រឿងកសិករចិន របស់លោក Alan Watts ទស្សនៈវិទូជនជាតិអង់គ្លេស ផ្លាស់ប្ដូរការគិតរបស់អ្នកអំពី «លាភ&គ្រោះ»!
កាលពីយូរលង់ណាស់មកហើយ មានបុរសកសិករជនជាតិចិនម្នាក់បានបាត់សេះមួយក្បាល ដោយសេះនោះបានរត់ចូលទៅក្នុងព្រៃ។ នៅល្ងាចថ្ងៃដដែលនោះអ្នកភូមិផងរបងជាមួយក៏បានមកសួរអំពីការបាត់សេះនោះ ហើយពួកគេនិយាយថា៖ វាពិតជារឿងអាក្រក់មែន។ កសិករនោះក៏និយាយថា៖ ប្រហែលហើយមើលទៅ។
ប៉ុន្តែនៅថ្ងៃបន្ទាប់សេះនោះក៏បានត្រលប់មកវិញដោយបាននាំសេះព្រៃ៧ក្បាលដទៃទៀតមកជាមួយផង។ អ្នកភូមិក៏បានមកជួបកសិករនោះហើយនិយាយថា៖ វាពិតជារឿងល្អមែន។ កសិករនោះក៏តបវិញថា៖ ប្រហែលជារឿងល្អហើយមើលទៅ។ នៅថ្ងៃបន្ទាប់ កូនប្រុសរបស់កសិករនោះចង់ជិះសេះ ហើយក៏បានឡើងជិះ ប៉ុន្តែជាអកុសលកូនប្រុសរបស់កសិករនោះក៏បានធ្លាក់ពីលើខ្នងសេះបណ្ដាលឲ្យបាក់ជើងមួយចំហៀង។ នៅល្ងាចដដែលនោះ អ្នកភូមិក៏បានមកសួរសុខទុក្ខបន្ទាប់ពីបានឮថាកូនប្រុសរបស់កសិករនោះរងរបួស ហើយបាននិយាយថា៖ វាពិតជាគ្រោះកាចមែន។ បុរសនោះក៏បានឆ្លើយតបវិញថា ប្រហែលហើយមើលទៅ។
នៅថ្ងៃបន្ទាប់ ក្រុមកងទ័ពក៏បានដើរកេណ្ឌប្រជាជនដើម្បីយកទៅធ្វើទាហាន ប៉ុន្តែវាជារឿងដ៏សំណាង ដោយសារកូនប្រុសរបស់កសិករនោះមានជំងឺ ទើបក្រុមកងទ័ពនោះមិនបានកេណ្ឌយកទៅធ្វើទាហាន។ អ្នកភូមិក៏បាននិយាយទៅកាន់បុរសកសិករនោះថា៖ កូនរបស់អ្នកពិតជាសំណាងមែន។ កសិករនោះក៏បានតបថា៖ ប្រហែលជាសំណាងមែនហើយ។ លោក Alan Watts ទស្សនៈវិទូជនជាតិអង់គ្លេស បានមានប្រសាសន៍ថា៖ «ដំណើរការទាំងមូលនៃធម្មជាតិគឺមានដំណើរការទាក់ទងគ្នាដោយភាពរញ៉េរញៃស្មុគស្មាញ ហើយវាជារឿងដែលពិបាកនឹងប្រាប់ថាវាជារឿងល្អឬអាក្រក់ណាស់ ពីព្រោះតែអ្នកមិនដឹងថាតើអ្វីដែលជាលទ្ធផលនៃគ្រោះ និងអ្វីដែលជាលទ្ធផលនៃលាភនោះឡើយ។ គ្រោះអាចក្លាយជាលាភ លាភអាចក្លាយជាគ្រោះ»៕
ចុចអាន៖ ច្បាប់នៃជីវិតដ៏អស្ចារ្យទាំង ៨របស់ Miyamoto Musashi វីរៈបុរសកាប់ដាវរបស់ជប៉ុន ផ្លាស់ប្ដូរជីវិតអ្នក
ដោយ៖ លង់ វណ្ណៈ