ប្រទេសថៃនឹងធ្វើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឈានមុខ ខេត្តភាគខាងកើតរបស់ខ្លួន
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ សភាថៃបានអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (Eastern Economic Corridor)។ ជាមួយនឹងគម្រោង (EEC)នេះ ប្រទេសថៃសង្ឃឹមថានឹងធ្វើការអភិវឌ្ឍខេត្តភាគខាងកើតរបស់ខ្លួនឱ្យទៅជាតំបន់សេដ្ឋកិច្ចឈានមុខគេរបស់អាស៊ាន។ គំរោង(EEC)គឺស្ថិតនៅតាមបណ្ណាខេត្តភាគខាងកើតនៃប្រទេសថៃ មានដូចជា ខេត្ត Chonburi, Rayong និង Chachoengsao ដែលមានផ្ទៃដីសរុបប្រមាណ ១៣,២៨៥ គម២។ រដ្ឋាភិបាលសង្ឈឹមថានឹងបញ្ចប់គំរោង EEC នៅត្រឹមឆ្នាំ២០២១ និងប្រែក្លាយខេត្តទាំងនោះឲ្យទៅជាតំបន់ដ៏ប្រសិទ្ធិភាពមួយសំរាប់ផលិតកម្មបច្ចេកវិទ្យា និងជាតំបន់ផ្សារភ្ជាប់យ៉ាងសំខាន់ទៅប្រទេសជិតខាងក្នុងតំបន់អាស៊ានតាមរយៈផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ គំរោងEECបានស្រូបទាញបានទឹកប្រាក់ទំហំ ៩,៣ពាន់លានដុល្លារអាមេរិកពីអ្នកវិនិយោគផ្ទាល់ពីបរទេស(FDI) នេះបើយាងតាមទិន្នន័យដែលផ្តល់ដោយក្រុមប្រឹក្សាវិនិយោគថៃ (BOI)។ រដ្ឋាភិបាលរំពឹងថានឹងទទួលបានទឹកប្រាក់ចំនួន ៤៣ ពាន់លានដុល្លារអាមេរិក (១,៥ ពាន់ពាន់លានបាត) នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខដើម្បីអនុវត្តន៍គម្រោង EEC របស់ខ្លួនឲ្យបានសម្រេចជោគជ័យ។ មូលនិធិនេះទទួលបានប្រភពថវិការមកពី រដ្ឋចម្រុះ ដៃគូសាធារណៈឯកជន (PPPs) និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ។
រាជរដ្ឋាភិបាលថៃបានកំណត់យក "ចំនុចស្នូល" ចំនួនបួនដែលចាំបាច់ក្នុងការធ្វើឱ្យគម្រោងEECក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលនិងល្បីល្បាញ៖
១) ការបង្កើននិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ
២) ជំនួញ បណ្តុំឧស្សាហកម្ម មជ្ឈមណ្ឌលនវានុវត្ត
៣) វិស័យទេសចរណ៍
៤) គម្រោងនៃការបង្កើតទីក្រុងរណបថ្មី
រដ្ឋាភិបាលថៃបានព្យាករណ៍ថាសង្វាក់ផលិតកម្ម និងសេវាកម្មក្នុងគម្រោង EEC (ដែលបានរៀបរាប់ខាងលើ) នៅឆ្នាំ២០២០នឹងអាចបង្កើតការងារបាន ១សែនកន្លែងទៅដល់ប្រជាជន។
គម្រោងបង្កើនប្រសិទ្ធភាពតំបន់ដែលមានសក្តានុពលដ៏អស្ចារ្យ
ឆ្នេរភាគខាងកើតរបស់ប្រទេសថៃមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដែលអាចបង្កើតជាផ្លូវពាណិជ្ជកម្មរវាងប្រទេសទាំងនោះ។ ឆ្នេរសមុទ្ទបានទទួលជោគជ័យក្នុងឧស្សាហកម្មគីមីប្រេងកាត (Petrochemical) ឧស្សាហកម្មរថយន្ត(automobile) និងឧស្សាហកម្មអេឡិចត្រូនិច(electronic industries)។
