ហេតុអ្វីសេដ្ឋកិច្ចវៀតណាម​មាន​សន្ទុះ​ខ្លាំង បើទោះបីជាខ្លួនប្រកាន់របបសង្គមនិយមក៏ដោយ?​​



ប្រទេសវៀតណាមបានជាប់ឈ្មោះមួយក្នុងចំណោមប្រទេសដ៏តិចបំផុតដែលនៅសល់ក្នុងពិភពលោកយើងនេះ ដែលប្រកាន់យករបបសង្គមនិយម។ ខុសពីប្រទេសដទៃដែលបានក្លាយខ្លួនទៅជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យអស់ទៅហើយ ប្រទេសវៀតណាមនៅតែប្រកាន់ជំហរមិនផ្លាស់ប្តូររបបរបស់ខ្លួន បើទោះជាមេដឹកនាំបក្សកុំមុយនីស្តវៀតណាមដ៏ល្បីគឺ លោកហូ ជីមិញ​ បានស្លាប់អស់ជាច្រើនទស្សវត្សទៅហើយក៏ពិតមែន។​

សង្គ្រាម​ក្នុង​ស្រុក និង​ជា​មួយ​សហរដ្ឋ​អាមេរិក​​ ទើប​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥​ ប៉ុណ្ណោះ។ ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សង្គ្រាម​ក្នុង​ស្រុក​​យូរ​ឆ្នាំ​ ប្រទេសវៀតណាម គឺជាប្រទេសមួយដែលនៅក្នុងចំណោមប្រទេសតិចតួច​ដែល​ប្រកាន់​យក​របប​សង្គមនិយម និង​ជា​​ប្រទេស​ហែល​ឆ្លង​សង្គ្រាម​រ៉ាំ​រ៉ៃ​ ដែលអាចមានសន្ទុះសេដ្ឋកិច្ចលូតលាស់ខ្លាំងគួរ​ឱ្យ​កត់សម្គាល់។ ឬសគល់ដែលកប់នៅពីក្រោយការលូតលាស់យ៉ាងឆាប់រហ័សរបស់សេដ្ឋកិច្ចវៀតណាម ដែលធ្លាប់តែនៅបាតគេជាប្រទេសមានប្រាក់ចំណូល​ទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មកក្លាយជាប្រទេសដែលមានចំណូល​មធ្យមទាបទាំងដែលខ្លួនមានមនុស្សជាង ១០០លាននាក់ដែលជាបន្ទុកនោះ គឺដោយសារតែចំណុច​ ខាងក្រោមនេះ៖

១. ប្រព័ន្ធនយោបាយ និងប្រព័ន្ធទីផ្សារមានលក្ខណះផ្សេងគ្នា​ ថ្វីត្បិតតែប្រទេសវៀតណាមប្រកាន់របបសង្គមនិយមក៏ពិតមែន ប៉ុន្តែទាក់ទងជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចគឺ រដ្ឋាភិបាលប្រទេសនេះបានបើកជំហរច្រើន​​ ពោលគឺប្រទេសវៀតណាមបានចាប់ផ្តើមប្រកាន់គោលការណ៍ទីផ្សារសេរី ដែលជួយឱ្យ​ប្រទេសនេះទាក់ទាញបានវិនិយោគិនមកពីក្រៅប្រទេសជាច្រើន​ឱ្យ មកតាំងពីប្រកបអាជីវកម្មតូចធំនៅប្រទេសខ្លួន។​ កត្តា​មួយ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​វៀតណាម​មានសេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

២. កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ ​បើ​តាម​ការ​ចេញផ្សាយ​ និង​ការ​សិក្សា​​របស់​​ FocusEconomics លើ​ប្រធាន​បទ​ ASEAN 2018 Economic Outlook ត្រូវ​បាន​មើល​ឃើញ​ថា​ ប្រទេស​ ៥​ដែល​​​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ​នៅ​ឆ្នាំ​២០១៨​ ក្នុង​តំបន់​អាស៊ាន​ នេះ​ក៏​មាន​វៀតណាម​មួយ​ផង​ដែរ​ ​បើ​តាម​ការ​ព្យាករណ៍​ គឺ​ មីយ៉ាន់ម៉ា ៧% ​កម្ពុជា ៦,៩% ​ឡាវ ៦,៨% ​វៀតណាម ៦,៧% និង​ហ្វីលីពីន ៦,៦%។ ​​

