ស្វែងយល់ពី​សេដ្ឋកិច្ច​ ហ្វីលីពីន ប្រទេសខ្លាំងលេខ ៣ នៅអាស៊ីអាគ្នេយ៍ ​​



ហ្វីលីពីន ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ៣៤ លើ​ពិភពលោក ទី​១៣ នៅ​អាស៊ី ​​ទី៣ នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់​ពី​ឥណ្ឌូណេស៊ី និង​ថៃ ផ្អែក​លើ GDPគិត​​តាម​តម្លៃ​ទីផ្សារ (Nominal) ដែល​នេះ​បើ​យោង​តាម​តួលេខ​ នៃ​អង្គភាព​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។ ហ្វីលីពីន ជា​ប្រទេស​មាន​ទីផ្សារ​ទើប​តែ​ងើប (Emerging Market)។ ហ្វីលីពីន ជាប់​​ជា​ប្រទេស​​​មាន​លំដាប់​ទី ៦​ នៅ​អាស៊ីអាគ្នេយ៍ គិត​តាម​តម្លៃ​​ GDP ក្នុង​ម្នាក់ បន្ទាប់​ពី​សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូណេស៊ី។ ហ្វីលីពីន ​ត្រូវ​បាន​ចាត់​ទុក​​ជា​ប្រទេស​ឧស្សាហកម្ម​ថ្មី​មួយ ដែល​មាន​សេដ្ឋកិច្ច​ផ្លាស់​ប្ដូរ​ ពី​​ការ​ផ្អែក​លើ​វិស័យ​​កសិកម្ម​ ទៅ​​សេវាកម្ម​ និង​ផលិតកម្ម។ ​ឆ្នាំ ២០១៧ ផលិតផល​ក្នុង​ស្រុក​សរុប ​គិត​តាម​យុគភាព ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​ចំនួន​ ៩៨៦,៩៨០ ពាន់​លាន​ដុល្លារ។ ​ការ​​នាំ​ចេញ និង​នាំ​ចូល ផលិត​ផល​នាំ​ចេញ​សំខាន់​បំផុត របស់​ប្រទេស​នេះ មាន​អេឡិចត្រូនិក ឧបករណ៍​ដឹកជញ្ជូន សំលៀកបំពាក់ ទង់ដែង ប្រេង ប្រេង​ដូង និង​ផ្លែឈើ។ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​បំផុត​មាន ជប៉ុន (១៦,២%) អាមេរិក (១៤,៦%) ​ ហុងកុង (១៣,៧%) ចិន (១១,១%) សិង្ហបុរី (៦,១%) ​ថៃ (៤,២%) អាល្លឺម៉ង់ (៤,១%) កូរ៉េខាងត្បូង នូវែលហ្សេឡង់ ​ និង​តៃវ៉ាន់​។ បច្ចុប្បន្ន ​​ខ្លា​សេដ្ឋកិច្ច​អាស៊ាន​​នេះ ជា​ប្រទេស​មួយ ​ក្នុង​ចំណោម​ប្រទេស​ ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​នៅ​អាស៊ី។ ហ្វីលីពីន​ នាំ​ចូលគ្រឿង​អេឡិចត្រូនិក រ៉ែ ប្រេង គ្រឿង​ម៉ាស៊ីន គ្រឿង​ដឹកជញ្ជូន ដែក លោហធាតុ វាយនភណ្ឌ គ្រាប់ធញ្ញជាតិ សារធាតុគីមី និង​ប្លាស្ទិក។ ដៃ​គូរ​សំខាន់ៗ​មាន ចិន (១៨,៦%) ជប៉ុន (១១,៨%) អាមេរិក (៩%) ថៃ (៧,៣%) កូរ៉េ​ខាងត្បូង (៦,១%) សិង្ហបុរី (៦,១%) និង​ឥណ្ឌូណេស៊ី (៥,១%)។ វិស័យ​នាំ​ចេញ ហ្វីលីពីន ស្រូប​ចំណូល​បាន ៦៨,៧១២ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៧ ខណៈ​ការ​នាំ​ចូល​វិញ​ហ្វីលីពីន​ចាយ​អស់ ៩៦,០៩៣ ពាន់​លាន​ដុល្លារ។ ឆ្នាំ​២០១៧ ហ្វីលីពីន​មាន​ GDP គិត​តាម​តម្លៃ​ទីផ្សារ (nominal) ៣១៣,៥៩៥ លាន​ដុល្លារស្មើ ៦,៧% ធ្លាក់​ចុះ​បើ​ធៀប​ឆ្នាំ​២០១៦ មាន ៣០៤,៩០៦ លាន​ដុល្លារ​ស្មើ ៦,៩%។ ដោយឡែក​ឆ្នាំ​២០១៨ GDP ហ្វីលីពីន​ត្រូវ​ប៉ាន់ប្រមាណ​ថា​មាន ៣៧១,៨ ពាន់​លាន​ដុល្លារ កើន ៦,៧% ដដែល។ ទំហំ GDP ក្នុង​ម្នាក់​នៅ​ឆ្នាំ​២០១៧ មាន ២,១៩៧៨ ដុល្លារ តិច​ជាង​ឆ្នាំ​២០១៦ មាន ២,៩៥៣ ដុល្លារ ខណៈ​ឆ្នាំ ២០១៨ ​​ត្រូវ​គេ​ព្យាករណ៍​ថា នឹងឡើង ៣,៥៤២ដុល្លារ​អាមេរិក។ ហ្វីលីពីន គ្រោង​នឹង​ធ្វើ​ឱ្យ​ប្រទេស​ខ្លួន​ក្លាយ​ជា​ប្រជាជាតិ​មួយ មាន​សេដ្ឋកិច្ច​​ធំ​លំដាប់​ថ្នាក់​ទី ៥ នៅ​អាស៊ី និង​ទី​ ១៦ ​លើ​ពិភពលោក ត្រឹម​ឆ្នាំ ២០៥០។ ការ​ព្យាករណ៍​របស់​ក្រុមហ៊ុន​ឯកជន​លើ​សេដ្ឋកិច្ច​ហ្វីលីពីន​ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​របស់​អង់គ្លេស PricewaterhouseCoopers បាន​ប៉ាន់ប្រមាណ​ថា ហ្វីលីពីន​ នឹង​ឈរ​លេខរៀង​ទី ១២ ទៅ ១៤ ជា​ប្រទេស​​សេដ្ឋកិច្ច​មាន​បំផុត​នៅ​ឆ្នាំ ​២០៦០។ ចំណែក​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​អង់គ្លេស​មួយ​ទៀត HSBC Holdings PLC បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០៥០ ហ្វីលីពីន នឹង​យក​ឈ្នះ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ដោយ​សារ​កំណើន GDP ​ខ្ពស់ ៦,៥% បន្ទាប់​ពី​ចិន។ ហ្វីលីពីន​មាន​ឧស្សាហកម្ម​សំខាន់ៗ​អ្វី​ខ្លះ? ហ្វីលីពីន ​ដើរ​តួ​​យ៉ាង​សំខាន់ ជា​អ្នក​ផលិត​​កប៉ាល់ និង​គ្រឿង​បន្លាស់ មាន​ដូចជា កប៉ាល់ Subic, Cebu, General Santos City និង Batangas និង​ជា​អ្នក​ផលិត​ធំ​បំផុត​នៅ​ឆ្នាំ​២០១០។ ហ្វីលីពីន ជា​ប្រទេស​ផលិត​រថយន្ត។ ក្រុមហ៊ុន​ធំ​ៗ​មាន​ដូចជា Toyota, Mitsubishi , Kia Susuki, Nissan Isuzu, Chery Automobile និង Honda។ ហ្វ្រាំង ABS របស់  Mercedes-Benz, BMW និង Volvo ក៏​ផលិត​ក្នុង​ប្រទេស​ហ្វីលីពីន​ដែរ។ ឆ្នាំ​២០១១ ហ្វីលីពីន​លក់​រថយន្ត​បាន ១៦៥,០៥៦ គ្រឿង និង ១៨០,០០០ គ្រឿង​នៅ​ឆ្នាំ​២០១២។ ផលិតផល​ទី​អវកាស ក្នុង​ប្រទេស​ហ្វីលីពីន គឺ​សម្រាប់​នាំចេញ រួម​ទាំង​ផលិត​​គ្រឿង​បន្លាស់ យន្ត​ហោះ ផលិត​ដោយ  Boeing និង Airbus។ ឆ្នាំ​២០១១ ការ​នាំចេញ​សរុប​នៃ​ផលិតផល​អវកាស​ក្នុង​ប្រទេស​ហ្វីលីពីន​មាន​ដល់ ៣ពាន់​លាន​ដុល្លារ។ ​ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក  Texas Instruments ដែល​ប្រតិបត្តិការ​នៅហ្វីលីពីន ២០ឆ្នាំ​មក​ហើយ​នោះ ជា​អ្នក​ផលិត​បន្ទះ DSP Chip ធំ​បំផុត​លើ​ពិភពលោក។ Texas ផលិត Chip ប្រើ​ក្នុង​ Nokia Ericsson, Hard Disk។ រោងចក្រ​ផលិត​ម៉ាស៊ីន​​ព្រីន Lexmark។ គួរ​បញ្ជាក់​ថា វិស័យ​កសិកម្ម រ៉ែ និង​ទេសចរណ៍ ក៏​ដើរតួយ៉ាងសំខាន់​ផង​ដែរ​ក្នុង​ប្រទេស​នេះ៕   ដោយ៖ សុម៉ាលីន  ប្រភព៖ rappler, countryeconomy.com, wikipedia 
X
5s