លោក កែវ បណ្ឌិត ស្ថាបនិក​ក្រុមហ៊ុន​ AKworld៖ ៥​ គន្លឹះ​ដើម្បី​ជោគ​ជ័យ​អាជីវកម្ម​ផ្នែក​ E-commerce​



ភាព​ជោគជ័យ​មិន​ប្រាកដ​ថា​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​បាន​នោះ​ទេ ស្រប​គ្នា​នេះ​ដែរ​លោក កែវ បណ្ឌិត ស្ថានិក​ក្រុមហ៊ុន ​AKworld Online Mall មាន​ប្រសាសន៍​ថា​ អ្វី​ដែល​យើង​ធ្វើ​ គឺ​យើង​រំពឹង​ថា​ ជោគជ័យ​តែ​មិន​ប្រាកដ​១០០%​ថា​ជោគ​ជ័យ​នោះ​ទេ​ ប៉ុន្តែ​ពិត​ជា​មាន​មនុស្ស​មួយ​ចំនួន​ដែល​អាច​ធ្វើ​បាន​ជោគ​ជ័យ ដូច្នេះ​ថា​តើ​យើង​គួរ​មាន​ចំណេះ​ដឹង​អ្វី​ខ្លះ​ដើម្បី​អាច​ជោគ​ជ័យ​អាជីវកម្ម​បាន? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រម្លែក​របស់​លោក​ កែវ បណ្ឌិត នូវ​គន្លឹះ​ទាំង​៥​ដើម្បី​ជោគជ័យ​ផ្នែក​អាជីវកម្ម​៖

ចំណុច​ទី​១ ​​ត្រូវ​មាន​ផ្នត់​គំនិត​ជោគ​ជ័យ៖ យើង​ត្រូវ​មាន​ផ្នត់​គំនិត​ជោគជ័យ​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង​ដំបូង​បំផុត ព្រោះ​ថា​ជា​ទូទៅ​មនុស្ស​មួយ​ចំនួន​ ធ្វើ​អាជីវកម្ម​ដើម្បី​តែ​បង្ហាញ​ ឬ​ដើម្បី​តែ​បង្អួត​អ្នក​ដទៃ​ប៉ុណ្ណោះ ​ប៉ុន្តែ​មិន​បាន​ធ្វើ​ដោយ​ការ​តាំង​ចិត្ត​ឬ​ដោយ​ក្ដី​ស្រលាញ់​​​នោះទេ នោះហើយ​​គឺ​ជា​ផ្នត់​គំនិត​អវិជ្ជមាន ដូច្នេះ​ផ្នត់​គំនិត​ជោគជ័យ​ ​ចង់​សំដៅ​ទៅ​លើ​ការ​តាំង​ចិត្ត​និង​ការ​មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​យើង​។ ​ទន្ទឹម​នឹង​នោះ​ផង​ដែរ ​ក៏​តម្រូវ​ឲ្យ​យើង​ត្រូវ​តែ​មាន​ការ​លះ​បង់​ខ្ពស់​ផង​ដែរ​ដើម្បី​ជោគ​ជ័យ។

ចំណុច​ទី២ ​ចេះ​បង្កើត​​ក្រុម​ការងារ Team work៖ យើង​ត្រូវ​ចេះ​ជ្រើស​រើស​ដៃ​គូ​ ​ដែល​ល្អ​ គឺ​សំដៅ​លើ​យការ​ជ្រើស​រើស​ដៃ​គូ​​ដែល​អាច​បំពេញ​ឲ្យ​គ្នា​នៅ​ក្នុង​អាជីវកម្ម មាន​ន័យ​ថា​ បើ​យើង​ចេះ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ ដូច្នេះ​ដៃ​គូ​ ៤​ទៅ​៥​នាក់​ផ្សេង​ទៀត​ត្រូវ​មាន​ជំនាញ​ផ្សេងៗ​គ្នា ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​អាជីវកម្ម​នោះ។​ ក្រៅ​ពី​នោះ​យើង​ក៏​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ផង​ដែរ​ដើម្បី​បំពេញ​បន្ថែម​ឲ្យ​អង្គភាព​កាន់​តែ​រឹង​មាំ។