ភាព​ជោគជ័យ​នៃ​សេដ្ឋកិច្ច ​ប្រទេស​វៀតណាម​​ ជា​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ធនាគារ​ពិភពលោក។ ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​នយោបាយ​ដែល​ហៅ​ថា​ ដូយមូយ (Doi Moi) នៅ​ឆ្នាំ​១៩៨៦​ បាន​​​ប្រែ​ក្លាយ​វៀតណាម​ពី​ប្រទេស​ក្រីក្រ​មួយ​ក្នុង​លោក​ (ប្រាក់​ចំណូល​សរុប​គិត​ជា​មធ្យម​សម្រាប់​មនុស្ស​​ម្នាក់​តែ​ជាង​ ១០០ដុល្លារ) ​​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​​ (lower middle income country)។

២៥​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ប្រាក់​ចំណូល​គិត​ជា​មធ្យម​​សម្រាប់​មនុស្ស​ម្នាក់​​ កើន​​ដល់​ជាង​ ២០០០​ដុល្លារ​​គិត​ត្រឹម​​ចុង​ឆ្នាំ​២០១៤។ ​បើ​និយាយ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​វិញ​ តាម​ការ​ចុះ​ផ្សាយ​របស់​ធនាគារ​ពិភពលោក​ ​ប្រជាជន​ដែល​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​​​ខ្លាំង​ (extreme poverty) មាន​ប្រមាណ ៥០%​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ខណៈ​បច្ចុប្បន្ន​ថយ​ចុះ​មក​នៅ​ត្រឹម​ ៣% (បន្ទាត់​នៃ​ភាព​ក្រីក្រ​ គឺ ១,៩ដុល្លារ​គិត​តាម​ថ្លៃ​យុគ្គភាព​ PPP)។ ​បើ​និយាយ​ពី​​​កម្រិត​នៃ​ភាព​ក្រីក្រ​ជា​រួម ​មាន​ប្រហែល​ ១៥%​​នៃ​ប្រជាជន​សរុប​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ភាគតិច។ ​នៅ​ទសវត្សរ៍​ឆ្នាំ ២០០០​ សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ កើន​ឡើង​ក្នុង​អត្រា​ ៦,៤%​ ប៉ុន្តែ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​មក​វិញ​​​​ដោយ​សារ​តែ​មាន​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សកលលោក។ ​មក​ដល់​ឆ្នាំ​២០១៥​ នេះ​គិត​ត្រឹម​​ឆមាស​ទី​មួយ​​ ដោយ​សារ​តែ​មាន​កំណើន​ក្នុង​ស្រុក​ខ្លាំង​ និង​ការ​នាំ​ចេញ​រឹងមាំ​ ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​វៀតណាម​​កើន​ឡើង​​ជាង​​ ៦,៣%​ដែល​ជា​កំណើន​​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ក្នុង​តំបន់។ អាន​អត្ថបទលម្អិត​បន្ថែម៖​តើ​លោក​អ្នក​​គួរ​ដឹង​អ្វី​ខ្លះ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម?

៣. ប្រជាជនច្រើន              ចំនួនប្រជាជនក៏អាចជាកម្លាំងជម្រុញមួយយ៉ាងសំខាន់ដែរ ដោយសារតែប្រជាជនរបស់វៀតណាម​ជា​ប្រភព​ធនធានមនុស្ស​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ ជា​មូលធន​បញ្ញា​ ក្នុងការបំពេញការងារដើម្បីទ្រង់ទ្រង់សេដ្ឋកិច្ចជាតិ។ លើសពីនេះទៅទៀត ប្រជាជនច្រើនមានន័យថា ទីផ្សារ និងតម្រូវការគឺធំដូចគ្នា។ រឿង​ដែល​កាត់​តែគួរ​ឱ្យ​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​ថា​ ប្រជាជន​វៀតណាម​ប្រហែល​ពាក់​កណ្ដាល​មាន​អាយុ​ក្រោម ៣០​ឆ្នាំដែល​ជា​សក្ដានុពល​នៃ​កម្លាំង​ពលកម្ម​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ។ ចំនួន​ប្រជាជន​ច្រើន កម្លាំង​ពលជំនាញ​សម្បូរ​បែប ជា​រឿងទាក់ទាញមួយសម្រាប់អ្នកវិនិយោគ​ឱ្យ​ចូលមកបណ្តាក់ទុន​នៅ​ប្រទេស​មួយ​នេះ​ ព្រោះបើទោះបីជាពួកគេមិនចង់ស៊ាំញាំរឿងនាំចេញទៅក្រៅប្រទេស ពួកគេលក់តែនៅក្នុងទីផ្សារក្នុងស្រុកតែមួយមុខ​ក៏​មាន​ទីផ្សារ​ធំ​ដែរ។​

