អ្វី​ទៅ​ជា​លក្ខណៈ​ពិសេស​របស់​ Soyo ទើប​អាច​ក្លាយ​ជា​​ម្ចាស់ជ័យលាភី​លេខ​ ២ ​​ICT Award 2018?​



ក្រុមហ៊ុន​​កម្មវិធី​ (App) ដែល​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់​សេវាកម្ម​កម្សាន្ត​ទស្សនា​ភាពយន្ត​ ​សូយ៉ូ ​(SOYO Entertainment)​​​ ផលិត​​ឡើង​ដោយ​ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រុមហ៊ុន​  Sabay បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​លេខ ​២ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឆ្នើម​​​​ផ្នែក​បច្ចេកវិទ្យា​​​ នៅ​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ កម្ពុជា​ ២០១៨ (ICT Award​ 2018)  ​ដែល​លទ្ធ​ផល​​​ត្រូវ​​បាន​​ប្រកាស​នៅ​​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ កាល​ពី​ល្ងាច​មិញ​នេះ។ តើ​  Soyo មាន​លក្ខណៈពិសេស​អ្វី​ខ្លះ?  នៅ​ក្នុង​កិច្ច​សម្ភាសន៍​​ជា​មួយ​នាយក​គ្រប់​គ្រង​ផ្នែក​អាជីវកម្ម​របស់​ សូយ៉ូ (SOYO) ​លោក ស៊ុត ឈាងឡេង បាន​លើក​ឡើង​ថា ​ចំណុច​ពិសេស​​​ដែល​ធ្វើ​ឲ្យ​កម្មវិធី​​ទូរស័ព្ទ​ (App) ​​ទស្សនា​ភាពយន្ត​​​សូយ៉ូ (SOYO)​ ​​អាច​ដណ្ដើម​បាន​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ ​ ២ ​ពី​កម្មវិធី ICT Award ​2018 ​គឺ​ដោយ​សារ​តែ​ការ​បង្កើត ​​​និង​ផលិត​នូវ​មាតិកា​​ (​content) ដោយ​ខ្លួន​ឯង​ មាន​ន័យ​ថា ​ការ​​ផលិត​ភាពយន្ត​មួយ​ចំនួន​គឺ​សម្រាប់​តែ​សូយ៉ូ (SOYO) ​ប៉ុណ្ណោះ​។ លោក​​បាន​ថ្លែង​បន្ថែម​បែប​នេះ​ថា​ ៖«បច្ចុប្បន្ន​មាន​ប្រហែល​ជា​ ៤​ទៅ​៥​​ ភាពយន្ត​​ហើយ​ដែល​បាន​ដាក់​​ឱ្យ​មាន​​តែ​នៅ​​​សូយ៉ូ ​(SOYO) ​មួយ​ប៉ុណ្ណោះ​ ចំពោះ​ការ​ផលិត​​​វិញ​​​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន ​ហើយ​ក៏​មិន​ទាន់​​ទទួល​បាន​ចំណូល​មក​វិញ​ដែរ​ ប៉ុន្តែ​ពួក​យើង​ចង់​បង្កើត​អ្វី​ដែល​ប្លែក​ពី​គេ​ ព្រោះ​ថា​ប្រសិន​បើ​យើង​យក​រឿង​ពី​គេ​មក​ដាក់​ គឺ​យើង​មិន​អាច​យក​ឈ្នះ​កម្មវិធី​ធំៗ​ដទៃ​ទេ​ ដូច្នេះ​ដើម្បី​អាច​យក​ឈ្នះ​​គេ​បាន​ ទាល់​តែ​យើង​មាន​អ្វី​ដែល​ប្លែក​ពី​គេ»។ [caption id="attachment_55156" align="aligncenter" width="670"] រូបថត៖ លន ហ្សាឌីណា[/caption] [caption id="attachment_55155" align="aligncenter" width="670"] រូបថត៖ លន ហ្សាឌីណា[/caption] លោក ឈាង​ឡេង បាន​លើក​ឡើង​​​បន្ត​ថា​ កម្ម​វិធី​​​សូយ៉ូ ​(SOYO) ​​ជា​កម្ម​វិធី​ភាពយន្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ មាន​ដូច​ជា​​ភាពយន្ត​​ខ្មែរ​ ​បរទេស​បក​ប្រែ​ខ្មែរ​ និង​ការ​ផលិត​រឿង​ផ្ទាល់​ខ្លួន​​​ដែល​មិន​មាន​នៅ​លើ​ វេបផ្សាយ ​ឬ​ប្រព័ន្ធ​អ៊ីនធឺណេត​​ ដែល​ក្នុង​នោះ​ទស្សនិកជន​​អាច​​ទស្សនា​​ដោយ​បង់​ថវិកា​ ហើយ​ក៏​មាន​មាតិកា​ខ្លះ (ភាពយន្ត​) ខ្លះ​​មិន​បង់​លុយ​​ផង​ដែរ។ លោក​បាន​បន្ត​ទៀត​ថា​ ការ​បង្កើត​កម្មវិធី​នេះ​ឡើង​​មិន​មែន​ជា​គំនិត​របស់​លោក​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​មាន​ការ​ចូល​រួម​ផ្ដល់​មតិ​ពី​ក្រុម​ការងារ​​របស់​លោក​ ដែល​ចង់​បង្កើត​កម្មវិធី​មួយ​​​អាច​​ចូលរួម​ចំណែក​ដល់​​វិស័យ​ភាពយន្ត​ខ្មែរ​ និង​ការ​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​ខ្មែរ​ឲ្យ​ទូលំទូលាយ​ពិសេស​គឺ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ផលិត​ករ​ខ្មែរ ព្រោះ​ភាគ​ច្រើន​​ភាពយន្ត​​ខ្មែរ​ ដែល​ចាក់​​នៅ​ក្នុង​រោង​កុន​ ​មិន​បាន​ចេញ​ផ្សាយ​ទៀត​ទេ​ ​​ដូច្នេះ​ទស្សនិកជន​មួយ​ចំនួន​ដែល​​ខក​ខាន​មិន​បាន​មើល​នៅ​​ ​រោង​កុន​​ អាច​មើល​តាម​រយៈ​​ ​សូយ៉ូ (SOYO)​ ​​​​បាន។ លោក​​​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​ ដោយ​សម្លឹង​ឃើញ​ពី​ការវិវឌ្ឍ​​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់​តែ​មាន​ការ​រីក​ចម្រើន​ ជា​ពិសេស​មនុស្ស​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​​​ ហើយ​ម្យ៉ាង​វិញ​ទៀត​នៅ​ប្រទេស​កម្ពុជា​យើង ​ឃើញ​នៅ​មិន​ទាន់​មាន​កម្មវិធី​ប្រភេទ​នេះ​នៅ​ឡើយ​ដូច្នេះ​ហើយ​ទើប​​លោក​និង​ក្រុម​ការងារ​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ឲ្យ​​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​មុន​គេ។ ​​មួយ​វិញ​ទៀត​ គឺ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ទស្សនិកជន​ព្រោះ​ការ​ទៅ​មើល​កុន​គឺ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ច្រើន​ ប៉ុន្តែ​សម្រាប់​កម្មវិធី​សូយ៉ូ (SOYO) ​វិញ ​គឺ​ឲ្យ​តែ​ពួក​គាត់​មាន​ទូរស័ព្ទ​និង​អ៊ីនធឺណេត​គឺ​អាច​ចូល​ទៅ​មើល​បាន​យ៉ាង​ងាយ។ «ដូច្នេះ​ខ្ញុំ​គិត​ថា​ ប្រសិន​បើ​ខ្ញុំ​បង្កើត​អេប​នេះ​ឡើង ​គឺ​អាច​ជួយ​បាន​ច្រើន​ដូចជា​ បញ្ហា​ពេល​វេលា និង​ការ​បង្កើត​ឱកាស​ជា​ច្រើន​ទៀត​ដល់​យុវជន​ដូចជា​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ផលិត​ភាពយន្ត​ខ្លី​ដែល​អាច​ឲ្យ​យុវជន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​នៅ​ក្នុង​សូយ៉ូ​(SOYO)​បាន»​ លោក​ថ្លែង​បន្ត​ដូច្នេះ។ ភាពយន្ត​ចំនួន ៣ ​ដែលផលិត​ចេញ​ពី​ប្រលោម​លោក​​របស់​អ្នកនិពន្ធ​ឆ្នើម​អ្នក​ស្រី ម៉ីសន សុធារី មាន​ដូច​ជា​ ស្រទន់មន្ត​ស្នេហ៍ (៤៥ភាគ) ​​គំនូស៤៩ (៥ភាគ) និង​ផ្ទះ​គ្រូទាយ (៥ភាគ) ​​​មាន​វត្តមាន​តែ​នៅ​​ Soyo ប៉ុណ្ណោះ។ បើ​គិត​មក​ទល់​នឹង​ពេល​នេះ​ មាន​ភាពយន្តភាគ ភាពយន្ត​ខ្លី វីដេអូឯកសារ វីដេអូតន្ត្រី និង​វីដេអូកម្មវិធី​កម្សាន្ត​ប្រមាណ ​ជិត​ ២០​ដែល​ផលិត​ និង​មាន​តែ​នៅ លើ Soyo ប៉ុណ្ណោះ។ លោក ឈាង​ឡេង​ បង្ហើប​ថា​ មាតិកា​បួន​ទៀត​កំពុត​តែ​ផលិត​ដែល​ត្រៀម​ចេញ ឆ្នាំក្រោយ  ខណៈ​ One Mission របស់​ទូរទស្សន៍ MyTV នឹង​ចេញ​​ខែ​ក្រោយ​មួយ​សប្ដាហ៍​បន្ទាប់​ពី​ចាក់​ផ្សាយនៅ​លើ MyTV។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ហ៊ុន​ Soyo Entertainment Co.,Ltd បាន​ទទួល​ពាន​រង្វាន់​ចំនួន​​ពីរ​ គឺ​ទី១​ ជ័យ​លាភី​លេខ​ ២ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៣ពាន់​ដុល្លារ និង​ទី​២ ពាន​រង្វាន់​ល្អ​បំផុត​តាម​វិស័យ​ ដោយ​បាន​ចាត់​ទុក​​ Soyo ​ក្នុង​ផ្នែក ​​មាតិកា​ឌីជីថល​(Best Digital Content)៕ ដោយ៖ ជួប ស្រីរ័ត្ន
X
5s