កម្ពុជា នឹងមានកំពង់ផែឱ្យនាវា ខ្នាតធំ អាចចូលចតបាន​



បន្ទាប់ពីសកម្មភាពដឹកជញ្ជូនផ្លូវទឹកកាន់តែមមាញឹកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៩នេះ គ្រោង ចាប់ផ្តើមការសាងសង់កំពង់ផែថ្មីមួយទៀត ដែលអាចឱ្យ​នាវាឆ្លងទ្វីបខា្នតយក្សលំដាប់មធ្យមកំរិខ្ពស់អាចចូលចតបាន។ នាយកទីផ្សារកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកស្រី ជ័យ សុគន្ធ បានឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា នេះថា ដោយសារកម្ពុជា នៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត កំពុងមានលំហូរទំនិញចេញចូលកាន់តែកើនឡើងខ្លាំងជាលំដាប់នោះ គឺបានជម្រុញ​ឱ្យ​កម្ពុជា ត្រូវពង្រីកការសាងសង់កំពង់ផែដែលមានជំរៅទឹកជ្រៅ សម្រាប់​ឱ្យ​នាវាខ្នាតយក្សចូលចតបាន។ លោកស្រី បន្តថា កំពង់ផែថ្មី ដែលគ្រោងនឹងសាងសង់ក្នុងជម្រៅទឹកប្រមាណជាង ១៤.៥ម៉ែត គ្រោងសាងសង់ចាប់ពីឆ្នាំ២០១៩ នឹងបញ្ចប់នៅឆ្នាំ២០២៣ ចំណាយថវិកាកំចីពីប្រទេសជប៉ុនប្រមាណជាង ២០៩លានដុល្លាអាមេរិច ហើយចំណតផែនេះអាចអនុញ្ញាត្តិ​ឱ្យ​នាវាផ្ទុកទំនិញប្រមាណពី៥០០០ទៅ៦០០០TEU អាចចូលចតបាន ។ លោកស្រី ជ័យ សុគន្ធ បន្តថា ស្ថានភាពចំណតផែក្រុងព្រះសីហនុ ដែលកំពុងមានបច្ចុប្បន្ន គឺអាចអនុញ្ញាត្តិ​ឱ្យ​នាវាផ្ទុកទំនិញប្រមាណ១០០០ទៅ២០០០TEU អាចចូលចតបាន។ ហើយនៅពេលដែលសាងសង់កំពង់ផែជម្រៅទឹក១៤.៥ម៉ែតនេះសាងសង់រួចហើយ រំពឹងថា លំហូរទំនិញចេញចូលឆ្លងកាត់កំពង់ផែក្រុងសីហនុ នឹងកើនឡើង ពី ៥សែនTEUនៅពេលបច្ចុប្បន្ន រហូតដល់ ១លាន TEU នៅថ្ងៃអនាគត។ លោកស្រី បញ្ជាក់ថា សម្រាប់កំពង់ផែ ដែលកម្ពុជា មានបច្ចុប្បន្ន គឺអាចអនុញ្ញាត្តិ​ឱ្យ​ នាវាខ្នាតតូច ដែលអាចបើកបរដឹកទំនិញនៅក្នុងតំបន់អាស៊ានអាចចូលចត មិនអាចទទួលការចូលចតនាវាខ្នាតធំលំដាប់ពិភពលោកទេ ហើយបន្ទាប់ពីកំពង់ផែថ្មីនេះសាងសង់រួច រំពឹងថា កម្ពុជា នឹងមានភាពប្រកួតប្រជែងកំពង់ផែទឹកជ្រៅ និងប្រកួតប្រជែងលើផ្នែកសមត្ថភាពផ្ទុកទំនិញចេញចូលឆ្លងកាត់លឿន។ កាលពីចុងខែមិថុនាឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកដំណើរការផ្លូវការចំណតផែពហុបំណង តម្លៃប្រមាណជា ៧៤លានដុល្លារអាមេរិក ដែលកំពង់ផែថ្មីនេះបានសាងសង់ចំណតផែមានប្រវែង ៣៣០ម៉ែត្រ និងជម្រៅទឹក ១៣,៥ម៉ែត្រ មានទីលានស្តុកទំនាញរាយទំហំ ២៨០០០ម៉ែត្រការ៉េ និងទីលានស្តុកធ្យូងថ្មទំហំ ១៣០០០ម៉ែត្រការ៉េ រួមជាមួយទីលានស្តុកទំនិញទូទៅ ១៤០០០ម៉ែត្រការ៉េថែមទៀត៕ អត្ថបទ៖ ចន្ថា
X
5s