​សេចក្ដី​ព្រាង​ច្បាប់​ថវិកាឆ្នាំ​២០១៩៖ រាជរដ្ឋាភិបាល​​​ត្រៀម​ ​១០០លាន​ដុល្លារ​សម្រាប់​​បង្កើត SME Bank​



ទឹក​ប្រាក់​ចំនួន​ ៤០៥,០០០​លាន​រៀល​ឬ​សមមូល​នឹង​ទឹក​ប្រាក់​ ១០០​លាន​ដុល្លារអាមេរិក នឹង​ត្រូវ​បាន​គ្រោង​យក​មក​ប្រើ​ប្រាស់​សម្រាប់​ផ្ដល់​ទុក​ដល់​ការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs Bank) របស់​រដ្ឋ។ នេះ​ដោយ​យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩ ដែល​ចុះ​ផ្សាយ​ដោយ​ហ្វេស​ប៊ុក​ផេក​របស់​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាល​ពី​ពេល​ថ្មីៗ​នេះ។ តាម​រយៈ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩ ចំណូល​ក្នុង​ប្រទេស​ថវិកា​រដ្ឋ ឬ​ថវិកា​ជាតិ​ ត្រូវ​បាន​គ្រោង​ចំនួន​ ២១ ១៨៦ ២២៨ លាន​រៀល ស្មើរ​នឹង ១៩,២៨%​នៃ ផសស និង​មាន​កំណើន​១៤,០%​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨ ចំណែក​ឯ​ចំណាយ​សរុប​ថវិកា​រដ្ឋ ឬ​ថវិកា​ជាតិ​ត្រូវ​បាន​គ្រោង​ចំនួន​ ២៧ ១៦៤ ៩៩៦ លាន​រៀល​ស្មើរ​នឹង​ ២៤,៧២%​នៃ​ ផសស នឹង​មាន​កំណើន​១១,៤% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨។ ជា​លទ្ធផល អតិរេកថវិកាចរន្ត អាច​រក្សា​បាន​ក្នុង​កម្រិត​ប្រមាណ​២,៨១% នៃ​ផសស នៅ​ឆ្នាំ​២០១៩ និង​មាន​ឱនភាព​ថវិកា​សរុប​ ស្មើរ​នឹង​ -៥,៤៤%​នៃ​ ផសស ស្រប​តាម​គោល​នយោបាយ​ពង្រឹង​ការ​គ្រប់គ្រង​ថវិកា (Fiscal Consolidation) ។ ឱនភាព​នេះ​ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស​ក្នុង​ទំហំ​ ៤,៨៤%​នៃ ផសស, មូល​និធិ​ទ្រទ្រង់​ថវិកា​ប្រមាណ​ ០,២៣%​នៃ​ ផសស និង​ប្រាក់​បញ្ញើ​រាជរដ្ឋាភិបាល​ក្នុង​ទំហំ ០,៣៧%​នៃ ផសស ស្មើរ​នឹង​ ៤០៥ ០០០​លាន​រៀល ឬ​សមមូល​នឹង​ ១០០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​គ្រោង​យក​មក​ប្រើប្រាស់​សម្រាប់​ផ្ដល់​ទុន​ដល់​ការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs Bank) របស់​រដ្ឋ។   ដូច្នេះ​ បើ​មិន​គិត​អំពី​តម្រូវ​ការ​ទុន​សម្រាប់​បង្កើត​ធនាគារ​ធុន​តូច​ និង​មធ្យម គឺ​ថវិកាឆ្នាំ​២០១៩ មាន​តុល្យភាព ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​បញ្ញើ ឬ​ហៅ​ថា ប្រាក់​សន្សំ របស់​រាជរដ្ឋាភិបាល​នោះ​ទេ៕  
X
5s