ពិសារភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេយូរៗ ទៅធ្វើឱ្យមនុស្សស្ថិតនៅលើផ្លូវទៅកាត់ធាតុញៀន
សំណួរមួយតែងតែចោទសួរថា តើកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងអាចចាត់ទុកជាភេសជ្ជៈដែលធ្វើឲ្យញៀនដែរឬទេ? អ្នកខ្លះយល់ស្រប ឯអ្នកខ្លះទៀតក៏មិនយល់ស្រប។ ប៉ុន្តែ ថ្មីៗនេះក៏មានស្ថាប័នជំនាញនៅសហរដ្ឋអាមេរិក បានចាត់ទុកភេសជ្ជៈប៉ូវកម្លាំងនិងកាហ្វេ ចូលទៅក្នុងភេសជ្ជៈដែលមានសារធាតុញៀនផងដែរ។
តាមការស្រាវជ្រាវដែលធ្វើឡើងដោយសមាគម American Society of Addiction Medicine បានរកឃើញពីទំនាក់ទំនងយ៉ាងខ្លាំងរវាងការប្រើប្រាស់គ្រឿងញៀននិងភេសជ្ជៈថាមពល ដែលនេះជារឿងដ៏ឲ្យភ្ញាក់ផ្អើលមួយ។ អ្នកស្រាវជ្រាវក៏បានឱ្យដឹងថា អ្នកដែលប្រើប្រាស់គ្រឿងញៀននិងភេសជ្ជៈប៉ូវកម្លាំង ក៏អាចឈានដល់ការប្រើប្រាស់អំពើហិង្សានាថ្ងៃអនាគតក៏ថាបាន។
ដោយឡែក ការសិក្សាដាច់ដោយឡែកមួួទៀត ដែលបោះពុម្ពដោយទិន្នានុប្បវត្តន៍ Neuropsychopharmacology បានសរសេរថា ក្មេងជំទង់ដែលទទួលទានជាតិកាហ្វេអ៊ីនច្រើននៅវ័យក្មេងអ៊ីចឹង ច្រើនតែប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាលនៅពេលពេញវ័យ។ រឹតតែអាក្រក់ជាងនេះទៅទៀត វាអាចកែប្រែអត្តចរិតមនុស្សថែមទៀតផង។
ម៉្យាងវិញទៀត បើតាមទស្សនាវដ្ដី The LS Times ក្មេងជំទង់ដែលញ៉ាំភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេ មួយចំនួនតូចអាចឈានដល់ការប្រើប្រាស់គ្រឿងញៀននៅថ្ងៃអនាគត ហើយរឿងសំខាន់ និងពិតប្រាកដបំផុតនោះគឺថា ហើយបើទោះបីជាពួកគេមិនប្រើប្រាស់គ្រឿងញៀនក៏ដោយនាពេលអនាគត ក៏វាប៉ះពាល់ដល់សុខភាពរបស់ពួកគេផងដែរ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.caffeineinformer.com