សិក្សាស្វែងយល់ពី សេដ្ឋកិច្ចប្រទេសឡាវ
សេដ្ឋកិច្ចរបស់ប្រទេសឡាវ កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែការគ្រប់គ្រងរបស់រដ្ឋាភិបាល និងការលើកទឹកចិត្តដល់សហគ្រាសឯកជន ចាប់តាំងពីឆ្នាំ១៩៨៦ មក។ បច្ចុប្បន្នឡាវ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនលឿន នៅលើពិភពលោក ដោយមានកំណើន GDP ជាមធ្យម ៨% ខណៈគេព្យាករណ៍ថា ប្រទេសនេះនឹងទ្រទ្រង់បានយ៉ាងហោចណាស់ ៧% ក្នុងឆ្នាំ ២០១៩។ អ្វីជាគោលដៅសំខាន់របស់រដ្ឋាភិបាលឡាវ?
ឡាវ មានមហិច្ឆតា កាត់បន្ថយភាពក្រីក្រ បណ្ដុះការអប់រំដល់កុមារ និងគំនិតផ្ដួចផ្ដើម ដើម្បីក្លាយជាប្រទេស "Land-linked (ភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយទៀត)”។ ជាក់ស្ដែង ឡាវ កំពុងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃជិត ៦ពាន់លានដុល្លារ ពីទីក្រុង Kunming ប្រទេសចិន មកវៀតណាម និងឡាវ។ ឡាវ ក៏បានក្លាយជាប្រទេសផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់ប្រទេសជិតខាងដូចជា ចិន វៀតណាម និងថៃ ហើយឡាវក៏ជាប្រទេសមួយ ដែលពឹងផ្អែកខ្លាំងបំផុតលើការវិនិយោគដោយផ្ទាល់ពីបរទេស ដើម្បីគាំទ្រសេដ្ឋកិច្ចខ្លួន។ បើទោះបីជាមានសេដ្ឋកិច្ចខ្លាំងក្លានាពេលបច្ចុប្បន្ន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅតែជាប្រទេសមួយក្រីក្របំផុតនៅអាស៊ីអាគ្នេយ៍។
ផលិតនាំចេញ និងនាំចូលរបស់ឡាវ ផ្អែមតាមប្រភព ឈើ(កែច្នៃរួច) អគ្គិសនី កាហ្វេ ទង់ដែង សំណប៉ាហាំង មាស និងដំឡូង ជាផលិតផលសំខាន់ៗ របស់ឡាវ។ ប្រទេសជាដៃគូនាំចេញធំជាងគេបំផុតមាន ថៃ (៤០,១%) ចិន (២៨,៥%) និងវៀតណាម (១៣,៧%) ខណៈទំហំទឹកប្រាក់នៃការនាំចេញសរុបប្រចាំឆ្នាំ២០១៧ ត្រូវបានគេប៉ាន់ប្រមាណថា មាន ២,៨៨១ ពាន់លានដុល្លារ។ ដោយឡែកដៃគូនាំចូលសំខាន់បំផុតរបស់ឡាវវិញមាន ថៃ ចិន វៀតណាមដដែល ដែលក្ដាប់បានទីផ្សារ ៦៤,៦%, ១៦,៥% និង ៩,៤%។ ឡាវ បាននាំចូលជំនួសមកវិញនូវ ម៉ាស៊ីន រថយន្ត ប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ ដែលសរុបជាទឹកប្រាក់នាំចូលសរុប ៥,៨៥២ ពាន់លានដុល្លារ។
វិបត្តិហិរញ្ញវត្ថុអាស៊ីប៉ះពាល់ប្រទេសឡាវ ឡាវក៏ទទួលរងការប៉ះពាល់ដោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ ជាងប្រទេសអាស៊ីដទៃទៀត ព្រោះឡាវជាប្រទេសក្រីក្រ។ រូបិយប័ណ្ណ បានធ្លាក់ចុះច្រើនជាង ៥០% រួមជាមួយប្រាក់បាតប្រទេសថៃ ហើយលុយឡាវក៏បន្តធ្លាក់ទៀត។ ប៉ុន្តែមិនធ្វើឱ្យឡាវ គ្រាំគ្រាខ្លាំងទេ ខណៈប្រទេសនេះ មិនមានការនាំចូលទំនិញពីប្រទេសផ្សេងច្រើនឡើយនាពេលនោះ។ គ្រានោះ សេដ្ឋកិច្ចនៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមងើបឡើងវិញ ខណៈសេដ្ឋកិច្ចឡាវ បានធ្លាក់ចុះ។ រដ្ឋាភិបាលឡាវ បានទទួលរងផលប៉ះពាល់ នៃការធ្លាក់ចុះសេដ្ឋកិច្ច និងអតិផរណាយ៉ាងខ្លាំងនៅឆ្នាំ ១៩៩៩ និងឆ្នាំ ២០០០។ ក្នុងឆ្នាំ១៩៩៩ អតិផរណារបស់ឡាវ មានរហូតដល់ទៅ ១៥០% ក្នុងមួយ១ឆ្នាំ។ យ៉ាងណាការធ្លាក់ចុះសេដ្ឋកិច្ចនេះ ក៏មិនធ្វើឱ្យឡាវលំបាកខ្លាំងនោះដែរ ប៉ុន្តែបានធ្វើឱ្យបះពាល់ខ្លាំងដល់វណ្ណៈកណ្ដាល។ មន្ត្រីរាជការ គ្រូបង្រៀន និងគិលានុបដ្ឋាយិកា បានមើលឃើញថា ប្រាក់ខែរបស់ពួកគេ ស្ទើរតែទិញអ្វីមិនបានទាល់តែសោះ ហើយមនុស្សជាច្រើន បានបោះបង់ការងារ។ ក្រោយមក អតិផរណា ត្រូវបានកាត់បន្ថយមកត្រឹម ៣៥% ហើយរដ្ឋាភិបាល ក៏បានកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីប្រទេសថៃ ចំណែកចិន បានផ្ដល់កម្ចីគ្មានការប្រាក់។
ប្រវត្តិសេដ្ឋកិច្ច ២០១០ ភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា រដ្ឋាភិបាលឡាវ បានដាក់គោលដៅនៃកំណើន GDPរបស់ខ្លួន ឱ្យបានយ៉ាងហោចណាស់ ៨% និងគេចចេញពីប្រទេសស្ថិតនៅក្រោមការអភិវឌ្ឍន៍ (Underdevelopment Country) នៅឆ្នាំ ២០២០។ យ៉ាងនេះក្ដី ម្ចាស់ជំនួយ និងអង្គការ មិនមែនរដ្ឋាភិបាល បានព្រមានរដ្ឋាភិបាលឡាវ អំពីកំណើនយុទ្ធសាស្ត្រ ដែលជាលក្ខណៈវិនិយោគបរទេសធំៗ ក្នុងវិស័យធនធានធម្មជាតិ ដែលអាចមានផលប៉ះពាល់អវិជ្ជមាន ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ឥទ្ធិពលសេដ្ឋកិច្ចចិន កំពុងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងប្រទេសឡាវ។ ក្នុងឆ្នាំ២០១១ ឡាវ បានបើក Stock Market ដោយសង្ឃឹមថា នឹងទាក់ទាញការវិនិយោគដំបូង (Capital) មកកាន់សហគ្រាស និងជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួន មានសន្ទុះឡើង។ ក្នុងឆ្នាំ២០១៣ ឡាវបានក្លាយជាសមាជិកថ្មី របស់អង្គការពាណិជ្ជកម្មពិភពលោក។ កាលណោះ International Monetary Fund និងវិទ្យស្ថានហិរញ្ញវត្ថុអន្តរជាតិ បានព្យាករណ៍ថា GDP ប្រទេសនេះនឹងកើន ៨% ដោយផ្អែកលើធនធាន ថាមពលអគ្គិសនី រ៉ែស្ពាន់ រ៉ែមាស ទេសចរណ៍ ជាដើម។
វិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចសំខាន់របស់ឡាវ វិស័យសំខាន់ជាងគេរបស់ឡាវ គឺផ្នែក "សេវាកម្ម" ដោយក្ដាប់បានទីផ្សាររហូតដល់ទៅ ៣៩% នៃទំហំ GDP សរុប ១៧,៩ពាន់លានដុល្លារ តាមពីក្រោយដោយ វិស័យឧស្សាហកម្ម ៣៣,២% និងវិស័យកសិកម្ម ២០,៩%។ ចំណែកវិស័យទេសចរណ៍ បានដើរតួយ៉ាងសំខាន់ និងរីកចម្រើនលឿនក្នុងប្រទេសមួយនេះ និងជាប្រទេសទាក់ទាញទេសចរណ៍ដ៏ពេញនិយមលើពិភពលោក។ ឡាវមាន GDP (គិតតាមតម្លៃ-nominal) ប្រចាំឆ្នាំ២០១៧ គឺ ១៦,៨៥ ពាន់លានដុល្លារ និងGDP ក្នុងម្នាក់ ១៧៣០ដុល្លារ ខណៈឆ្នាំ ២០១៨ នេះ ត្រូវបានអ្នកជំនាញមកពី Trading Economics ព្យាករណ៍ថា នឹងទទួលបាន GDP ១៧,៩ពាន់លានដុល្លារ និង GDP ក្នុងម្នាក់ ១៨៤១ ដុល្លារ ហើយឆ្នាំ២០២០ មាន ២០,៥ ពាន់លានដុល្លារ និង GDP ក្នុងម្នាក់ ២០៥៩ ដុល្លារ៕
អត្ថបទ៖ សុម៉ាលីន
ប្រភព៖ factsanddetails, tradingeconomics,