ប្រាក់បៀវត្សន៍មិនមែនជាហេតុផលចម្បងក្នុងការរក្សាបុគ្គលិកទៀតឡើយ តែម្ចាស់ក្រុមហ៊ុនត្រូវគិតលើរឿងទាំងនេះ
បុគ្គលិកបម្រើការក្នុងក្រុមហ៊ុនគឺជាធនធានយ៉ាងសំខាន់ក្នុងជួយជម្រុញឲ្យក្រុមហ៊ុនទាំងមូលដំណើរការទៅមុខបានដោយជោគជ័យ។ ដូច្នេះការគ្រប់គ្រងនិងរក្សាបុគ្គលិកគឺជារឿងដែលសំខាន់និងចម្បងបំផុត។ ក្នុងនោះផងដែរស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនជំនាញផ្ដល់សេវាជ្រើសរើសបុគ្គលិក HIRE RIGHT LIMITED លោក វ៉ន សុខេមរិន្ទ បានលើកឡើងថា សម្រាប់ពេលបច្ចុប្បន្នកត្តាប្រាក់បៀវត្សន៍និងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗមួយចំនួនមិនមែនជាមូលហេតុចម្បងទៀតឡើយសម្រាប់បុគ្គលិកក្នុងការសម្រេចចិត្តថានៅបន្ត ឬចាប់យកឱកាសការងារផ្សេង។
លោកនាយកវ័យក្មេងរូបនេះបានលើកឡើងបន្តថា លោកតែងតែចាត់ទុកបុគ្គលិករបស់ខ្លួនគ្រប់ជាន់ថ្នាក់គឺជាដៃគូធ្វើអាជីវកម្មរបស់ខ្លួន ពោលគឺមិនមែនគ្រាន់តែជាបុគ្គលិកធម្មតានោះទេ ព្រោះថាភាពជោគជ័យនៃការងាររបស់ពួកគេគឺជាភាពជោគជ័យនៃស្ថាប័នទាំងមូល។ លើសពីនេះទៅទៀតលោកផ្ទាល់តែងតែពិភាក្សាជាមួយបុគ្គលិកអំពីគោលដៅ និងយុទ្ធសាស្រ្តនានារបស់ក្រុមហ៊ុន និងបង្ហាញឲ្យបុគ្គលិកឃើញច្បាស់ពីសារៈសំខាន់ទៅតាមតួនាទីរបស់ពួកគេក្នុងការជួយដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។
លើសពីនេះទៅទៀតម្ចាស់ក្រុមហ៊ុនគួរបង្ហាញពីការវិវត្តមុខតំណែង និងការរីកចម្រើនផ្ទាល់ខ្លួនរបស់បុគ្គលិកក្នុងពេលវេលាជាក់លាក់ណាមួយក្នុងការបម្រើការងារក្រុមហ៊ុន។ បន្ទាប់ពីនោះអ្នកគ្រប់គ្រងបុគ្គលិកឬម្ចាស់ក្រុមហ៊ុនត្រូវផ្ដល់ឲ្យបុគ្គលិកនូវការបណ្ដុះបណ្ដាល និងការអភិវឌ្ឍជាប្រចាំទាំងជំនាញនិងចំណេះដឹងពាក់ព័ន្ធដើម្បីជម្រុញឲ្យពួកគេកាន់តែមានប្រសិទ្ធិភាពក្នុងការបំពេញការងារ។
បើទោះជាយ៉ាងនេះក្ដី ម្ចាស់អាជីវកម្មឬម្ចាស់ក្រុមហ៊ុនត្រូវដឹងថា ការងារអាចសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យលើបុគ្គលិកដែលជ្រើសរើសមកនោះគឺសុទ្ធតែមានចំណង់ចំណូលចិត្ត និងលក្ខណៈសម្បត្តិស្របតាមសភាពអាជីវកម្មផងដែរ។ បន្ថែមពីលើនោះទៀត ការបង្កើតឲ្យមានវប្បធម៌ធ្វើការងារជាក្រុម ការបញ្ចេញមតិ ការចែករំលែកនឹងជួយគ្នាទៅវិញទៅមក ការបង្កើតទំនាក់ទំនងល្អ រួមទាំងការប្រឹក្សាយោបល់រាល់ពេលពួកគាត់ជួបបញ្ហាទាំងរឿងការងារ និងរឿងផ្ទាល់ខ្លួន។ ទាំងនេះគឺជាការចែករំលែកដោយផ្អែកលើបទពិសោធន៍ និងជំនាញជាច្រើនឆ្នាំនូវវិធីសាស្រ្តក្នុងការគ្រប់គ្រង នឹងការរក្សារបុគ្គលិកក្នុងស្ថាប័នប្រកបដោយប្រសិទ្ធភាព របស់លោក វ៉ន សុខេមរិន្ទ ស្ថាបនិកនិងនាយកគ្រប់គ្រងក្រុមហ៊ុន HIRE RIGHT LIMITED៕