ចំណុចខ្លាំង ៣ ​យ៉ាង​ធ្វើ​ឱ្យ​​ថៃ​ ក្លាយ​ជា​មេ​ផលិតរថយន្ត​​ នៅ​អាស៊ីអាគ្នេយ៍​



បច្ចុប្បន្ន​ថៃ​​កំពុង​ឈរនៅ​លេខ​រៀង​ទី ១ នៅ​អាស៊ី​អាគ្នេយ៍ ​ជា​ប្រទេស​ផលិត​រថយន្ត​ធំ​បំផុត និង​ឈរ​លេខ​រៀងទី ១២ លើពិភពលោក។ មិន​តែ​ប៉ុណ្ណោះ ប្រទេសជាប់ភូមិផង​របងជាមួយ​កម្ពុជា​នេះ ក៏ជាទីផ្សាររថយន្ត Pick Up ធំបំផុទី២លើលោក បន្ទាប់ពីអាមេរិកផង​ដែរ។ តើអ្វី​ធ្វើ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ផលិត​រថយន្ត​ធំ​បែប​នេះ?

អំពី​ពន្ធ​ ទីតាំង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​តម្លៃ​ពលកម្ម អស់​រយៈ​ពេល៣​ទសវត្ស​មក​ហើយ ដែល​ថៃ​បាន​កំណត់​ពន្ធ​នាំ​ចូល​រថយន្ត ៨០% និង​ម៉ូតូ ៦០% ដើម្បី​រក្សា​ការ​ផលិត​ក្នុង​ប្រទេស។ រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​សិទ្ធិ​កាន់កាប់​ដីធ្លី ចំពោះ​វិនិយោគិន​បរទេស និងទិដ្ឋការវិនិយោគ និង​ច្បាប់​អនុញ្ញាតដោយ​រលូន​សម្រាប់​ទីប្រឹក្សាវិនិយោគ​បរទេស។ មិនតែ​ប៉ុណ្ណោះ ​ថៃបាន​​ចេញ​​ពន្ធ​លើកទឹកចិត្ត​ជាច្រើន ទៅ​ឱ្យ​អ្នក​វិនិយោគ​បរទេស រួមមាន​ក្រុមហ៊ុនណា ​ដែល​​មក​វិនិយោគ​នៅ​ប្រទេសថៃ នឹង​ទទួលបាន​ការ​លើកលែង​​ពន្ធ​លើប្រាក់​ចំណេញ ៨ឆ្នាំ​ តួយ៉ាង ក្នុង​ខេត្ត​ រ៉ាក់យ៉ង​ ​ដែល​មូលដ្ឋាន​របស់ក្រុមហ៊ុនរថយន្ត GM និង Ford ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​នេះ ​​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​ដល់​ទៅ​ ៥០​%។ ហេតុផលធ្វើឱ្យថៃក្លាយជាឧស្សាហកម្មរថយន្តធំ ព្រោះថៃមាន​ទឹកដី​ភូមិ​សាស្ត្រ​​ល្អ ជាពិសេស ​​មាន​កំពង់​ផែ និង​ប្រលានយន្តហោះ ដែលផ្ដល់ភាព​​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ។ មិន​ដូច​ប្រទេស​គូ​ប្រជែង​ម៉ាឡេស៊ី ដែល​គ្រឿង​បន្លាស់​ភាគច្រើន ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុនបរទេស (Suppliers)​។ ដោយឡែកកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ជាមួយប្រទេស​​អាស៊ាន៩​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ថៃ គ្មាន​ការ​បង់​ពន្ធ (Zero Tax)​ ឬ​កាត់​បន្ថយ​ពន្ធ​ក្នុង​កម្រិត​ខ្ពស់ ​សម្រាប់​នាំ​ចេញ​រថយន្ត​ទៅ​ក្នុង​តំបន់។​​​​ ម្យ៉ាង​តម្លៃ​ការងារ​ក្នុង​ប្រទេស​ថៃ ទាប​ជាង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ និង​មហា​អំណាច​ចិន ហើយ​បើ​ទោះ​មិន​ទាប​ជាង​ប្រជាជាតិ​នៅ​អាស៊ានខ្លាំង​ ប៉ុន្តែ​កម្លាំង​ពលកម្ម​ ពោរពេញ​ដោយ​ជំនាញ និង​បទពិសោធន៍​ ។

