ក្នុង​ពេល​អនាគត​បើ​គ្មាន​អជ្ញាប័ណ្ណ​វិជ្ជាជីវៈ​ទេ​ភ្នាក់​ងារ​ទិញ​លក់​អចលនទ្រព្យ​អាច​ប្រឈម​នឹង​បញ្ហា​



បច្ចុប្បន្ន​នេះ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ជា​ពិសេស​គឺ​ទៅ​លើ​ការ​ទិញ​លក់​ដី​ធ្លី​និង​លំនៅដ្ឋាន​ពី​សំណាក់​ប្រជាជន​ទូទៅ​ ក្នុង​នោះ​ផង​ដែរ​គេ​ក៏​សង្កេត​ឃើញ​ថា​អ្នក​ប្រកប​របរ​ទិញ​លក់​ដី​ធ្លី​មួយ​ចំនួន​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​អជ្ញាប័ណ្ណ​ត្រឹមត្រូវ​នៅ​ឡើយ​ក្នុង​ការ​ប្រកប​អាជីវកម្ម​នេះ ដោយ​សារ​សម្លឹង​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​ទាំង​នេះ​ទើប​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​កំពុង​តែ​សហការ​ជា​មួយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​ក្រុមហ៊ុន និង​ភ្នាក់​ងារ​អចលនវត្ថុ​ដែល​ចង់​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា។ តាម​រយៈសារព័ត៌មាន​ក្នុងស្រុក​មួយ លោក​បណ្ឌិត គីម ហ៊ាង  ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ពេល​បច្ចុប្បន្ន​នេះ​គ្រប់​គ្នា​នៅតែ​អាច​ធ្វើ​ជា​ឈ្មួញ​កណ្ដាល​ ឬ​ភ្នាក់​ងារ​ទិញ​លក់​អចលនទ្រព្យ​បាន​បើ​ទោះ​បី​ជា​គ្មាន​អជ្ញាប័ណ្ណ​ក៏​ដោយ​ ប៉ុន្តែ​សម្រាប់​ពេល​អនាគត​ឆាប់ៗ​ខាង​មុខ​ប្រសិន​បើ​គ្មាន​អជ្ញាប័ណ្ណ​ទេ ភ្នាក់​ងារ​អាច​នឹង​ប្រឈម​នឹង​ការ​មិន​ទទួល​បាន​កម្រៃ​ជើង​សារ។ ​លោក​បណ្ឌិត​ក៏​បាន​លើក​ឡើង​បន្ត​ថា​ ដើម្បី​ជំរុញ​ដល់​ភាព​រីក​ចម្រើន​ឲ្យ​ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ដូចជា​ សង្ហបុរី អាមេរិក និង​អឺរ៉ុប ​ជា​ដើម ​គឺ​ទាម​ទារ​ឲ្យ​មានការ​ចូលរួម​ពី​អ្នក​ដែល​ពាក់​ពន្ធ​នៅ​ក្នុង​វិស័យ​នេះ មាន​ន័យ​ថា​ភ្នាក់​ងារ​ទិញ​លក់​អចលនទ្រព្យ​ត្រូវ​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ត្រឹមត្រូវ​មាន​សញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​និង​បាន​ស្នើសុំ​យក​អជ្ញាប័ណ្ណ​ពី​ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រឹមត្រូវ។ ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី​សិក្សា​វិញ លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​ថា​សម្រាប់​ជំហ៊ាន​ដំបូង “ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​នឹង​ត្រូវ​សិក្សា​រយៈពេល ​៧៥​ម៉ោង រីឯ​ភ្នាក់ងារ​វាយ​តម្លៃ​អចលនទ្រព្យ​វិញ​នឹង​ត្រូវ​សិក្សា​រយៈពេល​ ១០០​ម៉ោង​។ ​​សមាគម​ជា​អ្នក​រៀបចំ​កម្មវិធី​សិក្សា និង​ចាត់ចែង​បញ្ជូន​គ្រូ​ជំនាញ​ទាំង​គ្រូ​ខ្មែរ និង​ជនបរទេស​សម្រា​ប់​វគ្គ​សិក្សា​ទាំង​មូល”។  ជំហ៊ាន​បន្ទាប់ (អាច​ក្នុង​រយៈ២ ឬ៣ឆ្នាំ​ខាងមុខ) នឹង​ត្រូវ​រៀបចំ​កម្មវិធី​សិក្សា​ជា​ថ្នាក់​បរិញ្ញាបត្រ​រង និង​បរិញ្ញាបត្រ​ទៅ​ជាលក្ខខណ្ឌ​តម្រូវ។ សូម​បញ្ជាក់​ផងដែរ​ថា ​វគ្គ​សិក្សា​ខ្លី​នេះ​ ត្រូវ​ធ្វើ​ឡើង​ដោយ​បាន​សហការ​ជា​មួយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​កំពុង​សហការ​ជិតស្និទ្ធ​ជា​មួយ​នឹង​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕ ដៃគូសហការ៖ realestate.com.kh
X
5s