ប្រទេស ៥ក្នុងអាស៊ានមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេ ២០១៨ កម្ពុជាលេខរៀងទី២
បើតាមការអង្កេត និងស្រាវជ្រាវជុំវិញការព្យាករណ៍របស់ស្ថាប័នពិភពលោកធំៗ ត្រូវបានមើលឃើញថា ប្រទេស ៥ ក្នុងតំបន់អាស៊ាន មានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេ ពោលគឺចាប់ពី ៦%ឡើង ក្នុងនោះកម្ពុជាឈរលើលេខរៀងទីពីរ។
ជាក់ស្ដែង បើតាមការចេញផ្សាយ និងការសិក្សារបស់ FocusEconomics លើប្រធានបទ ASEAN 2018 Economic Outlook ត្រូវបានមើលឃើញថា ប្រទេស ៥ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង បើតាមការព្យាករណ៍ គឺ មីយ៉ាន់ម៉ា ៧% កម្ពុជា ៦,៩% ឡាវ ៦,៨% វៀតណាម ៦,៧% និងហ្វីលីពីន ៦,៦%។ ប្រទេសពីរផ្សេងទៀត គឺ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មានកំណើន ៥,៣% និង ៥,២% ឈរនៅរៀងគ្នា។ បើនិយាយពីថៃវិញ ហាក់ប្រសើរឡើងគួរសមដែរ ពោលគឺអាចទទួលបានកំណើន ៤,៣% និងចុងក្រោយគឺសិង្ហបុរី អាចទទួលបានកំណើន ៣,២%។ បើគិតពីតំបន់អាស៊ានទាំងមូល យើងអាចមើលឃើញថា ទទួលបានកំណើនមធ្យមប្រមាណ ៥,១%នៅឆ្នាំ២០១៨ នេះ។
បើយើងគិតទៅលើមូលដ្ឋានសេដ្ឋកិច្ចអាស៊ាន មានភាពរឹងមាំខ្លាំង ប៉ុន្តែមានក្ដីបារម្ភជុំវិញសង្គ្រាមពាណិជ្ជកម្មដែលអាចបង្កបញ្ហាដល់ដំបន់។ ឥណ្ឌូណេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ាន មានកំណើនឡើងនៅត្រីមាសទី២ ខណៈថៃសេដ្ឋកិច្ចធំលំដាប់ទី២ មានកំណើនឡើងនូវតម្រូវការក្នុងស្រុកខ្លាំង។
អំពីកម្ពុជា
ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ ដូចគ្នានឹងការចេញផ្សាយរបស់ FocusEconomics ដែរ ពោលគឺកម្ពុជាអាចនឹងទទួលបានកំណើន ៦,៩% ស្មើនឹងការព្យាករណ៍របស់ ធនាគារពិភពលោក ខណៈ IMF ព្យាករណ៍ថា កម្ពុជាអាចទទួលបាន ៦,៨% ហើយ ADB វាយតម្លៃខ្ពស់ជាងគេ ថា អាចកើនដល់ ៧,១%។
ចំណុចលេចធ្លោរបស់កម្ពុជា គឺ សេដ្ឋកិច្ចក្នុងតំបន់មានភាពប្រសើរឡើង ដែលនាំឱ្យការវិនិយោគ ការនាំចេញ និងទេសចរណ៍មានកំណើនឡើងដែរ។ វាយនភណ្ឌដែលជាវិស័យស្នូលនៃការនាំចេញកាន់តែមានភាពប្រសើរឡើង ដោយសារតែយើងមានកំណើននាំចេញទៅជប៉ុន និងកាណាដា ខណៈវិស័យផលិតកម្មយើងមាន អេឡិចត្រូនិក និងគ្រឿងបំឡាស់រថយន្ត។
អ្នកជំនាញសេដ្ឋកិច្ច IMF ប្រចាំនៅកម្ពុជា អ្នកស្រី YONG Sarah Zhou លើកឡើងថា កម្ពុជាទទួលបានកំណើនគួរឱ្យចាប់អារម្មណ៍ ដោយសារតែបរិយាកាសនៃម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពល្អ និងផលិតភាពមានភាពប្រសើរឡើង។
គូសបញ្ជាក់ថា កម្ពុជាសម្រេចបានចំណូលដុលជាតិ (GNI) ក្នុងពលរដ្ឋម្នាក់នៅឆ្នាំ២០១៥ គឺ ១.០៧០ដុល្លារដែលលើសពីកម្រិតគោលកំណត់ដោយធនាគារពិភពលោក។ អ្វីដែលជាកត្តាគួរឱ្យកត់សម្គាល់ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ គឺដោយសារតែកំណើនសេដ្ឋកិច្ចរឹងមាំដែលគិតជាមធ្យម ៧,៦%ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ និងការកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោកបើធៀបជាមួយប្រទេសចំនួន ៦៩ដែលមានទិន្នន័យអាចប្រៀបធៀបគ្នាបានពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨៕
ដោយ៖ វិភូ