ធនាគារអឺរ៉ុប BRED Bank វិនិយោគនៅកម្ពុជាដោយសំឡឹងឃើញចន្លោះខ្វះខាតលើសេវាកម្មស្ដង់ដារអន្តរជាតិ
BRED Bank Cambodia ដែលជាបុត្រសម្ព័ន្ធមួយរបស់ ធនាគារ BRED Banque Populaireដែលមានការិយាល័យកណ្ដាល នៅទីក្រុងប៉ារីស ប្រទេសបារាំង បានចាប់ផ្ដើមចូលមកវិនិយោគ នៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០១៧។ បើគិតមកដល់ពេលបច្ចុប្បន្ន BRED Bank Cambodia មានសាខាចំនួន៣ គឺនៅការិយាល័យកណ្ដាលផ្លូវនរោត្តម សាខាទី១ នៅខណ្ឌទួលគោក និងសាខាមួយទៀតនៅខេត្តសៀមរាបដែលត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍រវាង Bizkhmer និង លោក មិន សុផា នាយកប្រតិបត្តិរងនៃធនាគារ BRED Bank Cambodia៖
BizKhmer៖ ហេតុអ្វីបានជាធនាគារ BRED Bank សម្រេចមកវិនិយោគនៅកម្ពុជា នៅក្នុងខែមីនា ឆ្នាំ២០១៧?
លោក មិន សុផា៖ ចំពោះគោលដៅរបស់ BRED Bank ក្នុងការមកវិនិយោគនៅកម្ពុជា មិនមែនត្រឹមតែនៅក្នុងខែមីនា ឆ្នាំ២០១៧ នោះទេ គឺចាប់ផ្ដើមសិក្សាតាំងពី ២ទៅ៣ឆ្នាំមុន ដូចជាការសិក្សាទៅលើសក្ដានុពលទីផ្សារ សិក្សាទៅលើតម្រូវការ ភាពខ្វះចន្លោះចំពោះទីផ្សារធនាគារនៅស្រុកខ្មែរ ហើយបើយើងមើលពីសក្ដានុពលទីផ្សារ មើលទៅលើធនាគារ មានច្រើន ប៉ុន្តែចំពោះធនាគារដែលមានលក្ខណៈស្ដង់ដារអន្តរជាតិ នៅមានចន្លោះខ្វះខាត។ ដូច្នេះ ធនាគារយើងនៅមើលឃើញពីសក្ដានុពលទីផ្សារដែលអាចឲ្យយើងវិនិយោគនៅប្រទេសកម្ពុជាបាន។
BizKhmer៖ សម្រាប់ក្របខ័ណ្ឌទីផ្សារក្រៅប្រទេសនៃការវិនិយោគរបស់ BRED Bank តើកម្ពុជាជាប្រទេសទីប៉ុន្មានដែរ?
លោក មិន សុផា៖កាលពី៦ឆ្នាំមុន ធនាគារបានចាប់ផ្ដើមនៅប្រទេសឡាវ ក្រោយមកនៅប្រទេសកម្ពុជា ហើយយើងក៏មាននៅប្រទេសថៃក្រោមរូបភាពជាមូលដ្ឋាននៃក្រុមបច្ចេកវិទ្យា(IT) របស់ BRED Bank។ BRED Bank ក៏មានការិយាល័យតំណាងនៅភូមា ដែលបច្ចុប្បន្ន យើងកំពុងតែធ្វើការសិក្សាដើម្បីទទួលបានសិទ្ធិពេញលេញនៅទីនោះ។ ទន្ទឹមនឹងនោះ BRED Bank ក៏មានវត្តមាន នៅតំបន់ប៉ាស៊ីហ្វិក និងប្រទេសនៅទ្វីបអាហ្រ្វិកមួយចំនួនទៀតផងដែរ។
BizKhmer៖ តើលោកអាចជម្រាបពីទិដ្ឋភាពរួមបានទេពីការប្រកួតប្រជែង ថាតើវាមានទំហំប៉ុណ្ណា ចំពោះក្របខណ្ឌធនាគារពាណិជ្ជក្នុងស្រុក និងប្រភេទដែលផ្ដល់សេវាកម្មលក្ខណៈស្ដង់ដាអន្តរជាតិ?
