ចំណុច ៧យ៉ាងដែលអ្នកត្រូវចៀសវាងក្នុងតេស្តប្រឡងផ្នែកនិយាយរបស់ IELTS​



ដើម្បីបង្កើននូវទំនុកចិត្តដល់ខ្លួនឯងនិងទទួលបានលទ្ធផលគួរជាទីពេញចិត្តតាមការរំពឹងទុក ចំណុច៧យ៉ាងទាំងនេះនឹងក្លាយជាអ្វីដែលអ្នកត្រូវចៀសវាងក្នុងតេស្តប្រឡងផ្នែកនិយាយរបស់ IELTS: ១) មិនត្រូវព្យាយាមចងចាំនូវចម្លើយទុកជាមុន៖ ការទន្ទេញចម្លើយទុកមុនសម្រាប់ឆ្លើយក្នុងពេលប្រឡងគឺជាវិធីមួយដែលនឹងទាញទម្លាក់ពិន្ទុរបស់អ្នក ព្រោះចម្លើយទាំងនោះមានភាពច្បាស់លាស់ពេក។ ម្យ៉ាងទៀតអ្នកត្រួតពិនិត្យនឹងដឹងនូវចំណុចនេះទុកជាមុន ដូច្នេះពួកគេអាចនឹងសួរអ្នកនូវសំណួរពិបាកៗបន្ថែមដើម្បីឲ្យប្រាកដពីកម្រិតសមត្ថភាពនិយាយភាសាអង់គ្លេសរបស់អ្នក។ ២) មិនត្រូវព្រួយបារម្ភពីគំនិតរបស់អ្នកសម្ភាសឡើយ៖ អ្នកត្រូវចាំថាអ្នកសម្ភាសទាំងនោះមិនផ្ដោតសំខាន់លើគំនិតរបស់អ្នកទេ ពួកគេគ្រាន់តែចង់ឲ្យអ្នកបង្ហាញពីកម្រិតសមត្ថភាពនិយាយភាសាអង់គ្លេសរបស់អ្នកដោយផ្ដល់នូវចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរប្រកប និងចំណេះដឹងក្នុងការប្រើប្រាស់វេយ្យាករណ៍ត្រឹមត្រូវប៉ុណ្ណោះ។ ៣) មិនត្រូវប្រើប្រាស់ពាក្យពិបាកៗច្រើនពេកទេ៖ ការយល់ខុសទៅលើការព្យាយាមប្រើប្រាស់ពាក្យវែងៗនិងស្មុគស្មាញនឹងធ្វើឲ្យអ្នកមានកំហុសនិងបាត់បង់ពិន្ទុ បើសិនជាអ្នកមិនប្រាកដ១០០%ពីអត្ថន័យរបស់វានិងរបៀបប្រើប្រាស់ពាក្យនោះបានច្បាស់លាស់ទេនោះ។ ពួកគេគ្រាន់តែចង់ឲ្យអ្នកបង្ហាញថាអ្នកយល់ដឹងពីពាក្យក្នុងភាសាអង់គ្លេសបានទូលំទូលាយប៉ុណ្ណោះ។ ៤) មិនត្រូវផ្ដល់អាទិភាពដល់វេយ្យាករណ៍ខ្ពស់ជាងភាពស្ទាត់ជំនាញក្នុងការនិយាយឡើយ៖ នៅក្នុងតេស្តប្រឡង ផ្នែកវេយ្យាករណ៍និងភាពស្ទាត់ជំនាញក្នុងការនិយាយរបស់អ្នក ត្រូវបានផ្ដល់ពិន្ទុដាច់ដោយឡែកពីគ្នា។ អ្នកគួរសាកសួរយោបល់ពីគ្រូរបស់អ្នកពីផ្នែកណាមួយដែលអ្នកនៅខ្វះខាតនិងត្រូវអភិវឌ្ឍបន្ថែម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ៥) មិនត្រូវភ័យពេកនោះទេ៖ ភាពភ័យខ្លាចគ្រាន់តែជាអ្នកមករាំងស្ទះដំណើរការរលូនឆ្ពោះទៅរកការបញ្ចេញសក្ដានុពលរបស់អ្នកទៅលើការប្រឡងតែប៉ុណ្ណោះ។ អ្នកគ្រាន់តែត្រៀមខ្លួនឲ្យបានល្អនោះអ្នកនឹងមានទំនុកចិត្តហើយ។ ៦) ចៀសវាងការមកដល់យឺត៖ អ្នកត្រូវប្រាកដថាអ្នកបានផ្ដល់ពេលច្រើនល្មមសម្រាប់ខ្លួនឯងក្នុងការធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលដែលអ្នកប្រឡង។ ពេលអ្នកទៅដល់មុនពេលវេលាកំណត់ អ្នកនឹងមានអារម្មណ៍ធូរស្រាលនិងផ្ចង់អារម្មណ៍បានល្អជាងមុន។ ៧) មិនត្រូវពឹងផ្អែកលើអ្នកសម្ភាសឡើយ៖ អ្នកមិនត្រូវគិតថាអ្នកសម្ភាសនឹងប្រាប់អ្នកបើសិនជាអ្នកនិយាយច្រើនពេកឬតិចពេក ព្រោះពួកគេគ្មានកាតព្វកិច្ចអ្វីទៅធ្វើរឿងទាំងនោះទេ ម្យ៉ាងទៀតពួកគេនឹងមិនប្រាប់អ្នកពេលអ្នកមានកំហុសនោះដែរ។ គ្រប់គ្រងលើការនិយាយរបស់អ្នក ហើយមិនត្រូវស្វែងរកជំនួយពីអ្នកសម្ភាសឡើយ៕ ប្រភព៖ britishcouncil
X
5s