អ្វីទៅជាទីផ្សារមូលបត្រ?​



ទីផ្សារមូលបត្រ (Securities Market) សំដៅដល់ទីកន្លែងលក់-ទិញមូលបត្រ និយាយសមញ្ញ យើងអាចហៅទីផ្សារមូលបត្រថាជា “ ទីផ្សារភាគហ៊ុន” ពីព្រោះផលិតផលដែលលក់ដំបូងគេនៅលើទីផ្សារនេះគឺភាគហ៊ុន 2។ ហេតុដូចនេះហើយ ទើបគេហៅទីផ្សារនេះថាជាទីផ្សារភាគហ៊ុននៅដំណាក់កាលដំបូង។ បន្តិចម្ដងៗ ទីផ្សារភាគហ៊ុនបានវិត្តខ្លួន ដោយនៅលើទីផ្សារនេះ មិនត្រឹមមានតែភាគហ៊ុនមួយមុខប៉ុណ្ណោះទេដែលត្រូវបានដាក់លក់ ប៉ុន្តែក៏មានឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតផងដែរដូចជាមូលបត្របំណុល ឧបករណ៍ដេរីវេទីវ ជាដើម។ ដោយសារតែហេតុផលនេះហើយ ទើបនៅប្រទេសមួយចំនួនធ្វើការផ្លាស់ប្តូរឈ្មោះទីផ្សារនេះទៅជាទីផ្សារមូលបត្រ វិញ។ ជាទូទៅ ទីផ្សារមូលបត្រត្រូវបានបែងចែកជាពីរ គឺទីផ្សារដំបូង (Primary Market) និងទីផ្សារបន្ទាប់ (Secondary Market)។ ទីផ្សារដំបូង គឺជាកន្លែងដែលមូលបត្រត្រូវបានបោះចេញដោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ (Issuer) លក់ទៅឲ្យសាធារណជន ដើម្បីទទួលបាននូវហិរញ្ញប្បទាន ឬមូលធនយកទៅវិនិយោគ។ នៅក្នុងដំណាក់កាលទីផ្សារដំបូងនេះហើយដែលក្រុមហ៊ុន ឬសហគ្រាស ធ្វើការប្រមូលទុនពីសាធារណជន ឬវិនិយោគិនដែលបានចូលរួមទិញមូលបត្រដែលបោះចេញដោយក្រុមហ៊ុន។ ដំណើរការដែលក្រុមហ៊ុនលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានហៅថា “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណលើកដំបូង” ឬភាសាអង់គ្លេសហៅថា “Initial Public Offering (IPO)”។ នៅក្នុងដំណាក់កាលនៃទីផ្សារដំបូង វិនិយោគិនអាចទិញមូលបត្រដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ។ រាល់ការបោះផ្សាយលក់មូលបត្រជាសាធារណនៅប្រទេសកម្ពុជា ត្រូវទទូលបានការអនុញ្ញាតជាមុនពីគណកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដែលជានិយ័តករតែមួយគត់ក្នុងវិស័យ មូលបត្រ។ ចំណែកទីផ្សារបន្ទាប់ គឺជាកន្លែងដែលមូលបត្រត្រូវបានជួញដូរបន្ត រវាងអ្នកទិញ និងអ្នកលក់ ដែលជាវិនិយោគិន មានន័យថាវិនិយោគិនដែលបានទិញមូលបត្ររួចក្នុងទីផ្សារដំបូងអាចលក់ចេញវិញបានទៅឥឲ្យវិនិយោគិនមួយផ្សេងទៀត។ ដោយឡែកប្រាក់ដែលបានមកពីសកម្មភាពជួញដូរលើទីផ្សារបន្ទាប់គឺបានទៅលើអ្នកកាន់កាប់មូលបត្រ មិនមែនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រឡើយ ពោលគឺ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រមិនទទួលផលប្រយោជន៍សេដ្ឋកិច្ចពីការជួញដូរលើទីផ្សារបន្ទាប់ឡើយ។ សម្រាប់ប្រទេសកម្ពុជា អ្នកដែលផ្ដល់កន្លែងសម្រាប់ជួញដូរមូលបត្រនៅលើទីផ្សារបន្ទាប់ គឺក្រុមហ៊ុនមូលបត្រកម្ពុជា (ផ.ម.