ចំណុច​សំខាន់ៗ ​៣​យ៉ាង ​ដែល​អ្នកដឹកនាំ​ល្អៗ​តែងតែ​មាន​



មាន​របៀប​ជាច្រើន​ដែល​នាំ​ទៅ​រក​ការ​ដឹកនាំ​ដ៏​ល្អ​សម្រាប់​ក្រុម​មួយ​ឬ​អង្គភាព​មួយ ដែល​អាស្រ័យ​ទៅលើ​ស្ថានភាព​ផ្សេងៗ​គ្នា។ ការ​ដឹកនាំ​ឲ្យ​ល្អ​នៅ​ពេល​អ្វីៗ​ប្រព្រឹត្ត​ទៅ​បាន​រលូន​គឺជា​រឿង​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​អ្វីៗ​រៀប​នឹង​រលំ ឬ​រលំ​អស់​ហើយ នោះ​ស្ថានភាព​បែប​នោះ​នឹង​លាត​ត្រដាង​បង្ហាញ​ថា​អ្នក​ជា​អ្នកដឹកនាំ​បែប​ណា។ ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​ ៣​យ៉ាង ​ដែល​អ្នកដឹកនាំ​ល្អៗ​តែងតែ​មាន៖

១) សិក្សា​ពិសោធន៍​ពី​របៀប​ដឹកនាំ​ដែល​មាន​ប្រសិទ្ធភាព

ភាព​ជា​អ្នកដឹកនាំ​ពិត​ប្រាកដ​មិនមែន​ជា​ការ​ប្រតិកម្ម​ភ្លាមៗ​ចេញ​ពី​អារម្មណ៍​មិន​នឹងន​ក្នុង​មួយ​ពព្រិច​ភ្នែក​របស់​អ្នក​នោះ​ឡើយ។ អារម្មណ៍​របស់​អ្នក​ត្រូវ​តែ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​មុន​នឹង​បញ្ចេញ​វា​មក​ក្រៅ ពុំ​នោះ​ទេ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ទាំង​សង​ខាង​ពុំ​ខាន។ អ្នកដឹកនាំ​ល្អ​ត្រូវ​ចេះ​សិក្សា​ពិសោធន៍​ស្វែងយល់​ថា​តើ​ការ​ដឹកនាំ​បែប​ណា​ដែល​នាំ​ឲ្យ​អ្នក​ទទួល​បាន​ប្រយោជន៍​ដែល​អ្នក​ចង់​បាន បន្ទាប់​មក​នៅ​ពេល​ដែល​អ្នក​ដឹង​ហើយ អ្នក​ត្រូវ​ចេះ​ស្វែងយល់​ថា​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ជំរុញ​ឲ្យ​អ្នក​អាច​ដឹកនាំ​តាម​របៀប​នោះ​ត​ទៅ​មុខ​ទៀត​បាន។

២) មិន​ត្រូវ​ភ័យខ្លាច​ក្នុង​ការ​ប្រើប្រាស់​របៀប​ដឹកនាំ​ផ្សេងៗ​គ្នា​ជាមួយ​មនុស្ស​ផ្សេងៗ​គ្នា

ការ​គ្រប់គ្រង​មនុស្ស​គឺជា​រឿង​លំបាក​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ដែល​យល់​ដឹង​ថា​ពេល​ណា​ត្រូវ​ដឹកនាំ​របៀប​ណា នោះ​កាន់តែ​ជា​រឿង​លំបាក​ទៅ​ទៀត។ អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព​យល់​ដឹង​ថា​ជាមួយ​មនុស្ស​បែប​ណា​ត្រូវ​ចូល​ជ្រៀតជ្រែក​ការងារ​ពួកគេ​ឲ្យ​បាន​ច្រើន ហើយ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ត្រូវ​ទុក​សេរីភាព​សម្រាប់​ឲ្យ​ពួកគេ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។ ពុំ​នោះ​ទេ​បើ​ទោះ​ជា​គោលបំណង​នៃ​ការ​ដឹកនាំ​របស់​អ្នក​ល្អ​ក៏​ដោយ តែ​បើ​វា​មិន​ស័ក្ដិសម​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ទេ នោះ​វា​នឹង​ក្លាយ​ជា​ឥត​ប្រយោជន៍​និង​ថែម​ទាំង​នាំ​បញ្ហា​មក​វិញ​មិនខាន។

៣) សញ្ជឹង​គិត​បន្តិច​ថា​តើ​អ្នកដឹកនាំ​គំរូ​របស់​អ្នក​នឹង​ធ្វើ​បែប​ណា​ក្នុង​ស្ថានការណ៍​នោះ?

អ្នក​ប្រាកដ​ជា​មាន​អ្នកដឹកនាំ​ណា​មួយ​រូប​ដែល​ជា​ទី​ពេញចិត្ត​របស់​អ្នក។ ហេតុនេះ​ក្នុង​កាលៈទេសៈ​មួយ​ដែល​អ្នក​ជួប​បញ្ហា​ដែល​ពិបាក​ដោះស្រាយ អ្នក​អាច​បញ្ឈប់​បន្តិច ហើយ​សញ្ជឹង​គិត​ថា​បើ​សិន​ជា​អ្នក​ដឹកនាំ​គំរូ​របស់​អ្នក​ជួប​ស្ថានការណ៍​បែប​នេះ តើ​គាត់​នឹង​ដោះស្រាយ​វា​ដោយ​របៀប​ណា ? មាន​ពេល​ខ្លះ​ការ​គិត​របៀប​នេះ​អាច​ធ្វើឲ្យ​អ្នក​ស្វែងរក​ចម្លើយ​ដ៏​ល្អ​សម្រាប់​បញ្ហា​របស់​អ្នក​បាន៕

ដោយ៖ ស្រីពៅ

X
5s