងលើកយករោងចក្រឧស្សាហកម្មធំៗចំនួន៥ របស់ប្រទេសវៀតណាមមកចែករំលែកដល់មិត្តអ្នកអានដើម្បីពង្រីកនូវចំណេះដឹងឲ្យបានទូលំទូលាយ៖

អេឡិចត្រូនិច តម្រូវការប្រើប្រាស់អេឡិចត្រូនិចច្រើនលើសលប់នាពេលបច្ចុប្បន្ន។​ ដោយសារតែតម្រូវការជាចាំបាច់ដូចនេះហើយ​​​​ ទើបប្រទេសវៀតណាមផ្ដោតការវិនិយោគទៅលើឧស្សាហកម្មផ្គត់ផ្គង់អេឡិចត្រូនិចដែលជាចំណែកមួយនៃផលិតកម្មក្នុងស្រុកចំនួន ២៤%។​ ទោះបីជាផលិតកម្មអេឡិចត្រូនិចត្រូវបាននាំចូលនិងដំណើរការ ​ដោយក្រុមហ៊ុនធំៗដូចជា​ក្រុមហ៊ុន Samsung និង Panasonicក្ដី វៀតណាមនូវតែ​ទទួលបានអត្ថប្រយោជន៍​ជាច្រើនពី​ឧស្សាហ​កម្មមួយ​នេះ។  

ឧស្សាហកម្មចំណីអាហារ វៀតណាមជាមជ្ឈមណ្ឌលផលិតចំណីអាហារដែលមានតម្រូវការខ្ពស់ទាំងក្នុងស្រុកនិងក្រៅស្រុក។​ ចំណីរអាហារត្រូវបាននាំចេញច្រើនជាងគេគឺផលិតផលកសិកម្ម និង គ្រឿងសមុទ្រ​ដោយវិចខ្ចប់ជាប្រភេទ​អាហារកំប៉ុងនិងដឹកជញ្ចូនតាមកប៉ាល់ចេញទៅក្រៅប្រទេស។ អត្រានៃការនាំចេញនៃផលិតកម្មចំណីអាហារមានចំនួនប្រមាណជាង ៤០% នៃការនាំចេញ និងជាផ្នែកមួយនៃផលិតផលក្នុងសរុបប្រមាណ ១៥%។  

សំណង់ គ្រប់បណ្ដាសេដ្ឋកិច្ចដែលរីកចម្រើនសុទ្ធតែមានតម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធសំណង់យ៉ាងចាំបាច់ដែលពាក់ព័ន្ធជាមួយជំរុញពាណិជ្ជកម្មឲ្យលូតលាស់។ ការហូរចូលវិនិយោគិនបរទេសបានធ្វើឲ្យមានកកើតឡើងសំណង់អគារខ្ពស់ៗ និងការិយាល័យជាច្រើន ជាពិសេសនៅកណ្ដាលទីក្រុងដូចជាទីក្រុងហូជីមិញតែម្ដងដែលសម្បូរទៅដោយសំណង់អគារខ្ពស់ៗ ស្ពាន សាលារៀនជាច្រើន។ ឧស្សាហកម្មសំណង់ជាផ្នែកមួយនៃផលិតកម្មក្នុងស្រុកសរុបប្រមាណ ៣៩%។  

ឧស្សាហកម្មរ៉ែ ឧស្សាហកម្មរ៉ែបានចូលរួមជំរុញវិស័យសេដ្ឋកិច្ចប្រមាណ ៨,១% នៃផលិតផលក្នុងស្រុកសរុប។ វៀតណាមជាកន្លែងដែលជីករ៉ែដែលមានប្រភេទរ៉ែជាច្រើនមុខសុទ្ធតែជាតម្រូវការរបស់ពិភពលោក ដូចជារ៉ែបុកស៊ីត រ៉ែទង់ដែង ទីតាន ផូស្វ័រធ្យូង និង រ៉ែដែកផងដែរ។ គិតត្រឹមឆ្នាំ ២០១៥​ វៀតណាមក្លាយជាប្រទេសទី៣ដែលមានរ៉ែច្រើនជាងក្នុងអាស៊ីអាគ្នេយ៍។ វិស័យមួយទៀតដែលទទួលបានអត្ថប្រយោជន៍យ៉ាងសម្បើមក្នុងវិស័យរ៉ែ គឺវិស័យដែកថែបដែលត្រូវបាន​គេព្យាករណ៍ថានឹងកើតឡើងបន្ថែមទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ វៀតណាមមានផែនការនឹងបង្កើតរោងចក្រផលិតដែកថែបឲ្យបាន ២លានតោនជារៀងរាល់ឆ្នាំ។  

វិស័យទេសចរណ៍ សេវាកម្មវិស័យទេសចរណ៍វៀតណាមបានចូលរួមជួយដល់ផលិតផលក្នុងស្រុកសរុបប្រមាណ ៣៨,២%។ ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៤​ វិស័យទេសចរណ៍បានចូលរួមចំណែកត្រឹមតែ ៦% ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ២០១២ ​វិស័យនេះដើរនាទីតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច​ជាតិ។ ក្នុងអំឡុងពេលនោះវៀតណាមទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ៦,៨ លាននាក់ មកពីបណ្ដាប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។ ក្នុងឆ្នាំ២០១៦ វៀតណាមបានធ្វើកំណត់ត្រាថ្មីដោយទទួលបានភ្ញៀវទេសចរណ៍ ១០ លាននាក់គិតជាភាគរយគឺកើនឡើងរហូត២៦% បើធៀបនឹងឆ្នាំមុនៗ។

វិស័យធនាគារនិងហិរញ្ញវត្ថុ ក្នុងប្រទេសវៀតណាដែលគួរឱ្យទុកចិត្តនិងធំជាងគេបំផុត ត្រូវបានគ្រប់គ្រងដោយរដ្ឋ ។ ធនាគារនាំមុខគេមួយចំនួននៅក្នុងប្រទេសរួមមានធនាគារ BIDV ធនាគារ VietinBank និងធនាគារ Vietcombank ដែលគ្របដណ្ដប់លើវិស័យធនាគារទាំងមូលនៅក្នុងប្រទេសមួយនេះ។ នៅតាមធនាគារមួយចំនួននៅក្នុងប្រទេសវៀតណាមដូចជាធនាគារ VietinBank មានភាគហ៊ុនក្រុមហ៊ុន Tokyo-Mitsubishi UFJ នៃប្រទេសជប៉ុន ២០% ខណៈពេលដែលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានភាគហ៊ុន ១០% ។

ម្យ៉ាងវិញទៀតធនាគារ Vietcombank ក៏មានភាគហ៊ុនរបស់ក្រុម Mizuho 15 ភាគរយផងដែរ។ ប្រទេសនេះមានមជ្ឈមណ្ឌលជួញដូរមូលបត្រហាណូយដែលកំពុងដំណើរការជាផ្សារហ៊ុនហាណូយ (HNX) និងមជ្ឈមណ្ឌលជួញដូរមូលបត្រទីក្រុងហូជីមិញដែលដំណើរការជាផ្សារហ៊ុនហូជីមិញ (HOSE) ផងដែរ៕

ដោយ៖ ច័ន្ទលាភ ប្រភព worldtime

X
5s