កត្ដាអ្វីខ្លះធ្វើឲ្យ តម្លៃភាគហ៊ុន មានការប្រែប្រួល?
ជាទូទៅ ថ្លៃភាគហ៊ុនប្រែប្រួលជារៀងរាល់ថ្ងៃ។ ការប្រែប្រួលនេះ អាចនិយាយបានយ៉ាងសាមញ្ញថា ដោយសារកម្លាំងពីរគឺ កម្លាំងនៃការផ្គត់ផ្គង់ (Demand) និងតម្រូវការ (Supplied)នៅលើទីផ្សារ។
កម្លាំងនៃការផ្គត់ផ្គង់(Supply) ប្រសិនបើមានការផ្គត់ផ្គង់ (ការលក់) ច្រើនជាងតម្រូវការ (ការទិញ) នោះថ្លៃមានទំនោរធ្លាក់ចុះ។ បានន័យថា ប្រសិនបើមានក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនច្រើននៅក្នុងផ្សារមូលបត្រប៉ុន្ដែអ្នកទិញភាគហ៊ុនតិច នឹងធ្វើឱ្យតម្លៃនៃភាគហ៊ុនធ្លាក់ចុះ។ កម្លាំងនៃតម្រូវការ(Demand) ផ្ទុយពីចំណុចខាងលើ ប្រសិនបើមានអ្នកត្រូវការ(អ្នកទិញ) ច្រើនជាងអ្នកផ្គត់ផ្គង់(អ្នកលក់) នោះថ្លៃនឹងមានទំនោរកើនឡើងវិញ។ ប៉ុន្កែក៌នូវមានកត្ដាដែលសំខាន់ៗដែលពាក់ព័ន្ធនឹងការឡើងចុះរបស់ភាគហ៊ុនដែលបណ្ដាលឱ្យមានការលក់-ដូរ ភាគហ៊ុនពីសំណាក់វិយោគិន។ នៅពេលមនុស្សម្នាក់ទិញភាគហ៊ុនមួយ មានន័យថាគាត់សង្ឃឹមនិងជឿជាក់ថា ភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់នាពេលអនាគតច្រើនជាងបច្ចុប្បន្ន។ ផ្ទុយមកវិញ នៅពេលមនុស្សម្នាក់លក់ភាគហ៊ុនមួយចេញ មានន័យថាគាត់មិនសង្ឃឹមថា នៅពេលអនាគតភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់ច្រើនជាងពេលបច្ចុប្បន្នឡើយ។ ដូច្នេះហើយ បានជាពេលខ្លះគេនិយាយថា ផ្សារហ៊ុនជាវេទិកាតស៊ូមតិលើថ្លៃភាគហ៊ុន ឬតម្លៃរបស់
ក្រុមហ៊ុនចុះបញ្ជី។ ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមពន្យល់មូលហេតុដែលនៅពីក្រោយការសម្រេចចិត្តរបស់វិនិយោគិន ដោយចែកជាពីរកត្តាធំៗគឺ “កត្តាវិទ្យាសាស្ត្រ” និង “កត្តាចិត្តសាស្ត្រ”។ កត្តាវិទ្យាសាស្ត្រ កត្តាវិទ្យាសាស្ត្រគឺសំដៅទៅលើការសម្រេចចិត្តទិញឬលក់ភាគហ៊ុន តាមរយៈការវិភាគល្អិតល្អន់ជាលក្ខណៈវិទ្យាសាស្ត្រ ទៅលើលទ្ធភាពចំណេញនិងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ វិនិយោគិនពិចារណាលើព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ទាំងព័ត៌មានពីអតីតកាលនិងបច្ចុប្បន្នកាល រួចធ្វើការវាយតម្លៃអំពីភាពរឹងម៉ាំរបស់ក្រុមហ៊ុន(ទាំងផ្នែកហិរញ្ញវត្ថុនិងអាជីវកម្ម) ហើយប៉ាន់ស្មាន (educated guess) អំពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលអនាគត។ ថ្វីត្បិតតែវិនិយោគិនអាចទទួលបានព័ត៌មានដូចៗគ្នាស្តីពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់ពួកគាត់អំពីកម្រិតនៃហានិភ័យនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន មានភាពខុសៗគ្នាជាទូទៅ។ ការយល់ឃើញខុសគ្នានេះហើយដែលធ្វើឱ្យវិនិយោគិនខ្លះដាក់ទិញ ខ្លះដាក់លក់ ហើយដាក់នៅថ្លៃខុសៗគ្នា។
កត្តាចិត្តសាស្រ្ត កត្តាចិត្តសាស្ត្រ គឺសំដៅដល់ការសម្រេចចិត្តទិញ/លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណា(ឬភ្លេចពិចារណា)ល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ(Fear) ហើយនឹងភាពលោភលន់(Greed)។ ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោរត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ (Fear)។ ការដណ្តើមគ្នាលក់ចេញនេះ អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ផ្ទុយមកវិញ ព័ត៌មានល្អៗពីក្រុមហ៊ុនមួយឬពីទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ (Greed)។ ការដណ្តើមគ្នាលក់/ទិញ បូករួមនឹងចលនាកេងរកប្រាក់ចំណេញនៅលើទីផ្សារ(speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា(intrinsic value)។
ដោយ៖ គឺម ច័ន្ទលាភ ប្រភព៖ ទីផ្សារមូលបត្រកម្ពុជា