អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ពីការជ្រើសរើសហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ
លោកអ្នកបានស្គាល់ អ្វីទៅជាទីផ្សារមូលបត្រ រួចទៅហើយ សំណួរមួយទៀតអាចនឹងចោទឡើងថា “ហេតុអ្វីត្រូវជ្រើសរើស ការស្វែងរកទុនតាមរយៈទីផ្សារមូលបត្រ?” មានមូលហេតុជាច្រើនដែលត្រូវជ្រើសរើសហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ នេះបើយោងតាម សៀវភៅមគ្គុទ្ទេសក៍ស្ដីពី ការស្វែងយល់ពីហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ជាសាធារណៈនៅព្រះរាជាណាចក្រកម្ពុជារបស់គណកម្មការមូលបត្រកម្ពុជា។
ទីមួយ៖ ការស្វែងរកមូលធនតាមរយៈទីផ្សារមូលបត្រ ផ្ដល់លក្ខណៈពិសេសខុសពីការស្វែងរកមូលធនតាមរយៈវិស័យធនាគារ ដូចខាងក្រោម៖
១- ការបង្កើនទុនតាមរយៈទីផ្សារមូលបត្រ គឺមិនក្លាយជាបន្ទុកបំណុលសម្រាប់ក្រុមហ៊ុនក្នុងករណីដែលក្រមហ៊ុនធ្វើការបោះលក់នូវភាគហ៊ុន ដែលជាប្រភេទមួយនៃមូលបត្រ ពីព្រោះថាអ្នកដែលទិញភាគហ៊ុន នឹងក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងក្រមហ៊ុន ដែលផ្ទុយពីការបោះផ្សាយលក់មូលបត្របំណុល ឬការខ្ចីប្រាក់ពីធនាគារ ដែលអ្នកទិញមូលបត្របំណុល ឬធនាគារ នឹងក្លាយជាម្ចាស់បំណុលរបស់ក្រុមហ៊ុន។
២- ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈធ្វើឲ្យក្រុមហ៊ុនទទួលបាននូវសាច់ប្រាក់ច្រើន ហើយក្រុនហ៊ុនអាចប្រើប្រាស់សាច់ប្រាក់ទាំងនោះទាំងស្រុង ដោយពុំចាំបាច់លៃឡើយ។ ក្រុមហ៊ុនគ្រាន់តែធ្វើការបែងចែកប្រាក់លាភ ទៅឲ្យវិនិយោគិន ដែលជាម្ចាស់ហ៊ុនរបស់ក្រុមហ៊ុន ក្នុងករណីដែលក្រុមហ៊ុនទទួលបានប្រាក់ចំណេញប៉ុណ្ណោះ។
៣- ការធ្វើហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ក្រុមហ៊ុនពុំចាំបាច់មានទ្រព្យសម្បត្តិដើម្បីដាក់ធានាឡើយ ដូច្នេះក្រុមហ៊ុនមិនចាំបាច់បារម្ភអំពីការស្វែងរកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ម្ចាស់ហ៊ុនដើម្បីធានាបំណុល ហើយជាពិសេសក្រុមហ៊ុន ឬម្ចាស់ហ៊ុនពុំមានការភ័យខ្លាចក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីលក់ឡៃឡុងសងបំណុល ក្នុងករណីក្រុមហ៊ុនមិនមានលទ្ធភាពសង ដូចកម្ចីពីធនាគារនោះទេ។ ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានគោលដៅសម្រេចបាននៅកំណើនយូរអង្វែង និងនិរន្តរភាពធុរកិច្ច ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង គឺជាជម្រើសមួយដ៏ប្រសើរ។ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រមានឳកាសប្រើប្រាស់ប្រភពហិរញ្ញប្បទានរយៈពេលវែងដែលអនុញ្ញាតឲ្យក្រមហ៊ុនមានភាពបត់បែនផ្នែកហិរញ្ញវត្ថុ បង្កើនកេរ្តី៍ឈ្មោះ និងភាពគួរជឿទុកចិត្ត។
ទីពីរ៖ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង មានអត្ថប្រយោជន៍ជាច្រើនដល់បុគ្គលដែលពាក់ព័ន្ធទាំងឡាយដូចជា ម្ចាស់អាជីវកម្ម ដៃគូអាជីវកម្ម វិនិយោគិន ម្ចាស់បំណុល កូនបំណុល បុគ្គលិកក្រុមហ៊ុន និងសង្គមជាតិជាដើម។ ចំពោះក្រុមហ៊ុន និងភាគហ៊ុនិក/ វិនិយោគិន អត្ថប្រយោជន៍គួរឲ្យកត់សម្គាល់នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង និង ការចុះបញ្ចីលក់លើទីផ្សារមូលបត្រមានដូចខាងក្រោម៖
