ហេតុអ្វីបានជាសិង្ហបុរីជាប់ឈ្មោះ ជាទីក្រុងឆ្លាតវៃជាងគេបំផុតនៅតំបន់អាស៊ី?
សិង្ហបុរីបានឈរលើកំពូលតារាង ជាទីក្រុងមួយដែលឆ្លាតវៃ (The Smartest City) ជាងគេបំផុតនៅក្នុងតំបន់អាស៊ី។ ទីក្រុងដែលជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់មកទៀតនោះ គឺរួមមាន ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ទីក្រុងតូក្យូរបស់ជប៉ុន និងទីក្រុងរីកលូតលាស់មួយចំនួនរបស់ចិនដូចជា វ៉ូស៊ី ហាំចូវ យិនឈួន ក៏ត្រូវបានស្ថិតនៅក្នុងបញ្ជីកំពូលនេះដែរ។ នេះធ្វើឲ្យមានចម្ងល់មួយចោទសួរឡើងថា ហេតុអ្វីបានជាប្រទេសនេះជាប់ឈ្មោះជាទីក្រុងឆ្លាតវៃជាងគេបំផុតនៅក្នុងទ្វីបអាស៊ី? មូលហេតុមានដូចខាងក្រោមនេះ៖
១.ទីក្រុងមានប្រព័ន្ធចល័តឆ្លាតវៃ (SMART MOBILITY)
នៅទូទាំងប្រទេស សិង្ហបុរីបានបង្កើតយន្តការដោះស្រាយចរាចរដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ ផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយដ៏តឹងរ៉ឹងក្នុងការកំណត់មិនឲ្យពលរដ្ឋរបស់ខ្លួនទិញរថយន្តប្រើប្រាស់តាមតែអំពើចិត្តនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយចំនួនយានយន្តដ៏ច្រើនលើសលប់នៅលើដងផ្លូវ។
ចក្ខុវិស័យនេះធ្វើឱ្យប្រទេសនេះក្លាយជាទីកន្លែងដ៏ល្អឥតខ្ចោះ ទទួលជោគជ័យលើការគ្រប់គ្រងសណ្ដាប់ធ្លាប់ចរាចរ។ នេះមិនរាប់បញ្ចូលលើគោលនយោបាយកំណត់ទីតាំងមិនប្រើប្រាស់យានយន្តដោយជំនួសមកវិញ នូវទីតាំងប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ និងការប្រើប្រាស់រថយន្តអគ្គិសនីពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ខ្លួនដូចជា BlueSG ជាដើម។ ជំហានដ៏អស្ចារ្យបន្ទាប់ទៀតនោះ គឺប្រទេសនេះគ្រោងដាក់ឲ្យមានវត្តមានបច្ចេកវិទ្យារថយន្តតាកស៊ីគ្មានមនុស្សបើកជាលើកដំបូងលើទឹកដីរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យា NuTonomy ដែលទទួលខុសត្រូវលើគម្រោងមួយនេះ បានសាកល្បងដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាមួយនេះកាល ពីឆ្នាំ ២០១៦ ហើយគេសង្ឃឹមថា នៅក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត វានឹងអាចប្រតិបត្តិការជាផ្លូវការតែម្តង។ ជាការឆ្លើយតបទៅនឹងគម្រោងបច្ចេកវិទ្យាខាងលើនេះ អនាគតទីក្រុងថ្មីៗរបស់ខ្លួនត្រូវតែសាងសង់គិតគូរពីបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិនេះ។ ឧទាហរណ៍ថា ទីតាំងចំណតរថយន្តមិនសំខាន់ៗពីមុនមក នឹងត្រូវជំនួសដោយទីតាំងរថយន្តស្វ័យប្រវត្តិ និងសួនបៃតងវិញ ពោលគឺអ្វីៗនៅទីក្រុងរបស់ខ្លួនត្រូវគិតគួរលើបរិស្ថាន និងសុខមាលភាពប្រជាជនឲ្យបានខ្ពស់បំផុត។
