គុណសម្បត្តិ ៤ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែល World Bank និង ADB គ្មាន
ប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបង្កើតឡើងដោយប្រទេសចិនហាក់ដូចជាក្លាយជាប្រធានបទក៏ក្តៅគគុកដែលសេដ្ឋវិទូជាច្រើនចាប់អារម្មណ៍សិក្សា។ ចំណុចពិសេសដែលគួរឱ្យទាក់ទាញរបស់វាមួយដែរនោះគឺថា ប្រទេសភាគច្រើនតែងតែចង់បានកម្ចីវិនិយោគហេដ្ឋារចនាសម្ព័ន្ធពីធនាគារ AIIB ច្រើនជាង World Bank និង ADB ដែលជាស្ថាប័នហិរញ្ញវត្ថុកំពូលរបស់ពិភពលោក និងប្រចាំតំបន់ទៅវិញ។
តើអ្វីទៅដែលធ្វើឱ្យធនាគារ AIIB ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៅវិញ ខណះដែល World Bank និង ADB ហាក់ដូចជាលែងសូវមានគេចាប់អារម្មណ៍អើពើ? ហេតុផលទាំង ប្រហែលជាអាចពន្យល់បាននូវសំណួរនេះ៖
១. ធនាគារផ្ដល់នូវកម្ចីមិនខ្វល់ថា រដ្ឋាភិបាលប្រកាន់របបអ្វីនោះទេ ខុសពី World Bank និង ADB ដែលតែងតែផ្តោតសំខាន់លើគោលការណ៍កំនែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសដែលប្រាថ្នាចង់បានកម្ចីពីខ្លួន ធនាគារ AIIB ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនមិនខ្វល់ថាប្រទេសនោះមានរដ្ឋាភិបាលប្រកាន់លទ្ធិប្រជាធេបតេយ្យរឺក៏អត់នោះទេ។ ឱ្យតែប្រទេសណាដែលត្រូវការកម្ចីយកទៅអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រទេសចិននឹងផ្តល់ឱ្យដោយមិនចាំបាច់ឆ្លងកាត់ការស៊ើបអង្កេតច្រើនឡើយ។
២. កម្ចីឥតលក្ខខណ្ឌ កម្ចីពីធនាគារ AIIB មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌស៊ាំញាំអ្វីដែលបង្កជាលក្ខណះឈឺក្បាលឱ្យប្រទេសដែលចង់ខ្ចីនោះទេ។ បើប្រៀបធៀបទៅនឹង World Bank និង ADB នៅពេលដែលអង្គការទាំងនេះ ផ្តល់កម្ចីឱ្យប្រទេសណាមួយ ពួកគេទាមទារឱ្យមានការធ្វើសេចក្តីរាយការណ៍ទាក់ទិននឹងដំណើរការអភិវឌ្ឍន៍នៃការប្រើប្រាស់កម្ចី ក៏ដូចជាអំពីកំណែទម្រង់ដែលរដ្ឋាភិបាលបានធ្វើក្នុងការដោះស្រាយបញ្ហាពុករលួយ សិទ្ធិមនុស្ស រឺប្រជាធិតេយ្យជាដើម។ ប៉ុន្តែសម្រាប់ AIIB គឺមិនត្រូវការកំណែទម្រង់ទាំងអស់នោះឡើយ។
៣. ប្រាក់ចូលមកដល់រដ្ឋាភិបាលផ្ទាល់តែម្តង សម្រាប់កម្ចីដែលបានមកអំពី AIIB ទិន្នន័យប្រាក់កម្ចីនោះ ធ្លាក់មកក្នុងដៃរដ្ឋាភិបាលជាអ្នកសម្រេចថាតើគួរធ្វើយ៉ាងណា ដើម្បីចាត់ចែងកម្ចីនោះ ប៉ុន្តែកម្ចី World Bank និង ADB វិញ គឺច្រើនតែចូលមកតាមរយះអង្គក្រៅរដ្ឋាភិបាលដែលជាដៃគូររបស់រដ្ឋាភិបាលផ្តល់ជំនួយ ដើម្បីឱ្យពួកគេមើលការខុសត្រូវទៅលើការអនុវត្តន៍របស់រដ្ឋាភិបាល និងការប្រើប្រាស់កម្ចី។
៤. កម្ចីមិនសូវមានភាពលម្អៀង សម្រាប់កម្ចីដែល World Bank និង ADB ផ្តល់ឱ្យ ភាគច្រើនក៏មានការពាក់ព័ន្ធទៅនឹងនយោបាយច្រើន ដោយសារតែប្រសិនជាប្រទេសមួយមិនសូវត្រូវគ្នាជាមួយសហរដ្ឋអាមេរិច និងគ្នីគ្នារបស់អាមេរិចទេ កម្ចីដែលប្រទេសនោះដាក់ស្នើសុំច្រើនតែពិបាកក្នុងការផ្តល់ឱ្យ។ ផ្ទុយទៅវិញ AIIB សម្រាប់ ប្រទេសចិនចាំតែបើកទ្វារចូលឱ្យប្រទេសដទៃទៀតខ្ចីនោះទេ អីចឹងហើយទើបភាគច្រើនប្រទេសផ្សេងៗ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី ងាកខ្លួនបន្តិចម្តងៗមករកកម្ចីពីធនាគារ របស់ចិនវិញ៕
ដោយ៖ សុត្ថា វត្តី