ក- អត្ថប្រយោជន៍ចំពោះក្រុមហ៊ុន
១- ទទួលបានប្រភពហិរញ្ញប្បទានរយៈពេលវែង ហើយមិនមានកាតព្វកិច្ចលើលក្ខខណ្ឌ បង់សងទាំងប្រាក់ដើម និងការប្រាក់ ដូចបានរំលេចក្នុងចំណុចទីមួយពីលក្ខណៈពិសេសខុសគ្នានៃការស្វែងរកមូលធនតាមរយៈទីផ្សារមូលបត្រ និងការស្វែងរកមូលធនតាមរយៈវិស័យធនាគារខាងលើ។ បន្ថែមពីការទទួលបាននូវមូលនិធិដែលក្រុមហ៊ុនត្រូវការក្នុងការវិនិយោគពង្រីកអាជីវកម្មតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង និងការចុះបញ្ចីលក់មូលបត្រ ក្រុមហ៊ុននិងទទួលបានឱកាសភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន និងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសផងដែរ។
២- ទទួលស្គាល់ជាក្រុមហ៊ុនដែលអនុវត្តតាមស្ដង់ដារ និងជួយធ្វើឲ្យសាធារណជនកាន់តែស្គាល់ក្រុមហ៊ុន ហើយធ្វើឲ្យភាគីទាំងឡាយដែលធ្វើប្រតិបត្តិការជាមួយប្រកបដោយភាពជឿទុកចិត្ត។ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រអាចពង្រឹង និងពង្រីកកេរ្ត៍ឈ្មោះក្រុមហ៊ុនបាន ដោយសារការគ្រប់គ្រងក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈរួមផ្សំនិងការគោរពតាមគោលនយោបាយបង្ហាញព័ត៍មាន ដែលបង្កើតជាភាពជឿទុកចិត្តក្នុងចំណោមអតិថិជន ស្ថាប័នហិរញ្ញវត្ថុ វិនិយោគិន និងដៃគូអាជីវកម្មនានា។
៣- អាចរក្សាបុគ្គលិកឆ្នើម និងលើកទឹកចិត្តដល់បុគ្គលិក និង/ ឬអ្នកគ្រប់គ្រងតាមរយៈកម្មវិធីដូចជាគោនយោបាយលើកទឹកចិត្ត តាមរយៈការលក់មូលបត្រកម្មសិទ្ធិជូនបុគ្គលិក (ESOP) សម្រាប់ជម្រុញភក្ដីភាពរបស់បុគ្គលិក៖ ធនធានមនុស្សជាកត្តាដ៏សំខាន់មួយក្នុងរួមចំណែកដល់ភាពជោគជ័យមួយរបស់ក្រុមហ៊ុន។ តាមរយៈគោលនយោបាយលើកទឹកចិត្តដោយការលក់មូលបត្រកម្មសិទ្ធិជូនបុគ្គលិក គឺការផ្ដល់ឱកាសដល់បុគ្គលិកទទួលបានកម្មសិទ្ធិ(តាមរយៈភាគហ៊ុន) ក្នុងក្រុមហ៊ុន ហើយជាកត្តាជុំរុញការចូលរួម និងភក្កីភាពរបស់បុគ្គលិកបានមួយកម្រិតទៀត។
៤- បង្កើតការទទួលខុសត្រូវ និងវិជ្ជាជីវៈនិយមក្នុងចំណោមអ្នកគ្រប់គ្រង៖ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង និងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈជាលើកដំបូង និងការចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុននិងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនជាច្រើនដោយការបង្ហាញព័ត៍មានពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុននៅលើទីផ្សារ។ ក្រុមហ៊ុននិងអាចធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចសាជីវកម្មតាមរយៈការរៀបចំឲ្យមានរេចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលដែលមានតួនាទីពិនិត្យលើការបំពេញមុខងាររបស់អ្នកគ្រប់គ្រងក្រុមហ៊ុន។ បន្ថែមពីនេះម្ចាស់អាជីវកម្មអាចពង្រឹងយន្តការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលអាចកាត់បន្ថយការអនុវត្តការមិនត្រឹមត្រូវ ឬការគៃបន្លំផ្សេងៗក្នុងដំណើរការអាជីវកម្មប្រចាំថ្ងៃ។ ដូចនេះ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននិងបង្កើនវិជ្ជាជីវៈនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងក្រុមហ៊ុន។