ចំណុចផ្តោតសំខាន់នៃ EEC គឺដើម្បីបង្កើនការតភ្ជាប់ដែលមានស្រាប់និងជំរុញការផលិតនិងការធ្វើនាវានុវត្ត។ រាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការបង្កើតផ្លូវទឹកសមុទ្រពីខេត្តភាគខាងកើតនៃប្រទេសថៃទៅកាន់កំពង់ផែទឹកជ្រៅ DAWEI ដែលស្ថិតនៅជាគម្រោងនៅឡើយរបស់ភូមា កំពុងផែទីក្រុងព្រះសីហនុនៃប្រទេសកម្ពុជា និងកំពង់ផែ VUNG TAU របស់ប្រទេសវៀតណាម។
បើយើងក្រលេកមើលទៅខាងផ្លូវអាកាសវិញ ប្រទេសថៃកំពុងពង្រីកព្រលានយន្តហោះបន្ថែមទៀតនូវអាកាសយានដ្ឋានអន្តរជាតិ U-TAPAO ស្ថិតក្នុងខេត្ត RAYONG អោយកាន់តែមានសក្តានុពលថែមទៀត ជាមួយនឹងការបើកស្ថានីយ៍ដឹកអ្នកដំណើរទីពីរ ដែលអាចមានសមត្ថភាពផ្ទុកអ្នកដំណើរពី ៨សែននាក់នាពេលបច្ចុប្បន្នកើនដល់ ៣លាននាក់។ ការពង្រីកនេះដែរមិនត្រឹមតែជួយសម្រួលដល់ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរណ៍ប៉ុណ្ណោះនោះទេ វាក៏អាចធ្វើអោយធ្នេរសមុទ្រភាគខាងកើតប្រទេសថៃអោយកាន់តែមានភាពទាក់ទាញ និងទទួលបានភ្លៀវទេសចរណ៍ច្រើនឡើងទៀតផង។ បន្ថែមពីនេះ ថៃនឹងប្រែក្លាយ U-TAPAO អោយទៅជាមជ្ឈមណ្ឌលសំរាប់ជួសជុល និងថែរក្សា ជួសជុល និងការដឹកជញ្ជូនទៀតផង។
បន្ថែមពីនេះទៀត រដ្ឋាភិបាលថៃក៏មានគម្រោងបង្កើតនូវសួនបច្ចេកវិទ្យាក្នុងតំបន់ Si Racha ដែលស្ថិតនៅលើបណ្ដោយឆ្នេរសមុទ្ទ Chonburi ដែលជាគម្រោង នវានុវត្តច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (Eastern Economic Corridor of innovation)។
បើយោងតាមក្រុមប្រឹក្សាវិនិយោគថៃ (BOI) ចំនួនការវិនិយោគសរុបពីបរទេសមានចំនួន ៧៩០គម្រោងគិតត្រឹមចុងឆ្នាំ ២០១៦ ដោយរួមបញ្ចូលទាំងគម្រោងឌីជីថលចំនួន ១៥៨ ដែលស្មើឹនឹងទឹកប្រាក់ ៤៦,៨៥ លានដុល្លារអាមេរិក គម្រោងអេឡិចត្រូនិកចំនួន ៦៤ ដែលស្មើនឹងទឹកប្រាក់ ១ ០០០,១៤ លានដុល្លារអាមេរិក គម្រោងកសិកម្មចំនួន ៤៩ ដែលស្មើនឹងទឹកប្រាក់ ២០៤,៥៩ លានដុល្លារអាមេរិក គម្រោងផលិតយានយន្តចំនួន ៣៩ ដែលស្មើនឹងទឹកប្រាក់ ១២២៦,០៤លានដុល្លារអាមេរិក គម្រោងទាក់ទងនឹងវេជ្ជសាស្រ្តចំនួន ១០ ដែលស្មើនឹងទឹកប្រាក់១៥១,៥៩ លានដុល្លារអាមេរិក គម្រោងរ៉ូបូតនិងម៉ាស៊ីនស្វ័យប្រវត្តិចំនួន ១៧,០៨ លានដុល្លារអាមេរិក និងគម្រោងបច្ចេកវិទ្យាផលិតយន្តហោះចំនួន ១២,៩៥លានដុល្លារ។
ប្រទេសវិនិយោគធំៗមានដូចជាជប៉ុន ដែលសរុបជាទឹកប្រាក់ ១១៣៣,៨០ លានដុល្លារអាមេរិក ប្រទេសសិង្ហបុរីសរុបជាទឹកប្រាក់ ៧៥៦,១១ លានដុល្លារអាមេរិក ប្រទេសចិន សរុបជាទឹកប្រាក់ ៧២១,០១ លានដុល្លារអាមេរិក និងហុងកុងសរុបជាទឹកប្រាក់ ៥៥៨,៥៦ លានដុល្លារអាមេរិក៕
ដោយ៖ តិចនី