​​ចង់​​​ឆ្លង​ផុត​ពី​ដំណាក់កាល​សាកល្បង​ការងារ ​ហើយ​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ ​គួរ​​អនុវត្ត​ចំណុច​​សំខាន់ៗ​ទាំង​នេះ​!​​



ជា​ទូទៅ​ ​​ដើម្បី​ចម្រាញ់​បាន​បុគ្គលិក​ដែល​មាន​​សមត្ថភាព ​និង មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការងារ​ ក្រុមហ៊ុន​នីមួយៗ​បាន​ចំណាយ​ពេល​ច្រើន​ណាស់​ ​ដើម្បី​ជ្រើសរើស ​ចាប់តាំង​ពី​ការ​ពិនិត្យ​មើល​​ប្រវត្តិរូបសង្ខេប​ (CV) ​ការ​សម្ភាសន៍​​​ ​​និង ​ការ​ធ្វើ​តេស្ដ​ប្រឡង​​ជា​ដើម​ ​ទម្រាំ​ជាប់​។ ​ប៉ុន្តែ​ក្រោយ​ពេល​ឆ្លង​ផុត​ដំណាក់​កាល​ទាំង​នេះ​ហើយ ​មិនមែន​មាន​ន័យ​ថា ​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នោះ​ទេ​ ​ព្រោះ​​ដំណាក់​កាល​ជាច្រើន​ពី​ខាង​ដើម​នោះ ​វា​គ្រាន់​តែ​ជា​ ​ការ​​​តេស្ដ​ផ្នែក​ទ្រឹស្ដី​ប៉ុណ្ណោះ ​ប៉ុន្តែ​នៅ​​ដំណាក់កាល​មួយ​ទៀត​ ​ជា​ការ​តេស្ដ​សមត្ថភាព​ជាក់ស្តែង​។ ​ការ​តេស្ដ​សមត្ថភាព​ជាក់​ស្តែង​នេះ ​គឺ​ជា​ទូទៅ​មាន​រយៈពេល​៣​ខែ ​ដែល​គេ​ហៅ​ថា ​ការ​សាកល្បង​ការងារ​ ​(Probation Period)។ ដូច្នេះ​ហើយ បេក្ខជន​ទាំង​អស់​ ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឆ្លង​ឲ្យ​ផុត​ពី​ដំណាក់​កាល​នេះ ទើប​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​បាន​។ ​​ខាង​ក្រោម​នេះ ជា​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​អនុវត្ត​​ដើម្បី​ ​ឆ្លង​ផុតការ​សាកល្បង​ការងារ​ ​(Probation Period)៖​

១) ​​ស្គាល់​ពី​ការងារ​ឲ្យ​ច្បាស់​៖ ​ត្រូវ​ចាំ​ថា ​ក្នុង​ដំណាក់កាល​នៃ​ការ​សាកល្បង​ការងារ​ ​ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​ការ​ឲ្យ​បាន​ល្អ ​ដើម្បី​បញ្ជាក់​ថា ​អ្នក​​ពិត​ជា​​មាន​សមត្ថភាព​ ​​ហើយ​អាច​បន្ត​ធ្វើការ​បន្ទាប់​ពី​បញ្ចប់​រយៈពេល​​សាកល្បង​ការងារ​នោះ​។ ចំណុច​សំខាន់​មួយ ដែល​ត្រូវ​ចងចាំ ​និង ត្រូវ​អនុវត្ត​នោះ ​គឺ​ត្រូវ​ស្គាល់​ពី​ការងារ​ដែល​ខ្លួន​កំពុង​​​ធ្វើ​ឲ្យ​ច្បាស់​​ ​តាមរយៈ​ការ​សួរនាំ​បុគ្គលិក​ចាស់ៗ ​និង ​ស្វែងយល់​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត​ ​​ព្រោះ​កន្លែង​ការងារ​ខ្លះ​គេ​មិន​លម្អិត​ច្រើន​នោះ​ទេ ​ដោយ​គេ​ចង់​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ ​និង ភាព​ឆ្លាតវៃ​របស់​បេក្ខជន​។ ​ដូច្នេះ​នៅ​ពេល​អ្នក​ស្គាល់​ច្បាស់​ពី​ការងារ​របស់​ខ្លួន​ហើយ ​នោះ​​អ្នក​នឹង​ធ្វើ​វា​ប្រកបដោយ​ទំនុក​ចិត្ត​ខ្ពស់​ និង ​មិន​សូវ​មាន​បញ្ហា​ផង​ដែរ​។

