មាន​រឿង​មួយ​ដែល​ ​Jack Ma ធ្លាប់​ស្អប់ Bill Gates កាល​នៅ​ពី​ក្មេង​​



អ្នក​ណា​ខ្លះ​ដែល​មិន​ទទួល​​ស្គាល់​ថា លោក Bill Gates គឺ​ជា​អ្នក​មាន​ជាង​គេ​បំផុត​មួយ​រូប​នៅ​លើ​សាកលលោក និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ផ្តល់​ជា​គំរូ​សម្រាប់​​សហគ្រិន​ជា​ច្រើន​នោះ។ ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ ក៏​​ធ្លាប់​ត្រូវ​បាន​ស្អប់​ខ្ពើម​ដោយ​​លោក Jack Ma កាល​នៅ​ជា​អតីត​គ្រូបង្រៀន​អង់គ្លេស​ម្នាក់​។ តើ​​ហេតុ​អ្វី​បាន​លោក Jack Ma ធ្លាប់​​ស្អប់​លោក Bill Gates?

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ភាព​ច្នៃប្រឌិត​នៅ​ទីក្រុង​ Tel Aviv ប្រទេស​អ៊ីស្រាអែល​​​កាល ពី​ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ លោក Jack Ma បាន​សារភាព​ដូច្នេះ​ថា៖« កាល​ពី​ខ្ញុំ​នៅ​ក្មេង​ខ្ញុំ​ស្អប់​ Bill Gates ខ្លាំង​ណាស់ ព្រោះ​​ខ្ញុំ​គិត​ថា ម្នាក់​នេះ​​បាន​ដណ្តើម​យក​ការងារ​​សព្វ​បែប​យ៉ាង​ទាំងអស់​។ ក្រុមហ៊ុន IBM ក្រុមហ៊ុន Oracle បាន​ក្តោប​យក​ឱកាស​​ពី​ខ្ញុំ​អស់​ទៅ​ហើយ»។ ​

លោក​បាន​បន្ត​ថា នៅ​ពេល​លោក​បើក​ក្រុមហ៊ុន Alibaba ដំបូង​នៅ​​ក្នុង​ឆ្នាំ ១៩៩៩ លោក​ជឿ​ថា ​ក្រុមហ៊ុន​របស់​លោក​​បាន​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​​ចូល​ប្រឡូក​​​​​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ ព្រោះ​បើ​ធៀប​​ក្រុមហ៊ុន​​ផ្សេងៗ​គេ​មាន​​អ្វីៗ​រួច​អស់​​ទៅ​ហើយ​។ ប៉ុន្តែ​ក្រោយ​មក​ សេដ្ឋី​រូប​នេះ​ក៏​បាន​​ដឹង​ថា នោះ​មិនមែន​​​ដោយសារ​ក្រុមហ៊ុន​​ Bill Gates ឬ​ក្រុមហ៊ុន​​អ្នក​ណា​ផ្សេង​​​ខ្លាំង​ជាង​​ក្រុមហ៊ុន​លោក​​នោះ​ទេ។

លោក​ថា ​ខ្លួន​លោក​ផ្ទាល់​ទេ​ដែល​​ជា​អ្នក​ឃុំឃាំង​ខ្លួន​ឯង​មិន​​ឲ្យ​ចេះ​​ឆក់​​យក​ឱកាស​ដោយ​ចេះ​តែ​យក​លេស​ទម្លាក់​កំហុស​​នេះ​ទម្លាក់​កំហុស​នោះ​។ លោក​​​​យល់​ឃើញ​បែប​នេះ​ថា៖« មនុស្ស​ភាគច្រើន​ចូលចិត្ត​ត្អូញត្អែរ​​ពី​បញ្ហា​​នេះ​បញ្ហា​នោះ ទម្លាក់​កំហុស​ទៅ​អ្នក​នេះ​អ្នក​នោះ​មិន​ចេះ​ចប់​។ ប៉ុន្តែ​បើ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន នោះ​ហើយ​គឺ​ជា​ឱកាស»

សម្រាប់​លោក លោក​បាន​រៀនសូត្រ​ថា ក្រុមហ៊ុន​របស់​លោក​គួរតែ​​រៀនសូត្រ អភិវឌ្ឍ និង​ចេះ​​ច្នៃប្រឌិត​អ្វី​ម្យ៉ាង​ឲ្យ​កាន់តែ​ទំនើប​ជាង​មុន​ មិនមែន​នៅតែ​មួយ​កន្លែង​​នោះ​ឡើយ។ លោក Jack បាន​បន្ត​ថា៖« យើង​ត្រូវ​តែ​មាន​​​គំនិត​​ច្នៃប្រឌិត​​ និង​ការ​បង្កើត​ថ្មីៗ​ជា​ប្រចាំ​​។ យើង​បង្កើត​បច្ចេកវិទ្យា​មួយ​ដែល​មាន​​លក្ខណៈ​ងាយស្រួល​ជាង​មុន។ ការ​បង្កើត​ថ្មី​​ចេះ​តែ​មាន​ឡើង​មិនមែន​ដោយសារតែ​មនុស្ស​ចង់​ធ្វើ​​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ការ​ផ្លាស់ប្ដូរ​​របស់​ពិភពលោក​​បាន​​បង្ខំ​ឲ្យ​យើង​ធ្វើ​បែប​នេះ»។ ហេតុ​នេះ​ហើយ​បាន​ជា​មហាសេដ្ឋី​រូប​នេះ​អះអាង​ថា Alibaba មាន​​​វត្តមាន​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ដោះស្រាយ​បញ្ហា​ជា​ច្រើន​របស់​អតិថិជន​នៅ​ក្នុង​វិស័យ​អនឡាញ។ Alibaba ​មិន​អាច​​ដក​ដង្ហើម​បាន​ទេ​បើ​គ្មាន​គំនិត​ថ្មី ឈាម​ថ្មី​សម្រាប់​ប្រកួតប្រជែង​ជា​មួយ​ក្រុមហ៊ុន​យក្ស​នៅ​លើ​​ទីផ្សារ​សាកលលោក៕

សូម​អាន​អត្ថបទ៖ Jack Ma៖ មិន​ថា​ចាស់​ឬ​ក្មេង​ ត្រូវ​សួរ​ខ្លួន​ឯង​ ៣​ សំណួរ​នេះ ពេល​បើក​ក្រុមហ៊ុន

ប្រភព៖ cnbc

X
5s