ហានិភ័យ​សំខាន់ៗ ​៣​សម្រាប់​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​ និង​វិនិយោគិន​ គួរ​ស្វែង​យល់​



ការ​វិនិយោគ​ទៅ​លើ​មូលបត្រ​ ពិត​ជា​មាន​ហានិភ័យ​​ ​ ហើយ​វា​រឹត​​តែ​មាន​ហានិភ័យ​ខ្ពស់​ប្រសិន​បើ​យើង​មិន​យល់​ពី​ប្រភេទ​ហានិភ័យ​ដែល​ត្រូវ​ប្រឈម។ ​ពិត​ណាស់​ថា​ បើ​ហានិភ័យ​ណា​មួយ​កើត​ឡើង ​ស្ថាន​ភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​ក្រុមហ៊ុន​ អាច​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង ដូច្នេះ​នៅ​ក្នុង​ការ​វិនិយោគ​ទៅ​លើ​មូលបត្រ​ វិនិយោគិន​អាច​នឹង​ជួប​ប្រទះ​ហានិភ័យ​​មួួ​យ​ចំនួន​ជៀស​ពុំរួច​គ្រាន់​តែ​ថា​ មាន​ទំហំតូច​ ឬ​ធំ​ប៉ុណ្ណោះ។

តើ​ហានិភ័យ​ទាំង​នោះ​ មាន​កម្រិត​ ឬទំហំ​ប៉ុណ្ណាដែរ? ហើយ​ថា​​តើ​យើង​គួរ​មាន​វិធាន​ការ​បែប​ណា​ខ្លះ ​ដើម្បី​ទប់​ស្កាត់​ និង​ដោះ​ស្រាយវា?  ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​ទាក់​ទង​នឹង​ហានិភ័យ​នៅ​ក្នុងការ​វិនិយោគ​​មូលបត្រ​របស់​លោក ហោ សីុម៉េត នាយក​ប្រតិបត្តិ​ការ និងហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុនអេស៊ីលីដា សីុឃ្យូរីធី ភីអិលស៊ី។

ហានិភ័យ​អត្រា​ប្ដូរ​ប្រាក់​៖ ​កត្តា​នេះ​​កើត​ឡើង​ដោយ​សារ​​មាន​​ការ​ប្រែប្រួល​នៃ​អត្រា​ប្ដូរ​ប្រាក់​រវាង​រូបិយប័ណ្ណ​​មួយ​ជា​មួយ​នឹង​រូបិយប័ណ្ណ​មួយ​ទៀត។ លោក​ ស៊ីណេត បាន​លើក​ឡើង​ថា​ ភាគហ៊ុន​នៅ​ស្រុក​ខ្មែរ​​ ​គេ​ជួញ​ដូរ​ជា​​ប្រាក់​​រៀល ​ប៉ុន្តែ​ហេតុ​អ្វី​យើង​ជួប​ប្រទះ​នឹង​ហានិភ័យ​នៃ​អត្រា​ប្ដូរ​ប្រាក់​ ​ក៏​ព្រោះ​តែ​ប្រជាជន​ខ្មែរ​​​ភាគ​ច្រើន​​ ​សន្សំ​ទុក​លុយ​ដុល្លារ​ច្រើន​ជាង​លុយ​ខ្មែរ​ ដូច្នេះ​បើ​ចង់​ទិញ​ភាគហ៊ុន​ ​ក៏​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្តូរ​ជា​លុយ​រៀល​ ដូច្នេះ​យើង​នឹង​ត្រូវ​ខាត​មួយ​ចំណែក​​នៅ​ពេល​ដែល​យើង​ដូរ​លុយ ហើយ​នៅ​ពេល​ដែល​យើង​លក់​វិញ ​​ យើង​បាន​មក​ជា​លុយ​រៀល ​បើ​ចង់​ទុក​ជា​លុយ​ដុល្លារ​ គឺ​ត្រូវ​ប្ដូរ​ម្ដង​ទៀត។ ប្រសិន​បើ​​ប្រាក់​នោះ ​តិចតួច​​ មិន​អី​នោះ​ទេ តែ​បើ​​មាន​ទំហំ​ច្រើន​ ​នោះ​យើង​នឹង​ខាត​ច្រើន។ ដោយ​ឡែក ​សម្រាប់​អ្នក​វិនិយោគ​បរទេស​វិញ ​គឺ​ពិត​ជា​ត្រូវ​ប្រឈម​ខ្លាំង​ ព្រោះ​ពួកគាត់​ជា​ជន​បរទេស​ហើយ​នៅ​ពេល​ដែល​គាត់​មក​ស្រុក​ខ្មែរ​ ​គាត់​យក​លុយ​ដុល្លា​រ​មក ឬ​អាច​យក​រូបិយប័ណ្ណ​ផ្សេង ដូច្នេះ​គាត់​ត្រូវ​ខាត​នៅ​ពេល​ដែល​គាត់​ដូរ​លុយរៀល ប្រសិន​បើ​ទីផ្សារ​មាន​ករ​ប្រែប្រួល​ខ្លាំង។ ថ្វី​ត្បិត​តែ​វិនិយោគិន​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​អត្រា​ប្តូរ​ប្រាក់​​ក៏​ពិត​មែន​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​​អត្រា​ប្ដូរ​ប្រាក់​រវាង​ប្រាក់​រៀល​ និង​ដុល្លារ​​ នៅ​មាន​ស្ថេរភាព​ល្អ​​នៅ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។  

ហានិភ័យ​សន្ទនីយ​ភាព​សាច់​ប្រាក់៖ ដោយ​សារ​តែ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​យើង​នៅ​តូច​នៅ​ឡើយ ​ហើយ​ការ​ជួញ​ដូរ​គឺ​នៅ​តិច​ ដូច្នេះ​នៅ​ពេល​ដែល​យើង​លក់​វិញ​គឺ​អាច​នឹង​លក់​មិន​ដាច់​ ម្យ៉ាង​វិញ​ទៀត​ការ​ដាក់​កំហិត​លើ​លទ្ធភាព​របស់​វិនិយោគិន​ក្នុង​ការ​ជួញ​ដូរ​មូលបត្រ​នៅ​ថ្លៃ ឬ​ក៏​នៅ​ពេលវេលា​ដែល​ចង់​បាន​ ដោយ​សារ​ការ​កំណត់​ការ​ប្រែប្រួល​ថ្លៃ​ប្រចាំ​ថ្ងៃ។  

ហានិភ័យ​ពាក់ព័ន្ធ​នឹង​បទ​បញ្ញត្តិ​នានា៖ ​​លទ្ធភាព​នៃ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដី​ពីពន្ធ​លើ​ចំណូល​មូល​ធន ដោយ​បច្ចុប្បន្ន​មិន​ទាន់​មាន​ច្បាប់​ដែល​ដាក់​ពន្ធ​លើចំណូល​មូលធន​នៅ​ឡើយ​ទេ ប៉ុន្តែ​​អាច​នឹង​មាន​នៅ​ពេល​អនាគត។ មួយ​ទៀត​ ទាក់​ទង​នឹង​ពន្ធ​កាត់​ទុក​លើ​ចំណូល​ភាគលាភ​របស់​ភាគហ៊ុនិក​អភិវាសជន ​ដែល​​សំដៅ​លើ​ជន​បរទេស ដែល​ពួក​គេ​អាច​នឹង​​ខាត​បង់​ទៅ​លើ​ការ​បង់​ពន្ធ​ ៧%​ក្នុង​ការ​លើក​ទឹក​ចិត្ត ​៥០%៕  

 អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s