ចំណុចសំខាន់ ៣ យ៉ាងដែលម្ចាស់អាជីវកម្មដំបូង ឬ Startup ត្រូវយកចិត្តទុកដាក់ឱ្យខានតែបាន
អ្នកប្រាកដជាដឹងរួចមកហើយថា ការរកស៊ីមានលក្ខណៈប្រកួតប្រជែងជាខ្លាំងក្នុងសម័យបច្ចុប្បន្ននេះ។ ដើម្បីដំណើរការអាជីវកម្មឲ្យប្រព្រឹត្តទៅមុខបាន មានចំណុចសំខាន់ៗជាច្រើនដែលតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវគិតគូរដោះស្រាយនិងរៀបចំផែនការយ៉ាងម៉ត់ចត់។
ខាងក្រោមនេះគឺជាចំណុចសំខាន់៣យ៉ាងក្នុងចំណោមចំណុចសំខាន់ដទៃទៀតដែលម្ចាស់អាជីវកម្មដំបូងត្រូវយកចិត្តទុកដាក់៖
១) លុយគួរតែមិនមែនជាគោលដៅរបស់អ្នកទេ
វាជាការកុហកមួយច្បាស់ណាស់ថា បុគ្គលណាម្នាក់ធ្វើការមិនមែនដើម្បីលុយ ព្រោះថាយ៉ាងហោចណាស់ក៏គេត្រូវការវាដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួនដែរ។ ប៉ុន្តែ អ្នកមិនត្រូវលើកតម្កើងហួសហេតុទៅលើលុយពេកនោះទេ។ អ្នកគួរតែខិតខំគិតគូរថាតើត្រូវធ្វើបែបណាដើម្បីឲ្យផលិតផលរបស់អ្នកមានគុណភាព ហើយវាអាចជួយដោះស្រាយបញ្ហារបស់មនុស្សក្នុងសង្គមបានយ៉ាងដូចម្ដេចខ្លះ។ នៅពេលអ្នកជោគជ័យក្នុងដំណាក់កាលទាំងនេះ នោះលុយនឹងរត់តាមក្រោយអ្នកជាមិនខាន។ បានអានឬនៅ ?
២) ចូរកុំភ័យខ្លាចបរាជ័យ តែត្រូវធ្វើជាអ្នកប្រយុទ្ធដ៏តស៊ូម្នាក់
អ្វីដែលកើតឡើងមកលើអ្នកមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺនៅត្រង់ថាតើអ្នកនឹងសម្លឹងមើលហេតុការណ៍នោះយ៉ាងដូចម្ដេចទៅវិញទេ។ បើអ្នកបានដាក់ចិត្តថាជាអ្នករៀនសូត្រ នោះនៅពេលរឿងមិនសមបំណងទាំងឡាយកើតចំពោះអ្នក អ្នកប្រាកដជាអាចស្វែងរកមេរៀនដែលមានបង្កប់នៅក្នុងរឿងរ៉ាវទាំងនោះមិនខាន។ ជោគជ័យដែលបានមកដោយស្រួលៗ ក៏មិនសូវមានប្រយោជន៍ដូចជាជោគជ័យដែលបានឆ្លងកាត់ឧបសគ្គរារាំងផ្លូវច្រើននោះដែរ។
៣) មានភាពច្នៃប្រឌិត
មានឃ្លាមួយបានលើកឡើងដូច្នេះថា៖ «បើសិនជាផែនការរបស់អ្នកមិនបានសម្រេច ចូរផ្លាស់ប្ដូរផែនការរបស់អ្នកតែកុំផ្លាស់ប្ដូរគោលដៅរបស់អ្នកឲ្យសោះ»។ នេះចង់បង្ហាញថាបើសិនជាអ្នកដាក់គោលដៅថាចង់សម្រេចអ្វីមួយឲ្យបាន មិនថាជាការដោះស្រាយបញ្ហាអ្វីក៏ដោយ តែគោលដៅនោះមិនអាចសម្រេចបាន ដូច្នេះអ្នកត្រូវចេះបត់បែនផ្លាស់ប្ដូរផ្លូវដែលអ្នកជ្រើសរើសដើរឲ្យដល់ទីនោះប្រកបដោយភាពច្នៃប្រឌិត៕
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទាំងនេះគឺជាសំណួរចំនួន៣ ដែលអ្នកត្រូវស្រាវជ្រាវជាមុន មុនពេលស្វែងរកដើមទុនពីវិនិយោគិនណាម្នាក់