​​​២) ​គោរព​​ពេលវេលា៖ ​ពេលវេលា​គឺ​ពិត​ជា​សំខាន់ ​ហើយ​វា​កាន់​តែ​សំខាន់​ទៅ​ទៀត​សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​រយៈ​ពេល​សាកល្បង​ការងារ​ ​ព្រោះ​​​មិន​ទាន់​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ឡើយ​។ ​បើ​មក​ធ្វើ​ការ​មិន​ទាន់​ម៉ោង ហើយ​ចេញ​ទៅ​វិញ​មុន​ម៉ោង​នោះ ​​គឺ​ជា​សញ្ញា​អវិជ្ជមាន​មួយ​ ​ហើយ​ថ្នាក់​លើ​​នឹង​មិន​ព្រម​ឲ្យ​អ្នក​មាន​ឱកាស​​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ដោយ​ងាយ​ឡើយ​។

៣) ​បង្ហាញ​ការ​ជឿជាក់​៖ ​ការ​ជឿជាក់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ថា​បើ​គ្មាន​ជំនឿ​ចិត្ត​ទេ ​​អ្នក​នឹង​ចាញ់​មុន​ប្រកួត​។ ​ដូច្នេះ​ហើយ ​​ក្នុង​រយៈ​ពេល​នៃ​ការ​សាកល្បង​ការងារ​នេះ ​អ្នក​មិន​ត្រូវ​បង្ហាញ​ថា ​ខ្លួន​ភ័យខ្លាច​ ​បារម្ភ​ ​ឬ ចំណុច​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ថ្នាក់​លើ​កត់សម្គាល់​នោះ​ទេ​។ បើ​អ្នក​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ទេ ​នោះ​អ្នក​ដទៃ​ក៏​មិន​អាច​ជឿជាក់​លើ​អ្នក​ដែរ​។ ​​​​​​

៤) ​​ទំនួល​ខុស​ត្រូវ​ខ្ពស់៖ ​​ធ្វើ​អ្វី​ក៏​ដោយ ​បើ​គ្មាន​ទំនួល​ខុស​ត្រូវ​ទេ​ ​ប្រាកដ​ជា​មិន​អាច​សម្រេច​ការងារ​អ្វី​បាន​ដោយ​ងាយ​ឡើយ ​ជា​ពិសេស​​ការងារ​ក្រុម​តែ​ម្តង​។ ​ជា​ទូទៅ​ការងារ​ក្រុម​ គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​​មាន​ន័យ​ថា ​បើ​​សមាជិក​ណា​ម្នាក់​ធ្វើ​ការ​មិន​បាន​ល្អ ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សមាជិក​ដទៃ​ទៀត​ផង​ដែរ​។ ដូច្នេះ​បើ​អ្នក​ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ នោះ​អ្នក​នឹង​គ្មាន​សង្ឃឹម​​អាច​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​បាន​ឡើយ​។ ​ផ្ទុយ​ទៅ​វិញ ​បើ​អ្នក​​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ​ ​​ទោះបីជា​​លទ្ធផល​នៃ​ការងារ​នោះ មិន​ទាន់​ល្អ​ក្តី​ប៉ុន្តែ​ ​ថ្នាក់​លើ​ប្រាកដ​ជា ​​មើល​ឃើញ​ពី​ចំណុច​សំខាន់​មួយ​នេះ​។

៥) ​សាង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​៖ ​ដូច​ដែល​​បាន​ដឹង​ហើយ​ថា ការងារ​ក្រុម​ ​មិន​មែន​មនុស្ស​ម្នាក់​អាច​សម្រេច​អ្វីៗ​តែ​ម្នាក់​ឯង​នោះ​ទេ ​ពោល​គឺ​ទាល់តែ​មាន​ការ​សហការ​គ្នា​។ ​ដូច្នេះ​ ​​អ្នក​មិន​គួរ​ទៅ​ធ្វើ​ការ​ដោយ​​អង្គុយ​តែ​មុខ​កុំព្យូទ័រ​ ដូច​មនុស្ស​យន្ត​នោះ​ទេ ​ពោល​គឺ​ត្រូវ​តែ​ព្យាយាម​សាង​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ជា​មួយ​​បុគ្គលិក​ផ្សេងៗ​ទៀត។ កាល​ណា​អ្នក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពួកគេ​ ​ទី១​អ្នក​អាច​​ទទួល​បាន​ការ​ណែនាំ ​និង បង្ហាត់បង្ហាញ​ពី​អ្នក​ទាំង​នោះ ​និង ទី២​ ​​ពួក​គេ​អាច​​និយាយ​​រឿង​ល្អៗ​របស់​អ្នក​ប្រាប់​ទៅ​កាន់​ថ្នាក់​លើ​៕ ​​

ដោយ​៖ ​អ៊ុន ​ភក្តី

X
5s