ក) ដែលជាប្រតិបត្តិករទីផ្សារមូលបត្រទទួលបានការអនុញ្ញាតពីគណកម្មការមូលបត្រកម្ពុជា។ និយាយជារួម ទីផ្សារមូលបត្រមានសារសំខាន់ចំពោះសេដ្ឋកិច្ចជាតិព្រោះវាជាប្រភពទុនដែលជួយដល់ក្រុមហ៊ុន/សហគ្រាសដែលត្រូវការទុនបន្ថែម នោះនឹងធ្វើឲ្យមាននូវកំណើនសេដ្ឋកិច្ច នៅពេលដែលក្រុមហ៊ុន/ សហគ្រាស កាន់តែរីកធំធាត់។ លើសពីនេះ ទីផ្សារមូលបត្រ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែទីផ្សារនេះក៏ជួយសម្រួល និងពន្លឿនសេដ្ឋកិច្ចជាតិផងដែរ។ គោបំណងនៃទីផ្សារមូលបត្រគឺផ្សារភា្ជប់រវាងតម្រូវការ មូលនិធិ និងការផ្គត់ផ្គង់មូលនិធិក្នុងប្រព័ន្ធសេដ្ឋកិច្ច។ មូលនិធិដែលហូរចូលទីផ្សារមូលបត្រ គឺកើតចេញពីរូបវន្តបុគ្គល និងស្ថាប័ណហិរញ្ញវត្ថុនានាដែលមានទុន និងដែលមានបំណងវិនិយោគ ហើយទុនទាំងនោះនិងត្រូវបានស្រូបយកដោយវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីបម្រើឲ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍគំនិតឆ្នៃប្រឌិតថ្មីៗជាដើមនៅក្នុងវិស័យពាណិជ្ជកម្ម ហើយការប្រើប្រាស់មូលនិធិទាំងនោះតាមរយៈវិស័យឯកជន និងរដ្ឋ នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើន។ ចំណាំ៖ ភាគហ៊ុន ឬមូលបត្រកម្មសិទ្ធិ គឺជាចំណែកនៃភាពជាម្ចាស់លើក្រុមហ៊ុនមួយ ហើយវាក៏តំណាងឲ្យសិទ្ធិលើទ្រព្យ និងប្រាក់ចំណេញលើក្រុមហ៊ុននោះផងដែរនៅកម្ពុជា មូលបត្រអាចត្រូវបានបែងចែកជា ២ (ពីរ) ប្រភេទធំៗ គឺមូលបត្ររដ្ឋ និងមូលបត្រមហាជន។ មូលបត្ររដ្ឋ សំដៅដល់ប័ណ្ណ សញ្ញាប័ណ្ណ និងឧបករណ៍សញ្ញាប័ណ្ណផ្សេងៗទៀត ដែលបញ្ចាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឬអាចនិយាយដោយខ្លីថាប័ណ្ណបំណុលដែលបោះផ្សាយដោយរាជរដ្ឋាភិបាល។ ចំណែកមូលបត្រមហាជន សំដៅដល់មូលបត្រដែលចុះផ្សាយដោយក្រមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (PLC) ឬនីតិបុគ្គលផ្សេងទៀត ដែលក្នុងនោះរួមមាន ១) មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន ២) មូលបត្របំណុលរាប់បញ្ចូលទាំងសញ្ញាប័ណ្ណ ៣) ផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួម ១) មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន ២) មូលបត្របំណុលរាប់បញ្ចូលទាំងសញ្ញាប័ណ្ណ ៣) ផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួម ៤) ឧបករណ៍និស្សន្ទ ឬឧបករណ៍ដេរីវេទីវ ៥) ឧបករណ៍ហិរញ្ញវត្ថុដ៏ទៃទៀតដែលកំណត់ថាជាមូលបត្រ។ នៅ​មាន​ភាគ​បន្ត​ទៀត... ប្រភព៖ សៀវភៅ​មគ្គុទេសក៏​ស្ដីពី​ ការ​ស្វែង​យល់​ពី​ហិរញ្ញប្បទាន​តាម​រយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) ជា​សាធារណៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ របស់​ គណកម្មការ​មូលបត្រ​កម្ពុជា​ ដោយ៖ ស្រីរ័ត្ន​
X
5s