កំណើនប្រជាជន​ជីវភាពមធ្យម​ផ្ទុះ​ឡើង​ខ្លាំង ខណៈអត្រាលក់រថយន្ត​ក៏កើនឡើង ​ ក្នុង​ឆ្នាំ​២០០២ វិទ្យាស្ថាន​ឧស្សាហកម្ម​រថយន្ត​​​ បាន​ប្រកាស​គម្រោង​ផ្លាស់ប្ដូរ​ថៃ​ទៅ​ជា "the Detroit of Asia”។ រវាង​ឆ្នាំ​២០០០ និង​២០១៧ ផលិតកម្ម​រថយន្ត​ថៃ​ បាន​កើន​ឡើង​ ៣៨៣%។ បើទោះ​ការ​នាំ​ចេញ​មាន​តែ​៦០%​​ នៃ​ផលិត​កម្មសរុប​ក្ដី តែ​ទីផ្សារ​ក្នុង​ស្រុក​មានការលូតលាស់ ដោយសារកំណើនប្រជាជនជីវភាព​មធ្យម (Middle class)​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី Nielsen Global នៃ​តម្រូវ​ការ​រថយន្ត មាន​គ្រួសារ​តែ​ត្រឹម​តែ ១៨%​ប៉ុណ្ណោះ ដែល​គ្មាន​រថយន្ត​ប្រើកាល​ពី​ឆ្នាំ​២០១៣ ហើយតាម​ការ​វាយតម្លៃ ​របស់​អង្គការ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ​​​ប្រជាជន​ជីវភាព​មធ្យម​នឹង​កើន​ឡើង​ច្រើន​ជាង​២​ដង ពោល​គឺ ៤០០ លាន​នាក់​នៅ​ឆ្នាំ ​២០២០។​ ថៃ​ពូកែ​ផលិត​រថយន្ត​ពាណិជ្ជកម្ម (Commercial vehicles) ជាពិសេស​រថយន្ត Pick Up ចំណុះ​១តោន ដូច​ជា Chevrolet Colorado និង​ Ford Range។ ថៃ​ជា​ប្រទេស​ទីផ្សារ​​​រថយន្ត​ Pick Upធំ​​លំដាប់​ទី​ ២​លើ​ពិភព​លោក​ បន្ទាប់​ពី​អាមេរិក។ GM ផលិត​តែ​រថយន្ត​២​ប្រភេទ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​ជាប់​របង​កម្ពុជា​នេះ គឺ​ Colorado និង Chevy Trailblazer ប្រភេទ​SUV មាន​ចំណែក​ទីផ្សារ​ ៤២%។ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក GM បាន​វិនិយោគ​ច្រើន​ជាង​២​ពាន់​លាន​ដុល្លារ លើ​ការ​ផលិត​ក្នុង​ខេត្ត Rayong។​ ថៃ​ផលិត​បាន​រថយន្ត​ពាណិជ្ជកម្ម ១,២ពាន់​លាន​គ្រឿង បើ​ធៀប​ឆ្នាំ​២០១៧ មាន​តែ ៨១៨, ០០០ គ្រឿង​ប៉ុណ្ណោះ។ នៅ​រយៈ​ពេល​៥​ខែ​ឆ្នាំ​២០១៨​ ​​អត្រា​លក់​រថយន្ត​​សរុប​ក្នុង​ប្រទេស​ថៃ​ បាន​កើន​១៨% ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន​សប្បាយ​ចិត្ត ខណៈ​អ្នក​នាំ​ពាក្យ Mercedes-Benzដែល​ផលិត​តែ​ Passenger Car  ​ថា ឆ្នាំ​២០១៧ ក្រុមហ៊ុន​ខ្លួន​​លក់​បាន​ច្រើន​ខ្លាំង​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ ពោល​១៤,០០០ គ្រឿង។

តើអ្វី​ជា​គម្រោង​ផែនការ​អនាគត​ រដ្ឋាភិបាល​ថៃ​ ចង់​ទាក់ទាញ​ការ​ផលិត​រថយន្ត​ថែ​រក្សា​បរិស្ថាន និង​អគ្គិសនី​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ថ្មី​ចាយប្រាក់ ៤៥​ពាន់​លាន​ដុល្លារ​ឈ្មោះថា Eastern Economic Corridor ដែលបាន​​អនុម័ត​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ​​២០១៨។ ថៃ​នឹង​រួម​បញ្ចូល​នូវ​គំនិត​ផ្ដួចផ្ដើម ​ផ្នែក​ការ​អភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម ដើម្បី​​ជំរុញ​​ឧស្សាហកម្មរថយន្ត​​របស់​ខ្លួន​ក្នុង​ខេត្ត រ៉ាក់យ៉ង់ និង​ខេត្ត​ផ្សេង​ទៀត។ ថៃ​នឹង​បញ្ចុះ​ពន្ធ និង​​ផ្ដល់​ជូន​ទិដ្ឋាការ​វិនិយោគ (Fast-track visas) រួម​ទាំង​លទ្ធភាព​អាចជួល​ដី​ រយៈ​បេល ​៩៩​ ​ឆ្នាំ​ផង​ដែរ។​ គណៈ​កម្មការ​វិនិយោគ​សហព័ន្ធ​ថៃ បាន​ព្យាករណ៍​ថា ប្រទេស​ខ្លួន​នឹង​ផលិត​បាន​រថយន្ត​ ៣ លាន​គ្រឿង​ក្នុង​ឆ្នាំ​២០២០ រំកិខ្លួន​ទៅ​លំដាប់​ថ្នាក់​ទៅ​លេខ ​៨ ក្នុង​ផលិតកម្ម​សរុបលើ​ពិភពលោក៕

ដោយ៖ សុម៉ាលីន ​​​​

X
5s