អ្នកវិទ្យាសាស្ត្ររកឃើញថា បុគ្គលដែលមានបុគ្គលិកលក្ខណៈបែបនេះអាចរកលុយបានកាន់តែច្រើន
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមមកពីសាកលវិទ្យាល័យ Stockholm និងសាកលវិទ្យាល័យ South Carolina បានវិភាគទៅលើទិន្នន័យនានាដែលប្រមូលបានពីការសិក្សាស្រាវជ្រាវលើជនជាតិអាមេរិកនិងជនជាតិអឺរ៉ុប បានរកឃើញថា មនុស្សដែលមិនអាត្មានិយមហាក់រកប្រាក់ចំណូលបានច្រើន និងមានសុភមង្គលជាងមនុស្សអាត្មានិយម។
បើយោងតាមការលើកឡើងរបស់លោក Kimmo Eriksson អ្នកនិពន្ធដែលបានដឹកនាំ ការស្រាវជ្រាវនេះបានលើកឡើងថា បុគ្គលដែលមានចិត្តសប្បុរសទទួលបានប្រាក់ចំណូលខ្ពស់ជាងអ្នកផ្សេងទៀត។ លោកបន្តបន្តថា មនុស្សដែលមានបុគ្គលិកលក្ខណៈចេះឈឺឆ្អាល ឬចូលចិត្តជួយអ្នកដទៃច្រើន មិនត្រឹមតែធ្វើឲ្យខ្លួនឯងមានប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានសុភមង្គលច្រើនទៀតផង។
នៅក្នុងការសិក្សាដាច់ដោយឡែកមួយរបស់លោក Kimmo បានពិនិត្យមើលការរំពឹងទុករបស់មនុស្សសាមញ្ញដើម្បីមើលថា តើការរំពឹងទុករបស់ពួកគេស្របតាមទិន្នន័យរបស់លោកឬអត់? លទ្ធផលនៃការសិក្សានេះបានបង្ហាញថា មនុស្សទូទៅមានការរំពឹងទុកដ៏ត្រឹមត្រូវមួយថា មនុស្សដែលអាត្មានិយមមានកូនតិចជាងមនុស្សមិនអាត្មានិយម។ ប៉ុន្តែពួកគេយល់ខុសពីនេះថា មនុស្សអាត្មានិយមរកលុយបានច្រើនជាង។ យ៉ាងណាមិញ អ្នកនិពន្ធលោក Pontus Strimling មកពីសាកលវិទ្យាល័យ South Carolina បានលើកឡើងថា ជាញឹកញាប់មនុស្សចិត្តល្អចូលចិត្តជួញអ្នកដទៃដូចជាជួយយកអាសាគេ ជួយចេញលុយដើម្បីថ្លៃអាហារ ឬឲ្យលុយទៅអ្នកដទៃជាដើម។
អត្តចរិតបែបនេះធ្វើឲ្យបុគ្គលនោះមានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងនាំសុភមង្គលដល់ខ្លួនឯងដែលស្របទៅនឹងការស្រាវជ្រាវមុនៗ។ ទោះបីជាបែបនេះក្តី អ្វីដែលជាចម្ងល់នោះគឺថា តើរវាងភាពអាត្មានិយម និងការរកប្រាក់ចំណូលបានច្រើន វាមានទំនាក់ទំនងគ្នាដូចម្តេច? ការស្រាវជ្រាវថ្មីនេះមិនបានភ្ជាប់ចម្លើយទៅសំនួរនេះដោយត្រង់ៗនោះទេ។ ប៉ុន្តែការស្រាវជ្រាវនេះបានអះអាងថា មនុស្សដែលមានចិត្តសប្បុរស មិនអាត្មានិយម គឺកាន់តែមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ហើយទំនាក់ទំនងល្អនេះហើយដែលជាគុណសម្បត្តិពិសេសសម្រាប់ភាពជោគជ័យដែលធ្វើឲ្យខ្លួនរកចំណូលបានច្រើន៕
ប្រភព៖ inc