ចំណុចទី៣ ​ មាន​ភាព​ជា​អ្នក​ដឹក​នាំ៖ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ក្រុម ​​ប្រៀប​ដូច​ជា​គ្រូ​ដូច្នោះ​ដែរ ដូច្នេះ​បើ​យើង​ចង់​ឲ្យ​ក្រុម​ការ​ងារ​របស់​យើង​ខ្លាំង​គឺ​ទាល់​តែ​យើង​ជា​អ្នក​បណ្ដុះ​បណ្ដាល​ផ្ទាល់ យើង​ត្រូវ​ដឹក​នាំ​ពួកគាត់ ​និង​បង្រៀន​ពួកគាត់​ពី​របៀប​គ្រប់​គ្រង​និង​ធ្វើ​ការ​ងារ​ដើម្បី​ឲ្យ​ពួកគាត់​យល់​ពី​អ្វី​ដែល​ពួកគាត់​ត្រូវ​ធ្វើ​ និង​អ្វី​ដេល​ក្រុមហ៊ុន​ចង់​បាន​។

ចំណុច​ទី៤ ​​បង្កើន​ទំនឿ​ចិត្ត​ដល់​ក្រុម​ការងារ៖ យើង​ត្រូវ​ធ្វើ​ឲ្យ​អង្គភាព​ទាំង​មូល ​មាន​ទំនុក​ចិត្ត​និង​ជំនឿ​មក​លើ​ទស្សន​វិស័យ​របស់​យើង​ មាន​ន័យ​ថា បើ​សិន​ជា​យើង​ជឿ​ជាក់​តែ​ទៅ​លើ​ខ្លួន​ឯង ​តែ​បែ​ជា​មិន​អាច​ធ្វើ​ឲ្យ​សមាជិក​ក្រុម​មាន​ជំនឿ​មក​លើ​យើង​នោះ​ទេ ​អាជីវកម្ម​ក៏​មិន​អាច​ដំណើរ​ការ​បាន​ល្អ​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​បង្កើន​នូវ​ជំនឿ​កម្រិត​ខ្ពស់ ​និង​ផ្ទេរ​នូវ​ទស្សនៈ​វិស័យ​របស់​យើង​ឲ្យ​ទៅ​កូន​ក្រុម​ឬ​សមាជិក​ក្រុម​របស់​យើង​ឲ្យ​គាត់​មាន​ជំនឿ​មក​លើ​យើង​កាន់​តែ​ខ្លាំង​ឡើង។  

ចំណុច​ទី​៥ គឺ ត្រូវ​បង្កើន​ចំណេះ​ដឹង​ផ្នែក​Technology៖ យើង​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រោះ​សម័យ​បច្ចុប្បន្ន​ប្រព័ន្ធបច្ចេកវិទ្យា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ស្ទើរ​តែ​គ្រប់​វិស័យ ហើយ​សម្រាប់​អាជីវកម្ម​ផ្នែក​វេបសាយ​ពាណិជកម្ម​ដូច​ជា​ក្រុមហ៊ុន​របស់​លោក​វិញ​គឺ​រិត​តែ​ចាំ​បាច់​ត្រូវ​តែ​ពង្រឹង​ការ​យល់​ដឹង​ផ្នែក​បច្ចេកវិទ្យា​នេះ​ ចំពោះ​បច្ចេក​វិទ្យា​ដែល​គួរ​ពង្រឹង​សម្រាប់​អាជីវកម្ម​ប្រ​ភេទ​នេះ​មាន​ដូច​ជា big data, AI, blog change technology ជា​ដើម៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s