តើអ្វីទៅជាប្រព័ន្ធអនុគ្រោះទូទៅ (GSP)? កម្ពុជាទទួលបានចំណេញអ្វីខ្លះ?
ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រទេសកម្ពុជា ដែលសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក Trump បានសម្រេចបន្តសុពលភាព ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដល់ប្រទេសកម្ពុជា រហូតដល់ដំណាច់ឆ្នាំ២០២០ ដែលសុពលភាពចាស់បានផុតកំណត់កាលពីឆ្នាំ២០១៧។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយថ្ងៃម្សិលមិញនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សុពលភាពថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
តើអ្វីទៅជាប្រព័ន្ធអនុគ្រោះទូទៅ (GSP)? ប្រព័ន្ធអនុគ្រោះទូទៅ (Generalized System of Preferences) គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មពីសំណាក់សហរដ្ឋអាមេរិកដល់ប្រទេសដែលមានការអភិវឌ្ឍន៍តិចជាងគេ។ មែនទែនទៅ គោលការណ៍នៃប្រព័ន្ធនេះ មិនមែនមានតែសម្រាប់សហរដ្ឋអាមេរិកមួយប៉ុណ្ណោះទេ។ ងាកទៅនិយាយពីប្រវត្តិនៃប្រព័ន្ធនេះបន្តិច GSP ត្រូវបានអនុម័តនៅក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ជាង ៤០ឆ្នាំមកហើយ ហើយប្រព័ន្ធនេះត្រូវបានផ្ដល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសអភិវឌ្ឍន៍តិចតួចដែលចាត់ជាប្រទេសទទួលបានអត្ថប្រយោជន៍ (beneficiary countries) ពីសំណាក់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ ឬប្រទេសផ្ដល់ជំនួយ (donor countries)។ ប្រព័ន្ធនេះត្រូវបានផ្ដល់ជូនទៅប្រទេសកំពុងអភិវឌ្ឍន៍ពីសំណាក់ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ ឬប្រទេសផ្ដល់ជំនួយជាច្រើន ហើយមូលដ្ឋាននៃការអនុវត្តន៍ប្រព័ន្ធនេះមានលក្ខណៈខុសៗគ្នាពីសំណាក់ប្រទេសផ្ដល់ជំនួយនីមួយៗ។ មានការរៀបចំលក្ខខណ្ឌពិសេសមួយចំនួន ដើម្បីជួយ ឬផ្ដល់នូវតម្រូវការពិសេសដល់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួច។
ការអនុវត្តន៍ GSP របស់សហរដ្ឋអាមេរិក សម្រាប់ទំនិញធ្វើដំណើរឆ្នាំ២០១៦
ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍតិចតួច ដែលទទួលបានអត្ថប្រយោជន៍ (Least Developed Beneficiary Countries=LDBDCs) ព្រមទាំងប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាមួយកាលានុវត្តនភាពនៃទ្វីបអាហ្វ្រិក (AGOA) ដែលផលិតរបស់សម្រាប់ការធ្វើដំណើរ ដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅ នឹងអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ កាលពីឆ្នាំ២០១៦។ សូមបញ្ជាក់ថា ការនាំចេញទំនិញពីប្រទេស កម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺត្រូវបានទទួលការអនុគ្រោះពន្ធគយ សម្រាប់តែការនាំចេញទំនិញធ្វើដំណើរ (Travel) ប៉ុណ្ណោះ ដោយឡែកសម្រាប់មុខទំនិញផ្សេងទៀត គឺត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងនៃអង្គការ WTO។
ប្រវត្តិស្តីពីកម្មវិធី GSP របស់សហរដ្ឋអាមេរិក
បើយោងតាមការចុះផ្សាយរបស់ គេហទំព័រស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា នៅក្រោមកម្មវិធី GSP ផលិតផលចំនួនប្រហែល ៥០០០ មុខអាចធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធ។ ទំនិញប្រហែល ៥០០០ មុខនោះគឺ មកពីប្រទេសកំពុងអភិវឌ្ឍន៍ និងដែនដីចំនួន ១២២ និងប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDCs) ចំនួន ៤៣ ដែលបានទទួលការលើកលែងពន្ធនៅពេលនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយនៅក្នុងនោះទំនិញជាង ១៥០០ មុខពី LDBDC ត្រូវបានទទួលការលើកលែងពន្ធ។ នៅក្នុងឆ្នាំ ២០១៥ ទំនិញនាំចូលទៅក្នុងសហរដ្ឋអាមេរិកដោយគ្មានការបង់ពន្ធ នៅក្រោមកម្មវិធី GSP មានតម្លៃសរុបចំនួន ១៧,៤ ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកគឺប្រមាណ ៣,៤ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទំហំ ៣ពាន់លានដុល្លារជាង ខណៈកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញប្រមាណ ៤០០លានដុល្លារ។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅឆ្នាំ២០១៧ មានកំណើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០១៦ ដែលពាណិជ្ជកម្មសរុបមានទំហំ ៣,១៧៥ ពាន់លានដុល្លារ (សូមមើលតារាងពីការិយាល័យស្ថិតិរបស់សហរដ្ឋអាមេរិក)។
ដោយ៖ យ៉ន សុភារិទ្ធ (Sophearith YORN) គ្រូបង្រៀនប្រព័ន្ធផ្សព្វផ្សាយ អាជីវកម្ម និងសេដ្ឋកិច្ច នៅ សាកលវិទ្យាល័យកម្ពុជា កម្ពុជាអន្តរជាតិ (CamIU) និងវិទ្យាស្ថាន CEO