ចិនឬជប៉ុនជាដៃគូវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅក្នុងតំបន់អាស៊ាន?
សម្រាប់បណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល គេសង្កេតឃើញថា ចិនជាមហាអំណាចកំពុងក្លាយជាដៃគូសេដ្ឋកិច្ចដ៏មានសារសំខាន់បំផុតមួយដែលបង្កើនឲ្យមានសំណួរចោទសួរឡើងអំពីទិសដៅ និងអនាគតនៃតំបន់នេះ។ ១.ចិន ឬជប៉ុន គឺជាមហាអំណាចវិនិយោគពីបរទេស (FDI)ធំជាងគេក្នុងតំបន់អាស៊ាន? យោងតាមការស្រាវជ្រាវលើទិន្នន័យទៅលើវិស័យពាណិជ្ជកម្មវិនិយោគផ្ទាល់ពីបរទេស (FDI) និងវិស័យទេសចរណ៍នៅក្នុងបណ្តាសមាជិកទាំង ១០ គេបានរកឃើញថា ជប៉ុននៅតែជាដៃគូវិនិយោគធំជាងគេ បើទោះបីជាឥទ្ធិពលរបស់ចិនកាន់តែខ្លាំងក្លានៅក្នុងតំបន់នេះក៏ដោយ។ នៅអ្វីដែលគេហៅថា គម្រោងវិនិយោគផ្ទាល់ពីបរទេសនៃតំបន់បៃតង (Greenfield Foreign Direct Investment) ក្នុងតំបន់អាស៊ាន ប្រហែល ២០% នៃដើមទុនដែលបានបណ្ដាក់ទុនសរុបនៅក្នុងតំបន់នេះគឺមានប្រភពមកពីប្រទេសជប៉ុន។ ការបណ្ដាក់ទុននេះបានកើនឡើង ៦% ពីអត្រា ១៤% នៅក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ។
ងាកមកមើលការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅក្នុងតំបន់អាស៊ានវិញគឺមានការកើនខ្លាំង ក៏ប៉ុន្តែវាមានកំណើនត្រឹមតែ ៧% ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នានេះ ដែលធ្វើឲ្យដើមទុនវិនិយោគសរុបមានចំនួន ១៤% នៃដើមទុនវិនិយោគសរុបនៅក្នុងតំបន់។ ប្រទេសមានៗនៅក្នុងតំបន់ដូចជា ថៃ និងម៉ាឡេស៊ីជាដើមបានទាក់ទាញអត្រាវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។ តួយ៉ាងដូចជានៅក្នុងប្រទេសថៃ នៅក្នុងចំណោមទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួនទាំងអស់ គឺ ៥០% ទទួលបានពីប្រទេសជប៉ុន និងលេខ២គឺអាមេរិក។ ចំណែកឯទឹកប្រាក់វិនិយោគរបស់ប្រទេសចិនវិញ ផ្តោតលើប្រទេសក្រីក្រជាសមាជិកអាស៊ានច្រើនជាងជប៉ុន និងអាមេរិកដូចជា វិនិយោគនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ាជាដើម។ ២. តើការវិនិយោគផ្ទាល់ពីបរទេសរបស់មហាអំណាចមកកាន់តំបន់អាស៊ានមានទំហំ ប៉ុន្មាន? ជប៉ុនដែលឈរលេខរៀងលើគេ គឺបានបោះទុនវិនិយោគសរុប ២២០ ពាន់លានដុល្លារគិតចាប់តាំងពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៧។ អាមេរិកមានចំនួន ១៨២ ពាន់លានដុល្លារ ខណៈដែលសហភាពអឺរ៉ុបមានចំនួន ១៤៥ ពាន់លានដុល្លារនៅ ក្នុងរយៈពេលដូចគ្នានេះ។ ចំណែកចិន មានចំនួន ១២៣ ពាន់ និងកូរ៉េខាងត្បូងមានចំនួន ៩៨ ពាន់៕
ប្រភព៖ www.ft.com