មូលហេតុ ៧យ៉ាងដែលធ្វើឲ្យអត្រានៃការលែងលះកើនឡើងខ្ពស់ !​



គ្មាននរណាម្នាក់អាចទស្សទាយដឹង១០០% ថាគូស្នេហ៍មួយណានឹងឈានដល់ការបែកបាក់គ្រួសារឬអត់នោះទេ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តផ្នែកសង្គមមានភាពប៉ិនប្រសប់ក្នុងការទស្សទាយថាគ្រួសារណាមួយនឹងឈានដល់ការបែកបាក់បាន។ ខាងក្រោមនេះគឺជាមូលហេតុទាំង៧ដែលនាំឲ្យឈានដល់ការលែងលះ៖

១) រៀបការនៅយុវវ័យ និងក្រោយអាយ៣២ឆ្នាំ៖ ពេលដែលល្អបំផុតក្នុងការរៀបការគឺនៅពេលអ្នកមានការត្រៀមខ្លួនរួចរាល់ និងពេលដែលអ្នកមើលឃើញនរណាម្នាក់ដែលអ្នកគិតថាអ្នកអាចចំណាយពេលមួយជីវិតជាមួយអ្នកនោះ។ ប៉ុន្តែកុំរៀបការទាំងបង្ខំ។ ការសិក្សាស្រាវជ្រាវមួយបានផ្ដល់ជាដំបូន្មានថា គូរស្នេហ៍ដែលរៀបការនៅយុវវ័យ និងគូស្នេហ៍ដែលរៀបការនៅអាយុ ៣៥ឆ្នាំឡើង មានបញ្ហាប្រឈមខ្ពស់ទៅនឹងការបែកបាក់គ្រួសារជាងគូរស្នេហ៍ដែលរៀបការនៅអាយុជិត៣០ឆ្នាំ ឬក៏៣០ឆ្នាំតិចតួច។ បើយោងតាមការសិក្សាស្រាវជ្រាវដែលដឹកនាំដោយ លោក Nicholas Wolfinger សាស្រ្តាចារ្យនៅសកលវិទ្យាល័យ Utah បានរកឃើញថា ការរៀបការក្រោយអាយុ ៣២ឆ្នាំ មានអត្រានៃការលែងលះកើនឡើង ៥% ជារៀងរាល់ឆ្នា។ ការសិក្សាស្រាវជ្រាវដែលបោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៥ ក្នុង ទិន្នានុប្បវត្តិ Economic Inquiry បានរកឃើញថាការឈានដល់ការលែងលះកើនឡើងនៅពេលដែលគម្លាតអាយុរវាងប្ដីនិងប្រពន្ធឆ្ងាយពេក។ ដោយគេរកឃើញថា គម្លាតអាយុ ១ឆ្នាំធ្វើឲ្យមានការលែងលះ៣% គម្លាតអាយុ៥ឆ្នាំមានរហូតដល់ ១៨% ហើយ គម្លាតអាយុ១០ឆ្នាំមានជាង ៣៩%។  

២) ប្ដីដែលមិនធ្វើការពេញម៉ោង៖ ការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យ Harvard ដែលបានបោះពុម្ពផ្សាយក្នុងរបាយការណ៍សង្គមអាមេរិក (American Sociological Review) ក្នុងឆ្នាំ ២០១៦ បានរកឃើញថា មិនមែនបញ្ហាលុយកាក់នោះទេដែលធ្វើឲ្យមានអត្រានៃការលេងលះកើនខ្ពស់ ប៉ុន្តែជាម៉ោងធ្វើការ។ នៅពេលដែលអ្នកសិក្សាស្រាវជ្រាវ លោកស្រី Alexandra Killewald បានតាមដានក្រុមគ្រួសារដែលរៀបការហើយចាប់ពីឆ្នាំ ១៩៧៥ លោកស្រីបានសិក្សាឃើញថាប្តីដែលមិនធ្វើការពេញម៉ោងមានអត្រានៃការលែងលះគ្នា ៣.៣%  បើធៀបជាមួយនឹងគ្រួសារដែលមានប្ដីធ្វើការពេញម៉ោង ដែលមានតែ ២.៥%ប៉ុណ្ណោះ។

៣) រៀនមិនចប់វិទ្យាល័យ៖ ការចុះផ្សាយលើ គេហទំព័ររបស់ ការិយាល័យស្ថិតិការងារ (Bureau of Labor Statistics) ដែលបានដកស្រង់ផ្នែកសំខាន់ពីការវាស់ស្ទង់ការវិវឌ្ឍន៍ជាតិនៃយុវជន (National Longitudinal Survey of Youth ) ក្នុងឆ្នាំ ១៩៧៩ ដែលបានតាមដានពីគម្រូនៃការរៀបការនិងលែងលះ។ ការចុះផ្សាយនោះបានសរសេរថា ឪកាសនៃការលែងលះគឺទាបសម្រាប់អ្នកដែលមានកម្រិតនៃការអប់រំខ្ពស់ ប៉ុន្តែជាងពាក់កណ្ដាលនៃអ្នករៀបការដែលមិនបានបញ្ចប់ថ្នាក់វិទ្យាល័យមានអត្រានៃការលេងលះប្រហែល ៣០% បើធៀបជាមួយនឹងអ្នកដែលបានបញ្ចប់ថ្នាក់សកលវិទ្យាល័យ។

៤) ការមិនគោរពគ្នា៖ លោក John Gottman​ ចិត្តវិទូនៅសកលវិទ្យាល័យ Washington  និងជាស្ថានិកនៃវិទ្យាស្ថាន Gottman បានបង្ហាញពីអាក្បកិរិយា ៤ប្រភេទដែលបណ្ដាលឲ្យអត្រានៃការលេងលះកើនខ្ពស់៖

