បើចង់លក់ផលិតផលឲ្យដាច់ជាងមុនបាន គន្លឹះ ៤យ៉ាងនេះអ្នកគួរតែអនុវត្តន៍
មានផលិតផលល្អ ឬអស្ចារ្យយ៉ាងណាក៏ដោយ ប្រសិនអ្នកមិនចេះលក់ ផលិតផលរបស់អ្នកក៏លក់មិនចេញដែរ។ យុទ្ធសាស្ត្រសម្រាប់ការលក់ត្រូវតែមានសម្រាប់អ្នកលក់គ្រប់រូប។ នេះបើយោងតាមលោក Brain Tracy ដែលជាអ្នកនិយាយបំផុសទឹកចិត្តនិងជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល បានចែករំលែករូបមន្តលក់ដូចខាងក្រោម៖
១) មនុស្សទិញអត្ថប្រយោជន៍
មនុស្សទិញអត្ថប្រយោជន៍មានន័យថាមនុស្សមិនមែនទិញផលិតផលរបស់អ្នកនោះទេ ប៉ុន្តែមនុស្សទិញអត្ថប្រយោជន៍ដែលពួកគេនឹងទទួលបានពីផលិតផលរបស់អ្នក។ ដូច្នេះហើយ មុនពេលដែលអ្នកបង្ហាញផលិតផល អ្នកគួរតែនិយាយពីអត្ថប្រយោជន៍ដែលអតិថិជននឹងទទួលបានពីផលិតផលអ្នក។
២) ត្រូវកំណត់អតិថិជនឲ្យបានច្បាស់លាស់
អ្នកត្រូវស្គាល់អតិថិជនរបស់អ្នកឲ្យច្បាស់ តើផលិតផលរបស់អ្នកសាកសមនឹងមនុស្សចាស់ឬវ័យក្មេង អ្នកមានឬអ្នកមធ្យមឬសម្រាប់អ្នកក្រ។ល។
៣) ផ្សព្វផ្សាយ
ពិតប្រាកដណាស់ថាបើចង់ឲ្យមនុស្សស្គាល់ទំនិញរបស់អ្នកបានល្បឿន អ្នកត្រូវចេះផ្សព្វផ្សាយផលិតផលរបស់អ្នក។ សម័យនេះហើយ អ្នកអាចផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យានិងមិនអស់លុយទៀតផង។ បន្ថែមពីលើនេះ អ្នកអាចបង្កើនទំនាក់ទំនងជាមួយអតិថិជនឬឆ្លើយតបនឹងបញ្ហារបស់អតិថិជនតាមប្រព័ន្ធបច្ចេកវិទ្យាទៀតផង។
៤) តម្លៃ
មុននឹងកំណត់តម្លៃផលិតផលរបស់អ្នក អ្នកគួរធ្វើការស្រាវជ្រាវពីផលិតផលដែលជាដៃគូប្រកួតប្រជែងរបស់អ្នកជាមុនសិន។ តម្លៃផលិតផលរបស់អ្នកពិតជាអាចកំណត់នៃជោគវាសនាជំនួញរបស់អ្នកបាន៕
ដោយ៖ អឹុង មុយយូ