៥- ផ្ដល់នូវនិរន្តភាពធុរកិច្ចតាមរយៈការផ្លាស់ប្តូរពីទម្រង់ធុរកិច្ចតាមរយៈការផ្លាស់ប្តូរពីទម្រង់ ធុរកិច្ចបែបគ្រួសារទៅជាការគ្រប់គ្រងប្រកបដោយវិជ្ជាជីវ៖ ការផ្ដូរពីការគ្រប់គ្រងបែបគ្រួសារទៅជាការជាការគ្រប់គ្រងដោយអ្នកគ្រប់គ្រងវិជ្ជាជីវៈដែលត្រូវបានជ្រើសរើសដើម្បីពង្រឹងការគ្រប់គ្រងធុរកិច្ចរបស់ក្រុមហ៊ុន និងធនាដល់ការរីកចម្រើនធុរកិច្ចក្នុងពេលអនាគត។ ទោះបីជាសមាជិកគ្រួសារជំនាន់ក្រោយនៅបន្តការគ្រប់គ្រងក្រុមហ៊ុន ឬដកខ្លួនពីការគ្រប់គ្រងក្រុមហ៊ុន ដើម្បីប្រកបធុរកិច្ចផ្សេងៗទៀតក៏ដោយ ក៏ក្រុមហ៊ុននៅតែអាចបន្តនិរន្តរភាពប្រតិបត្តិការរបស់ខ្លួនបានដែរ។
៦- ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដោយទទួលបានការអនុគ្រោះបំណុលពន្ធ និងកាត់បន្ថយពន្ធលើប្រាក់ចំណេញចំនួន៥០% (ហាសិបភាគរយ) នៃពន្ធលើប្រាក់ចំណេញត្រូវបង់សម្រាប់រយៈពេល ៣(បី) ឆ្នាំពេញ ចំពោះក្រុមហ៊ុនដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រមុនថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ អនុលោមតាម អនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ស្ដីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ។ បន្ថែមពីនេះប្រាក់រំដោះពន្ធលើប្រាក់ចំណេ្១% (មួយភាគរយ) ប្រចាំខែត្រូវបានព្យួរជាបណ្ដោះអាសន្នរយៈពេល ៣(បី) ឆ្នាំ។
ខ- អត្ថប្រយោជន៍ចំពោះភាគហ៊ុនិក/វិនិយោគិន អត្ថប្រយោជន៍ដែលភាគហ៊ុនិក ឬវិនិយោគិន ទទូលបានពីការវិនិយោគពីទីផ្សារមូលបត្រ រួមមានដូចខាងក្រោម៖
១- បង្កើនសន្ទនីយភាពសម្រាប់ភាគហ៊ុនិក/ ឬវិនិយោគិន ពីព្រោះភាគហ៊ុនិក និង/ ឬវិនិយោគិនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្រនៅទីផ្សារមូលបត្រ អាចលក់ ឬទិញ បានគ្រប់ពេលវេលានៃម៉ោងជូញដូររបស់ទីផ្សារមូលបត្រ។ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និងមានសន្ទនីយភាពខ្ពស់ជាងមុន នៅពេលភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានជួញដូរជាច្រើនដង ក្នុង១(មួយ) ថ្ងៃនៅលើទីផ្សារ។ មានន័យថាវិនិយោគគិនងាយស្រួលក្នុងការបម្លែងភាគហ៊ុនជាសាច់ប្រាក់នៅពេលណាក៏បាន នៅពេលដែលខ្លួនត្រូវការសាច់ប្រាក់។
២- បង្កើនឱកាសវិនិយោគទៅក្រុមហ៊ុនជាច្រើននៅក្នុងទីផ្សារដោយមិនចាំបាច់ចំណាយពេលវេលាច្រើន ឬមានប្រាក់ច្រើនដូចជាការប្រកបអាជីវកម្មផ្ទាល់ខ្លួន។
៣- មិនមានពន្ធប្រថាប់ត្រាលើការជួញដូរភាគហ៊ុននៅលើទីផ្សារមូលបត្រ។ ៤- ទទួលបានការបន្ថយពន្ធកាត់ទុក៥០%(ហាសិបភាគរយ) លើភាគលាភ ដែលបានមកពីការកាន់កាប់មូលបត្រកម្មសិទ្ធិរហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។
ដោយ៖ ស្រីរ័ត្ន ប្រភព៖ សៀវភៅមគ្គុទ្ទេសក៍ស្ដីពី ការស្វែងយល់ពីហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ជាសាធារណៈនៅព្រះរាជាណាចក្រកម្ពុជារបស់គណកម្មការមូលបត្រកម្ពុជា