វីតាមីនបេ មានសារសំខាន់ ៣យ៉ាងសម្រាប់អ្នក
វីតាមីនបេមានវត្តមាននៅក្នុងទម្រង់ច្រើនប្រភេទ ដែលមានដូចជាវីតាមីនបេ១ បេ២ បេ៣ បេ៥ បេ៦ បេ៧ បេ១២ និងបេ៩ឬអាស៊ីដហ្វូលិក។ ប្រភេទនីមួយៗរបស់វីតាមីនបេសុទ្ធតែដើរតួនាទីសំខាន់ៗរបស់វានៅក្នុងការគាំទ្រដល់សុខភាពរបស់យើង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍៣យ៉ាងរបស់វីតាមីនបេដែលអ្នកគួរដឹង៖
១) ជួយបង្កើតកោសិកាឈាមនិងសរសៃប្រសាទ៖ កង្វះវីតាមីនបេអាចរួមចំណែកដល់ការចលាចលនៃសរសៃប្រសាទនិងផ្លូវចិត្ត ព្រោះថាវាអាចធ្វើឲ្យខូចខាតដល់ការបង្កើតគ្រាប់ឈាម សុខភាពរបស់សរសៃប្រសាទ ដំណើរការរបស់ទំនាក់ទំនងសរសៃប្រសាទ ដែលអាចនាំទៅរករោគសញ្ញាមួយចំនួនដូចជា ខ្វះគ្រាប់ឈាមក្រហម ខ្សោយល្ហិតល្ហៃ ភ្លេចភ្លាំង និងវង្វេងវង្វាន់។
២) អាចជួយទប់ស្កាត់ជំងឺបេះដូង៖ វីតាមីនបេ៥ដែលមាននៅក្នុងរុក្ខជាតិនិងសាច់សត្វ សណ្ដែក ត្រីសាល់មន គ្រាប់ផ្កាឈូករ័ត្ន ផ្លែប័រ និងស៊ុតជាដើម អាចជួយការពារសុខភាពបេះដូងបានដោយរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលដែលមិនល្អ បន្ទាបសម្ពាធឈាម និងការពារជំងឺបេះដូង។ ខណៈពេលដែលវីតាមីនបេ៦ដូចជាក្នុងបន្លែបៃតង ល្ហុង ប័រ ក្រូច និងវីតាមីនបេ១២ដូចជាក្នុងសាច់ ស៊ុត ផលិតផលទឹកដោះគោ ត្រូវបានគេរកឃើញថាដើរតួយ៉ាងសំខាន់នៅក្នុងការការពារជំងឺបេះដូង និងមហារីកមួយចំនួនដូចជា មហារីកពោះវៀនធំនិងសុដន់។
៣) ផ្ដល់ថាមពលនិងគាំទ្រដល់ការរំលាយអាហារ៖ កង្វះវីតាមីនបេអាចបណ្ដាលឲ្យមានបញ្ហាដល់ក្រពេញទីរ៉ូអ៊ីតនិងក្រពេញអាដ្រេណាល់ ដែលជាហេតុនាំឲ្យមានរោគសញ្ញាអវិជ្ជមានដូចជា អស់កម្លាំង ឡើងឬចុះទម្ងន់ និងមានបញ្ហាដំណេក៕
ដោយ៖ ស្រីពៅ