២.មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ (SMART INFRASTRUCTURE)
Virtual Singapore គឺជាគម្រោងដ៏អស្ចារ្យមួយដែលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០១៨ នេះ។ គម្រោងនេះបានអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នករៀបចំទីក្រុងពីមជ្ឈដ្ឋាននានាធ្វើពិសោធន៍ និងដំណើរការគំរូទីក្រុងតាមគំនូរ 3D ដោយប្រើប៊ូតុងចុចលើប្រព័ន្ធកុំព្យូទ័រ។ គម្រោងនេះវានឹងលម្អិតដែលអាចឲ្យគេដឹងថា តើសំណង់អគារនីមួយៗ ជញ្ជាំង ទ្វារ និងបង្អួចនៅទីក្រុងទាំងមូលជាប្រភេទសំណង់អ្វី? ឧទាហរណ៍ថា បើគេចង់ដឹងថា អគារ A មួយមានកម្ពស់ប៉ុន្មាន? ប្រើប្រាស់ថាមពលអស់ប៉ុន្មាន? នោះប្រព័ន្ធកុំព្យូទ័រ វានឹងគណនាឲ្យតែម្តង។
៣.ការប្រើប្រាស់បច្ចេកវិទ្យាថែទាំសុខភាពមនុស្សចាស់
សិង្ហបុរីបានផ្ដោតលើគោលនយោបាយគាំពារសុខភាពសម្រាប់ពលរដ្ឋវ័យចំណាស់តាមរយៈបច្ចេកវិទ្យាជាច្រើនរួមទាំងសេវាកម្មព្យាបាលតាមប្រព័ន្ធឌីជីថលទំនើបៗ និងបច្ចេកវិទ្យាតាមដានសុខភាពអ្នកជំងឺពីចម្ងាយផងដែរ។ ជារៀងរាល់ឆ្នាំ ប្រទេសនេះតែងតែផ្តល់ឱកាសឲ្យយុវជន និងពលរដ្ឋរបស់ខ្លួនដែលមានភាពច្នៃប្រឌិត គំនិតផ្ដួចផ្ដើម ឬរបកគំហើញថ្មីៗទាក់ទងទៅនឹងបច្ចេកវិទ្យាបម្រើឲ្យវិស័យសុខាភិបាលនេះ ធ្វើការប្រកួតប្រជែងបញ្ចេញសមត្ថភាពសម្រាប់ចូលរួមអភិវឌ្ឍទីក្រុង។
៤.មានសុវត្ថិភាព និងសន្តិសុខល្អបំផុត (Security)
សិង្ហបុរីត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានសុវត្ថិភាពល្អជាងគេបំផុតមួយនៅលើពិភពលោក។ បើផ្អែកលើសន្ទស្សន៍ទីក្រុងសុវត្ថិភាពជាងគេបំផុត (Safe Cities 2017) កាលពីឆ្នាំ ២០១៧ កន្លងទៅវា ស្ថិតនៅក្នុងលំដាប់ទីពីរបន្ទាប់ពីក្រុងតូក្យូរបស់ជប៉ុន។ គិតចាប់តាំងពីឆ្នាំ២០១២ មកមានកាមេរ៉ាស៊ើបអង្កេតរបស់ប៉ូលិសជាង ៥២ ០០០ ត្រូវបានដាក់ពង្រាយនៅពាសពេញទីក្រុងទាំងមូល។
៥.ប្រើបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនងរវាងពលរដ្ឋ និងរដ្ឋាភិបាល
ដើម្បីសម្រួលដល់ការបង់ថ្លៃប្រាក់ផ្សេងៗរវាងពលរដ្ឋ និងរដ្ឋាភិបាល ប្រទេសនេះបានពន្លឿនលើគម្រោងជាតិសំខាន់ៗនានា រួមទាំងគម្រោងមួយដែលមានឈ្មោះថា SingPass ដែលអនុញ្ញាតឲ្យពលរដ្ឋបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកាន់តែមានប្រសិទ្ធភាព និងងាយស្រួលជាងមុន។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានអនុវត្តកម្មវិធីមួយទៀតដូចជា Moments of Life ជាដើមក្នុងគោលបំណងយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរជាច្រើនរបស់ពលរដ្ឋទៅកាន់រដ្ឋាភិបាលរបស់ខ្លួន៕
ប្រភព៖ innovationiseverywhere