) ការមិនគោរពគ្នា៖ ការមើលស្រាលដៃគូរបស់អ្នកថាគេមិនបានស្មើនឹងអ្នក។

ខ) ការរិះគន់៖  ការអង្កេតអាក្បកិរិយារបស់ដៃគូអ្នក ហើយចាប់ផ្ដើមចាប់កំហុសនិងនិយាយពីចារិករបស់គេ។

គ) ការបិទបាំងកំហុស៖ មើលឃើញខ្លួនឯងថាជាជនរងគ្រោះរហូត។

ឃ) ការមិននិយាយរកគ្នា៖ ពេលមានបញ្ហាអ្វីមួយ មិនបានជជែកវែកញែករកពីដើមហេតុនៃបញ្ហា និងរកដំណោះស្រាយ។

៥) ការស្រលាញ់លើស៖ ប្រសិនបើអ្នកមិនអោប ថើប ឬកាន់ដៃ ឲ្យដូចគូស្នេហ៍ទើបរៀបការថ្មោងថ្មីទេ អ្នកនឹងមានបញ្ហា។ ចិត្តវិទូ លោក Ted Huston  បានតាមដានគូស្នេហ៍ ១៦៨គូ អស់រយះពេល ១៣ឆ្នាំចាប់ពីពេលពួកគេរៀបការ។ លោក Ted Huston និងក្រុមរបស់លោក បានធ្វើការសម្ភាសគូស្នេហ៍ទាំងនោះ។ ពួកគេបានរកឃើញថា គូស្នេហ៍ដែលលេងលះបន្ទាប់ពីរយះពេល ៧ឆ្នាំឬច្រើនជាងនេះបណ្ដាលដោយសារតែការស្រលាញ់ជ្រុលពេក។

៦) អាកប្បកិរិយាមិនសូវខ្វល់៖ ការសិក្សាស្រាវជ្រាវមួយក្នុងឆ្នាំ ២០១៣ ដែលត្រូវបានបោះពុម្ពផ្សាយក្នុងក្នុងនិន្នានុប្បវត្តិគ្រួសារនិងការរៀបការ (Journal of Marriage and Family) ដោយបានធ្វើការសម្ភាសទៅលើគូស្នេហ៍ចំនួន ៣៥០គូ បានរកឃើញថា អាកប្បកិរិយាមិនសូវខ្វល់ខ្វាយរបស់ដៃគូគឺធ្វើឲ្យមានអត្រានៃការលែងលះគ្នាឡើងខ្ពស់។ តាមការសិក្សាស្រាវជ្រាវមួយទៀតក្នុងឆ្នាំ ២០១៤ ដែលត្រូវបានបោះពុម្ពផ្សាយក្នុងនិន្នានុប្បវត្តិ Communication Monographs បានបង្ហាញថា គូស្នេហ៍ដែលមិនសូវមានការខ្វល់ខ្វាយពីគ្នា គឺមិនសូវមានសុភមង្គលក្នុងក្រុមគ្រួសារ។ លោក Paul Schrodt ដែលជាប្រធានដឹកនាំការសិក្សាស្រាវជ្រាវ នៅសកលវិទ្យាល័យ Texas Christian បានមានប្រសាសន៍ថា វាគឺជារឿងដែលពិបាកក្នុងការដោះស្រាយ ដោយសារតែដៃគូម្ខាងគិតថាដៃគូម្ខាងទៀតជាអ្នកបង្កើតកំហុស។

៧) គិតអវិជ្ជមានអំពីគ្នា៖ ក្នុងឆ្នាំ ១៩៩២ លោក Gottman និងអ្នកសិក្សាស្រាវជ្រាវផ្សេងទៀតនៅសកលវិទ្យាល័យ Washington បានបង្កើតជាទម្រង់មួយដែលហៅថា ការសម្ភាសពីរឿងចាស់ (oral history interview) ដោយអនុញ្ញាតឲ្យគូស្នេហ៍រៀបរាប់ពីរឿងវ៉ាវក្នុងគ្រួសាររបស់ពួកគេ។ បន្ទាប់ពីការសន្ទនាចប់ អ្នកសិក្សាស្រាវជ្រាវអាចទស្សទាយដឹងថាតើគូស្នេហ៍មួយណាកំពុងមានបញ្ហាដែលឈានដល់ការលែងលះ។ ក្នុងការសិក្សាស្រាវជ្រាវមួយក្នុងឆ្នាំ ២០០០ ក្នុងនិទ្នានុប្បវត្តិចិត្តសាស្រ្តគ្រួសារ (Journal of Family Psychology) លោក  Gottman និងក្រុមការងារ បានធ្វើការសាកសួរគ្រួសារដែលទើបនឹងរៀបការថ្មោងថ្មីចំនួន ៩៥គូ តាមរយះ ការសម្ភាសពីរឿងចាស់ (oral history interview) ។ លទ្ធផលបានបង្ហាញពីពិន្ទុរបស់គ្រួសារទាំងនោះដោយផ្អែកលើការវាស់ស្ទង់ ដែលបង្ហាញអំពីភាពខ្លាំងនិងខ្សោយរបស់ពួកគេ។

ការវាស់ស្ទង់នោះរួមបញ្ចូលដោយ៖

១) ការស្រលាញ់គ្នាទៅវិញទៅមក

២) ការជួយជ្រោមជ្រែងគ្នា

៣) ការជជែកគ្នា

៤) ការមើលឃើញភាពអវិជ្ជមានលើគ្នា

៥) ការខកបំណងក្នុងការរៀបការ

៦) ការយល់ច្រលំលើគ្នា៕  

ប្រែសម្រួល៖ លង់ វណ្ណៈ

ប្រភព៖ www.businessinsider.com    

X
5s