សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមានការបារម្ភចំពោះពិភពលោក ចុះកម្ពុជាយ៉ាងណាដែរ?
អស់រយះពេលជាង ១០០ថ្ងៃហើយ តាំងពីពេលដែលអាមេរិចប្រកាសសង្គ្រាមពាណិជ្ជកម្មក្នុងរូបភាពជាការតម្លើងពន្ធទៅលើផលិតផលនាំចូលពីប្រទេសចិន។ សង្គ្រាមនេះនៅតែជាបញ្ហាដ៏ក្តៅគគុកមួយ ដែលមិនត្រឹមតែធ្វើឱ្យអាមេរិក និងចិនផ្ទាល់នៅមិនសុខនោះទេ ប៉ុន្តែសូម្បីតែប្រទេសផ្សេងៗក៏ត្រូវសិក្សាលើបញ្ហាមួយនេះដែរ ព្រោះតិចរឺច្រើន សង្គ្រាមពាណិជ្ជកម្មសត្សវត្សទី២១មួយនេះ នឹងអាចជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចពិភពលោក តំបន់ និងប្រទេសរបស់ពួកគេ ជាពិសេសរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទី១ និងទី២ ក្នុងពិភពលោកទៀត។
ក្នុងនេះ ប្រទេសកម្ពុជាថ្វីត្បិតតែជាប្រទេសមានសេដ្ឋកិច្ចតូចមែនពិត ប៉ុន្តែយើងក៏ត្រូវតែយល់ដឹងពីបញ្ហាមួយនេះដែរ ដើម្បីត្រៀមរៀបយុទ្ធសាស្ត្រសេដ្ឋកិច្ចបែបណាក្នុងការជៀសវាងពីផលអវិជ្ជមាន និងព្យាយាមទាញយកផលវិជ្ជមានតាមដែលអាចធ្វើទៅបាន។ តួយ៉ាងនៅកាលពីកំឡុងខែមិថុនា ពោលគឺកាលពីពេលដែលសង្គ្រាមសេដ្ឋកិច្ចអាមេរិក និងចិនទើបតែចាប់ផ្តើមដំបូង សម្តេចហ៊ុន សែន ក៏បានបញ្ជាឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ពីបញ្ហាមួយនេះដែរ។
យោងតាមការចុះផ្សាយពីសារពត៌មាន The Diplomat បានបង្ហាញថា អាមេរិកមិនត្រឹមតែកំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មដំឡើងពន្ធជាមួយនឹងប្រទេសចិននោះទេ ប៉ុន្តែអាមេរិកក៏គម្រាមចង់ធ្វើសង្គ្រាមជាមួយប្រទេសផ្សេងៗទៀតដែលសេដ្ឋកិច្ចរបស់ខ្លួនមានឱនភាពពាណិជ្ជកម្មជាមួយផងដែរ ដោយក្នុងនោះមានដូចជាកាណាដា ម៉ិចស៊ីកូ និងសហភាពអឺរ៉ុបជាដើម។
លើសពីនេះទៅទៀត ប្រភពដដែលនោះក៏បានលើកឡើងពីលទ្ធភាពដែលអាមេរិចអាចនឹងធ្វើបែបនេះចំពោះប្រទេសក្នុងតំបន់អាស៊ានដូចជាវៀតណាម ម៉ាឡេស៊ី និងថៃ បន្ថែមទៀតផង ព្រោះឱនភាពសេដ្ឋកិច្ចរបស់អាមេរិកជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន (ជាពិសេសប្រទេសដែលមានឈ្មោះទាំង ៣) គឺឈានទៅដល់ ៩១.៨ពាន់លានដុល្លារឯណោះនៅក្នុងឆ្នាំ២០១៧។ ប្រសិនបើមានអ្វីអាចកើតឡើងមែននោះទេ នោះកម្ពុជាដែលស្ថិតនៅក្នុងសេដ្ឋកិច្ចអាស៊ានផងនោះ អាចនឹងប៉ះពាល់មិនថាគ្រាន់តែត្រង់ទំហំតិច ឬច្រើនប៉ុណ្ណោះ។
ឱនភាពជញ្ជីងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសមាជិកអាស៊ាននៅក្នុងឆ្នាំ២០១៧[/caption] ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការលើកឡើងពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) វិញនោះ គេបានវាយតម្លៃថា ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចជាឱកាសល្អសម្រាប់កម្ពុជានៅក្នុងការបង្កើនការលក់ផលិតផលក្នុងស្រុករបស់ខ្លួនទៅវិញ ដោយយោងទៅលើហេតុផលថា នៅក្នុងសង្គ្រាមនេះ អាមេរិក បានកាត់បន្ថយពន្ធនៅលើក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនវិញ ដូច្នេះក្រុមហ៊ុនក្នុងស្រុកអាចមានសល់ទុនច្រើននៅក្នុងការចរាចរណ៍សម្រាប់ទិញផលិតផលចូល ដូច្នេះហើយផលិតផលពីកម្ពុជាអាចនឹងត្រូវបានគេទិញច្រើនជាងមុន ជាពិសេសគឺផលិតផលសំលៀកបំពាក់។
ប៉ុន្តែសម្រាប់ការលើកឡើងពីលោក Stephen Groff អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ABD) វិញ បាននិយាយថា ក្នុងអំឡុងពេលនេះ វាអាចនឹងលឿនពេកនៅក្នុងការវាយតម្លៃទៅលើឥទ្ធិពលរបស់សង្គ្រាមពាណិជ្ជកម្មនេះឱ្យបានត្រឹមត្រូវនៅឡើយទេ ព្រោះថាវាអាចនឹងមានការផ្លាស់ប្តូរណាមួយដែលអាចកើតឡើងគ្រប់ពេលវេលា ដូច្នេះចង់ច្បាស់ ត្រូវតែផ្តោតអារម្មណ៍ ហើយចាំមើល និងសិក្សាទាំងអស់គ្នាថាតើដំណើរអភិវឌ្ឍន៍នៃសង្គ្រាមពាណិជ្ជកម្មនេះនឹងផ្លាស់ប្តូរទៅជាយ៉ាងណា៕
ដោយ៖ វត្តី សុត្ថា