លោក មិន សុផា៖បើនិយាយពីចំនួនធនាគារសព្វថ្ងៃ គឺមានប្រមាណជាជាង ៥០ គិតរាប់ទាំងធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ដូច្នេះការប្រកួតប្រជែង មានលក្ខណៈតានតឹង ហើយការប្រកួតប្រជែងដែលមានលក្ខណៈស្ដង់ដារនិងគួរឲ្យទុកចិត្ត គឺនៅមានចន្លោះខ្វះខាតនៅឡើយ។ធនាគារ BRED Bank Cambodia ត្រូវបានបង្កើតឡើង ដោយឈរលើគោលការណ៍សំខាន់ៗ ៤ ចំណុច។ ទី១ ធនាគារគឺជាដៃគូរបស់អតិថិជន។ ធនាគារយើងមិនមែនគ្រាន់តែឲ្យប្រាក់អតិថិជនខ្ចី ឬក៏ទទួលប្រាក់បញ្ញើពីអតិថិជន ហើយគឺចប់នោះទេ។ យើងធ្វើការសហការគ្នារវាងនាយកធនាគារប្រធានសាខា ប្រធានទំនាក់ទំនងនានាដែលមានសមត្ថភាព និងបទពិសោធន៍ដើម្បីធ្វើការជាមួយអតិថិជន និងដើម្បីឲ្យយល់ពីតម្រូវការរបស់អតិថិជន។ ទី២ កត្តាតម្លៃ Fair Price។ អត្រាការប្រាក់ និងតំលៃផ្សេងៗរបស់ធនាគារយើងគឺមានតម្លាភាព។ ទី ៣ ធនាគារបើកធ្វើការ ពីម៉ោង ៨ព្រឹកដល់ម៉ោង ៨យប់ ដែលទន្ទឹមនោះ ធនាគារភាគច្រើនគឺបើកធ្វើការតែពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀលប៉ុណ្ណោះ។ ទី៤ សេវាកម្មជាកញ្ចប់និងមានលក្ខណៈទូលំទូលាយ ហើយផលិតផលក៏មានគ្រប់ប្រភេទដែរ។
BizKhmer៖ ការវិនិយោគនៅកម្ពុជា ជារបស់ BRED Bank ទាំងស្រុង ឬក៏មានភាគហ៊ុននិកផ្សេងទៀតចូលរួម? ធនាគារ BRED Bank ត្រៀមមូលធនសរុបប៉ុន្មានដែរសម្រាប់ការវិនិយោគនៅកម្ពុជា?
លោក មិន សុផា៖ចំពោះដើមទុនវិនិយោគ គឺជារបស់ BRED Bank ទាំងស្រុង ។ បើតាមច្បាប់ធនាគារជាតិនៅកម្ពុជា ធនាគារត្រូវការមូលធនចំនួន ៧៥លានដុល្លារអាមេរិក សម្រាប់ធ្វើជាដើមទុន។ ដំបូងឡើយធនាគារចាប់ផ្ដើមជាមួយដើមទុនត្រឹមតែ ៥០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែដើម្បីឲ្យត្រូវទៅតាមល័ក្ខខណ្ឌធនាគារជាតិ យើងក៏បានវិនិយោគដើមទុន ៧៥លានដុល្លារ ដើមទុនរបស់យើងមិនមែនមានត្រឹមតែប៉ុណ្ណឹងនោះទេ យើងមានច្រើនជាងនេះទៅទៀត ពីព្រោះថាពួកយើងមកនេះក្រោមរូភាពជាបុត្រសម្ព័ន្ធរបស់ធនាគារ BRED នៅទីក្រុងប៉ារីស ប្រទេសបារាំង។
BizKhmer៖ ចំពោះគម្រោងនាថ្ងៃអនាគតតើ BRED Bank Cambodia នឹងពង្រីកសាខារបស់ខ្លួនដល់ ២៥ខេត្ត ក្រុង ឬយ៉ាងណា?
លោក មិន សុផា៖សម្រាប់ទស្សនៈវិស័យរយៈពេលខ្លី នៅក្នុងគម្រោងដែលយើងបានអនុវត្តន៍ គឺអាចខ្ទង់ពី ១៥ទៅ២០សាខា នៅក្នុង២ទៅ៣ឆ្នាំខាងមុខ។
BizKhmer៖ តើ BRED Bank Cambodia មានកំណត់វិស័យណាមួយជា វិស័យគោលដៅសម្រាប់ការផ្ដល់សេវាកម្មរបស់ខ្លួនឬទេ?
លោក មិន សុផា៖បើនិយាយរឿងផ្ដោតទៅលើវិស័យណាមួយនោះ គឺយើងផ្ដោតទៅលើវិស័យណាដែលគាំទ្រទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេស ហើយក្នុងនោះគឺយើងផ្ដោតទៅលើវិស័យកសិកម្ម ការនាំចេញស្រូវអង្ករ វិស័យទេសចរណ៍ ផលិតកម្មក្នុងស្រុក វិស័យកាត់ដេរ និងវិស័យផលិតកម្មផ្សេងៗជាដើម។ ប៉ុន្តែ យើងមិនមែនផ្ដោតតែទៅលើវិស័យទាំងនោះទាំងស្រុងទេ គឺសំខាន់ឲ្យតែវិស័យនោះមានសក្ដានុពល។
BizKhmer៖ តើលោកអាចប្រាប់ពីទំហំឥណទានសរុបរបស់ធនាគារ BRED Bank Cambodia បានដែរឬទេ?៖
លោក មិន សុផា៖ តាមពិតទៅ ទំហំសាច់ប្រាក់ទាំងអស់នោះ វាស្ថិតនៅក្នុងផែនការ។ បើ គិតចាប់ពីខែកញ្ញា មក គឺមានទំហំប្រហែល ១០០លានដុល្លារ ហើយអាចនឹងកើនឡើងដល់ ១៥០លាន នៅបំណាច់ឆ្នាំនេះ៕