អាចទៅរួចទេដែលក្នុងពេលអនាគត មនុស្សយន្តនឹងអាចមានសតិដឹងពីអត្ថិភាពរបស់វាដូចជាមនុស្សយើងដែរ ?​



ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ជឿនលឿន​យ៉ាង​ខ្លាំងក្លា។ ជា​ឧទាហរណ៍​ជាក់ស្ដែង​ដូច​មាន​ឡាន​ដែល​អាច​បើកបរ​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​វា ម៉ាស៊ីន​ដែល​ត្រូវ​បាន​បង្កើត​ឲ្យ​ចេះ​សន្ទនា​ជាមួយ​មនុស្ស​ដូចជា​ siri ​ដែល​អ្នក​និយាយ​ឆ្លើយឆ្លង​ជាមួយ​នៅ​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​អ្នក មនុស្សយន្ត​ដែល​អាច​ជំនួស​ការងារ​ជាច្រើន​ប្រភេទ​របស់​មនុស្ស ហើយ​មិន​យូរ​ប៉ុន្មាន​ក្នុង​ពេល​អនាគត វា​នឹង​អាច​ទៅ​រួច​ដែល​អ្នក​ជំនាញ​នឹង​អាច​បង្កើត​មនុស្សយន្ត​ដែល​ឈ្លាសវៃ​ខ្លាំងក្លា និង​ថែមទាំង​អាច​មាន​សតិ​ដឹង​ពី​អត្ថិភាព​របស់​វា​ដូចជា​មនុស្ស​របស់​យើង​ដូច្នោះ​ដែរ។  បើ​មនុស្ស​យើង​ពិត​ជា​អាច​បង្កើត​មនុស្សយន្ត​ដែល​មាន​សមត្ថភាព​ឈ្លាសវៃ​ខ្លាំងក្លា​បែប​នោះ​ប្រាកដ​មែន នោះ​វា​នឹង​ចោទ​ជា​បញ្ហា​ធំៗ​យ៉ាង​ច្រើន​សម្រាប់​មនុស្សជាតិ​របស់​យើង។ ក្នុង​ចំណោម​បញ្ហា​ដ៏​ចម្បង​ៗ​ទាំងនោះ​មាន​ដូចជា​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នឹង​មាន​ច្រើន ព្រោះ​ជាក់ស្ដែង​ដូច​ពេល​បច្ចុប្បន្ន​នេះ​ជា​តឹកតាង​ស្រាប់ គឺ​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ដែល​បាន​ប្ដូរ​ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស​មក​ប្រើ​បច្ចេកវិទ្យា​ម៉ាស៊ីន​និង​មនុស្សយន្ត​វិញ។ នៅ​ពេល​ដែល​សង្គម​មួយ​មាន​អ្នក​អត់​ការងារ​ធ្វើ​ច្រើន នោះ​វា​នឹង​ចោទ​ជា​បញ្ហា​ធំ​ចម្បង​បន្ត​ទៀត​ដែល​ជា​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ហើយ​បើ​អ្នក​អត់​ការងារ​ធ្វើ​មាន​ច្រើន​ហើយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​មាន​ឆ្ងាយ​ទៀត នោះ​បញ្ហា​ផ្លូវចិត្ត​របស់​មនុស្ស​ក៏​មាន​កាន់តែ​ច្រើន​និង​ធ្ងន់ធ្ងរ​ទៅ​ជាមួយ​គ្នា​ដែរ។ ល្អ​និង​អាក្រក់​គឺ​តែងតែ​មក​ជា​គូ​នឹង​គ្នា។ អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ដែល​រំពឹង​ទុក​តែ​ល្អ​សុទ្ធ ឬ​អាក្រក់​សុទ្ធ​បាន​ឡើយ។ ថ្វី​បើ​ភាព​ជឿនលឿន​របស់​បច្ចេកវិទ្យា​ទាំងនេះ​អាច​ផ្ដល់​ផល​ប្រយោជន៍​ជាច្រើន​ចូល​មក​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​យើង​ក៏ដោយ ដូចជា​កាល​ដែល​ឡាន​ដែល​បើកបរ​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​វា​អាច​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ភាព​ធ្វេស​ប្រហែស​របស់​មនុស្ស​យើង​ក៏​ដោយ ក៏​បច្ចេកវិទ្យា​ទាំងនោះ​នឹង​ចោទ​ជា​បញ្ហា​ធំៗ​ជាច្រើន​ទៀត​ដូចជា​ពាក់ព័ន្ធ​នឹង​ច្បាប់​និង​សីលធម៌ ដែល​បើ​សិន​ជា​មនុស្សយន្ត​មួយ​នោះ​បាន​ប្រព្រឹត្ត​សកម្មភាព​អ្វីមួយ​ខុសឆ្គង​ដែល​អាច​មាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​មនុស្ស​ជាយថាហេតុ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ​ទៅ ? ដោយ​៖ ស្រីពៅ
X
5s