ទីក្រុង ២ក្នុងប្រទេសចិនមានផ្ទុកកម្រិតខ្យល់កខ្វក់ធ្ងន់ធ្ងរជាងគេ​



អ្នកវិទ្យាសាស្រ្តនៅ Berkeley Earth អង្គការសិក្សាស្រាវជ្រាវមិនរកប្រាក់ចំណូលដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វញ៉ា បានធ្វើការប្រៀបធៀបកម្រិតខ្យល់កខ្វក់ក្នុងទីក្រុងធំៗមួយចំនួនទៅនឹងផលប៉ះពាល់នៃផ្សែងបារី។ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះបានរកឃើញថា គុណភាពនៃខ្យល់ក្នុងទីក្រុងធំៗមួយចំនួនគឺសមមូលទៅនឹង​ការជក់បារីបីកញ្ចប់ក្នុងមួយថ្ងៃ។ ខ្យល់កខ្វក់មានសារធាតុល្អិតៗឆ្មារៗ ដែលមានអង្កត់ផ្ចិតប្រវែង ២,៥មីក្រុង ដែលយើងមិនអាចមើលនឹងភ្នែកទទេបាន ហើយសារធាតុល្អិតៗឆ្មារៗនេះរសាត់ក្នុងបរិយាកាសហើយចូលទៅក្នុងសួត ដែលបង្កជាជំងឺផ្សេងៗមានជាអាទិ៍ ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកសួត និងជំងឺហឺតជាដើម។ កម្រិតនៃសារធាតុល្អិតឆ្មារៗក្នុងខ្យល់ត្រូវគេគិតជាមីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3)។ កម្រិតខ្យល់កខ្វក់ ២២ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) គឺស្មើនឹងការជក់បារីមួយដើម។ ក្នុងឆ្នាំ ២០១៥ ទីក្រុងសឹនយ៉ាង (Shenyang) ប្រទេសចិនមានកម្រិតខ្យល់កខ្វក់ប្រមាណ ១៤០០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) ដែលស្មើនឹងបារី ៦៣ដើម។ ចំណែកឯ ទីក្រុងប៉េកាំងវិញ កម្រិតខ្យល់កខ្វក់ក្នុងបរិយាកាសស្មើនឹងបារី ២៥ដើម ដែលចំនួននេះស្មើនឹងទីក្រុងញូដេលី ប្រទេសឥណ្ឌា។ ដោយឡែក បើក្រឡេកទៅទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក កម្រិតខ្យល់កខ្វក់ក្នុងបរិយាកាសស្មើនឹងបារី ៦.៥ដើម ខណៈទីក្រុងប៉ារីស ប្រទេសបារាំង មានកម្រិតខ្យល់កខ្វក់ស្មើនឹងបារីតែ ៦ដើមប៉ុណ្ណោះ។ អង្កការសុខភាពពិភពលោក (World Health Organization) បានប្រកាសថា មានមនុស្ស ៣លាននាក់ស្លាប់ជារៀងរាល់ថ្ងៃដោយសារតែខ្យល់កខ្វក់ក្នុងបរិយាកាស។ បើយោងតាមអង្គការសុខភាពពិភពលោក ដើម្បីរក្សាសុខភាពពីគ្រោះថ្នាក់បង្កឡើងដោយខ្យល់កខ្វក់ ទីក្រុងនីមួយៗត្រូវកំណត់សារធាតុល្អិតឆ្មារៗត្រឹម ១០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់៕ ចុចអាន៖ ​ចិន​នៅ​តែ​ឈរ​លេខ​ ២ខាង​ចំណាយ​លើ​វិស័យការពារជាតិ​ឆ្នាំ២០១៧ តែ​នៅ​តែ​តិច​ជាង​អាមេរិកជិត ៣​ដង ដោយ៖ លង់ វណ្ណៈ
X
5s