៤. រដ្ឋខ្លាំង ប្រជាជនមានការគោរពវិន័យខ្ពស់​ ដោយសារតែវប្បធម៌កុំមុយនីស្ត សឹងតែបានជ្រៀតចូលទៅគ្រប់យ៉ាងនៃជីវិតរបស់ជនជាតិវៀតណាមទៅហើយ ដូច្នេះហើយទើបបានជាធ្វើ​ឱ្យ​ប្រជាជនវៀតណាម​ម្នាក់ៗ​មានការគោរពច្បាប់វិន័យយ៉ាងខ្លាំង។ ការនេះបានធ្វើ​ឱ្យ​គ្រប់រាល់នូវគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលវៀតណាមដែលដាក់ចេញ​ឱ្យ​អនុវត្ត​ទទួលបានប្រសិទ្ធិភាព និងទទួលបានការចូលរួមពីសំណាក់ប្រជាជនវៀតណាម។​

៥. ទំនាក់ទំនងពាណិជ្ជកម្មល្អ ទោះ​ជា​មួយ​សត្រូវ​ប្រវត្តិសាស្ត្រ​ ប្រទេសវៀតណាមមានដៃគូ​នាំចេញធំបំផុតគឺប្រទេសចិន និងធំបំផុតទី២គឺសហរដ្ឋអាមេរិច ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ។ ​ការ​បត់​បែន​គោលនយោបាយ​ការបរទេស​ និង​​គោលនយោបាយ​ពាណិជ្ជកម្ម​ក្រោម​រូបភាព​ដ៏​ឆ្លាត​វៃ​មួយ​នេះ​ ធ្វើ​ឱ្យ​ប្រជាជនវៀតណាមមិនតិចទេ មានការងារធ្វើ និងទទួលបានប្រាក់ចំណូល​សមរម្យ​សម្រាប់មកជួយបញ្ឆេះម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។

៦. ទេសចរណ៍ និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ​ ពីប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរៃជាមួយអាមេរិច និងមានប្រជាជនរាប់លានអ្នកធ្វើចំណាកស្រុកទៅក្រៅប្រទេស ប្រទេសវៀតណាមត្រូវបានពិភពលោកស្គាល់ និង​​​ឮ​​ឈ្មោះ​ស្ទើរតែមិនអាចរម្លងបាន។ រួមគ្នាជាមួយនឹងអំណោយផលពីធម្មជាតិ និងភូមិសាស្ត្រផងនោះ ភាពល្បីរន្ទឺនៃវៀតណាម បានធ្វើ​ឱ្យ​មានកំណើនទេសចរណ៍រាប់សិបលានអ្នកចាប់ផ្តើមទៅទស្សនាកម្សាន្ត​​នៅក្នុងប្រទេសវៀតណាម។ វត្តមានភ្ញៀវទេសចរណ៍គឺជាកាតាលីករយ៉ាងសំខាន់ដែលក្នុងការនាំយកប្រាក់ចំណូល​មក​ឱ្យ​ប្រជាជនដែលនៅក្នុងប្រទេស និងជួយដល់ការអភិវឌ្ឍន៍ប្រទេសទាំងមូល បើទោះបីជាលទ្ធិនយោបាយរបស់ខ្លួននៅតែជារបបសង្គមនិយមក៏ដោយ៕

ដោយ៖ សុត្ថា វត្តី

X
5s