តើគួរឆ្លើយតបរបៀបណាជាមួយនឹងស្ថានការណ៍ឈ្លោះទាស់ទែងគំនិតគ្នា ?​



មនុស្ស​ម្នាក់ៗ​មាន​ការ​យល់​ឃើញ​មិន​ដូច​គ្នា​នោះ​ទេ ហើយ​ក៏​មិនមែន​ថា​ការ​យល់​ឃើញ​របស់​អ្នក​ត្រឹមត្រូវ​រហូត ឯ​ការ​យល់​ឃើញ​របស់​អ្នកដទៃ​ខុស​រហូត​នោះ​ដែរ។ នៅ​កន្លែង​ការងារ អ្នក​តែងតែ​ត្រូវ​ធ្វើការ​ជា​ក្រុម​ជាមួយ​នឹង​អ្នកដទៃ​ទៀត ហើយ​ក៏​ដោយសារ​តែ​ភាព​ខុស​ប្លែក​គ្នា​នៅ​ក្នុង​ទស្សន​យល់​ឃើញ​នេះ​ឯង ទើប​បាន​ជា​មាន​ពេល​ខ្លះ​ជម្លោះ​បាន​កើតឡើង​នៅ​ក្នុង​ទំនាក់ទំនង​អ្នក​ជាមួយ​នឹង​ពួកគេ​ទាំងនោះ។

មនុស្ស​មួយ​ចំនួន​យល់​ថា​ការ​ឈ្លោះ​ប្រកែក​គ្នា​គឺជា​រឿង​យក​ឈ្នះ​ចាញ់ ហើយ​ពួកគេ​ដាច់​ខាត​ត្រូវ​តែ​ជា​ភាគី​ដែល​ឈ្នះ។ ប៉ុន្តែ មនុស្ស​ដែល​ឈ្លាសវៃ ការ​ទាស់ទែង​គ្នា​អាច​ឲ្យ​ពួកគេ​រៀន​សូត្រ​បាន​ច្រើន​តាមរយៈ​ភាព​ខុស​គ្នា​ដែល​មាន​នៅ​ក្នុង​ទស្សន​របស់​មនុស្ស​ម្នាក់ៗ។ គឺ​នៅ​ពេល​មួយ​ដែល​មាន​អ្នក​ជំទាស់​ជាមួយ​នឹង​ការ​យល់​ឃើញ​របស់​អ្នក​នេះ​ឯង ទើប​អ្នក​អាច​រីកចម្រើន​បាន។

រ​ដំឡើង​សរសៃ​ក​ដាក់​គ្នា ដើម្បី​យក​ឈ្នះ​និង​ត្រូវ​រៀងៗ​ខ្លួន មិន​អាច​នាំ​អ្នក​ទៅ​ណា​ឆ្ងាយ​បាន​នោះ​ទេ។ អ្នក​អាច​នឹង​ឈ្នះ​នៅ​ក្នុង​ជម្លោះ​មួយ​នោះ តែ​បើ​អ្នក​ប្រើប្រាស់​វិធី​បែប​នោះ​ដើម្បី​យក​ឈ្នះ​ភាគី​ម្ខាង​ទៀត នោះ​អ្នក​នឹង​ក្លាយ​ជា​សត្រូវ​របស់​ពួកគេ​អស់​មួយ​ជីវិត ហើយ​អ្វី​ដែល​សំខាន់​គឺ​អ្នក​មិន​បាន​រៀន​សូត្រ​អ្វី​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ជម្លោះ​នោះ ក្រៅ​តែ​ពី​ការ​អួត​តម្កើង​យក​ត្រូវ​តែ​ខ្លួនឯង​នោះ​ឡើយ។ មិនមែន​មាន​តែ​អ្នក​នោះ​ទេ តែ​គឺ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ត្រូវ​ការ​ការ​យល់​ចិត្ត​ពី​អ្នកដទៃ ថ្វី​បើ​ទោះ​ជា​ពេល​ខ្លះ​បុគ្គល​នោះ​មិន​បង្ហាញ​ប្រាប់​អ្នក​ឲ្យ​ដឹង​ក៏​ដោយ។

នៅ​ពេល​អ្នក​ចង់​ឲ្យ​គេ​ទទួលស្គាល់​ថា​គំនិត​របស់​អ្នក​ត្រឹមត្រូវ ឯ​គំនិត​របស់​គេ​អាច​នឹង​ខុស​នៅ​ក្នុង​ស្ថានការណ៍​ណាមួយ នោះ​អ្នក​មិន​អាច​ជំទាស់​ប្រឆាំង​នឹង​ទស្សន​របស់​គេ​ដោយ​មាន​គោលដៅ​ថា​ចង់​ឈ្នះ​និង​ត្រូវ​តែ​ម្យ៉ាង​នោះ​ទេ។ អ្នក​ត្រូវ​ព្យាយាម​យល់​ពី​ភាគី​ម្ខាង​ទៀត​ជា​មុន​សិន។ នៅ​ពេល​អ្នក​ដាក់​ចិត្ត​ថា​ព្យាយាម​យល់​ពី​ភាគី​ម្ខាង​ទៀត នោះ​មាន​ពេល​ខ្លះ​អ្នក​អាច​នឹង​រៀន​សូត្រ​បាន​ថា​គឺ​ទស្សន​របស់​អ្នក​ទៅវិញ​ទេ​ដែល​អាច​មាន​ចន្លោះ​ខ្វះខាត​មិន​ត្រឹមត្រូវ។

តាម​របៀប​នេះ អ្នក​មិន​ត្រឹមត្រូវ​ចេះ​បង្ការ​ជម្លោះ​ដែល​អាច​លេច​ឡើង​ចេញ​ពី​ភាព​ខុស​គ្នា​នៅ​ក្នុង​ទស្សន​យល់​ឃើញ​របស់​អ្នក​ជាមួយ​នឹង​ដៃគូ​សន្ទនា​របស់​អ្នក ឬ​ក៏​ជា​សមាជិក​ក្រុម​ការងារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​អ្នក​ថែម​ទាំង​អាច​រៀន​សូត្រ​បាន​ពី​ពួកគេ​ទាំងនោះ និង​កសាង​នូវ​ប្រយោជន៍​ដែល​ល្អ​សម្រាប់​ភាគី​ទាំង​សង​ខាង​ថែម​ទៀត​ផង៕

ដោយ៖ ស្រីពៅ

X
5s