គន្លឹះ​​ទាំង​៧​យ៉ាង​​​មិនអាចខ្វះបាន សម្រាប់​អ្នកដែល​ទើប​តែ​ចាប់​ផ្ដើម​ប្រឡូក​ក្នុងជីវិត​ជំនួញ​​ថ្មីថ្មោង​



អ្នក​ជំនួញ​ជោគជ័យ​តែង​តែ​​រៀន​សូត្រ​ពី​ភាព​បរាជ័យ​និង​​ពី​មនុស្ស​ដែល​ធ្លាប់​ជោគជ័យ​​មក​​ហើយ។ ​សម្រាប់​អ្នក​ជំនួញ​ខ្លះ ​ពួក​គាត់​មិន​ត្រឹម​តែ​សិក្សា​ដោយ​ខ្លួន​ឯង​នោះ​ទេ​ថែម​ទាំង​មាន​គ្រូ​បង្វឹក​ឬ​ទី​ប្រឹក្សាទៀត​ផង។ ​យ៉ាង​ណា​មិញ ​ប្រសិន​អ្នក​​ទើប​តែ​​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ពាណិជ្ជកម្ម​​ហើយ​គ្មាន​​​អ្នក​ណែនាំ ​ចូរ​កុំ​បារម្ភ​អី។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​​ទាំង​៧ដែល​អាច​ជួយ​អ្នក​បាន៖ ១) ​ត្រូវ​ជំរុញ​ខ្លួន​ឯង៖ ​កម្លាំង​ចិត្ត​ដ៏​ធំ​និង​ខ្លាំង​បំផុត​គឺ​ត្រូវ​កើត​ចេញ​ពី​ខ្លួន​ឯង។ អ្នក​ត្រូវ​មាន​គំនិត​ចង់​​រីក​ចម្រើន​ដោយ​ជំរុញ​ខ្លួន​ឯង​ឲ្យ​ហ៊ាន​ពុះពារ​រាល់​ឧបសគ្គ​ដែល​អ្នក​​​ត្រូវ​ឆ្លង​កាត់​​​ព្រោះ​ក្នុង​ជំនួញ អ្នក​​នឹង​ជួប​បញ្ហា​និង​ឧបសគ្គ​ជា​ដើម​។ ២) ធ្វើ​ការ​ដែល​អ្នក​ស្រឡាញ់៖ ការ​​ចាប់​ផ្តើម​ជំនួញ​មួយ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ​វា​មិន​ត្រឹម​​ត្រូវ​ការ​ពេលវេលា​ ការ​ខំ​ប្រឹង​​ថែម​ទាំង​ក្តី​ស្រឡាញ់​​ដែល​អ្នក​មាន​ចំពោះ​​ជំនួញ​ដែល​អ្នក​ធ្វើ​ទៀត​ផង។ ប្រសិន​អ្នក​គ្មាន​ក្តី​ស្រ​ឡាញ់ អ្នក​នឹង​ងាយ​​បោះ​បង់​និង​មិន​មាន​កម្លាំង​ចិត្ត​​ពេល​ជួប​ការ​លំបាក​។ ៣) ត្រូវ​ហ៊ាន​​​ផ្សងព្រេង៖ ប្រសិន​យើង​មិន​សាកល្បង យើង​នឹង​មិន​ដឹង​ថា​យើង​អាច​សម្រេច​​វា​ឬ​អត់​នោះ​ទេ។ ​ដូច្នេះ​ហើយ សាកល្បង​ហើយ​បរាជ័យ​វា​​ប្រសើរ​ជាង​មិន​សាកល្បង​សោះ។ ​ម៉្យាង​វិញ​ទៀត សាកល្បង​ហើយ​បរាជ័យ អ្នក​​ក៏​មិន​ខាត​អ្វី​ដែរ​ព្រោះ​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ជីវិត​មួយ។ ៤) ​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង៖​ប្រសិន​អ្នក​​គិត​ថា​អ្នក​អាច​ធ្វើ​បាន អ្នក​នឹង​ធ្វើ​បាន។​ ប្រសិន​អ្នក​គិត​ថា​​អ្នក​មិន​អាច​ធ្វើ​បាន អ្នក​នឹង​រក​លេស​សម្រាប់​ខ្លួន​ឯង​ជា​ពុំ​ខាន។ ក្នុង​វិស័យ​ជំនួញ ​មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​មិន​ជឿ​លើ​​អ្នក​និង​ជំនួញ​អ្នក ដូច្នេះ​ហើយ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​គឺ​សំខាន់​។ ៥) រក​មនុស្ស​ល្អ​​​៖ ដើម្បី​ឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន​ទៅ​មុខ​បាន អ្នក​ត្រូវ​​មាន​ក្រុម​ការងារ​ដែល​ល្អ​និង​ពូកែ​មួយ។ ដូច្នេះ​ហើយ ត្រូវ​​ជ្រើសរើស​មនុស្ស​ដែល​មាន​សមត្ថភាព​និង​មាន​​​​អត្តចរិត​ល្អ​ជា​ជាង​មើល​​តែ​សញ្ញាប័ត្រ។ ៦) សកម្មភាព៖ ​​​បើ​​អ្នក​ចង់​ជោគជ័យ​ក្នុង​ជំនួញ អ្នក​មិន​ត្រឹម​មាន​គំនិត​​ថ្មី​ៗ​នោះ​ទេ អ្នក​ត្រូវ​មាន​យុទ្ធសាស្ត្រ​ល្អ​ៗ​ហើយ​កែ​ប្រែ​ទស្សនវិស័យ​នោះ​ឲ្យ​ក្លាយ​ជា​ការ​ពិត។ ៧) រៀន​ពី​កំហុស៖ ​ អ្នក​ជំនួញ​គ្រប់​រូប​សុទ្ធ​តែ​មាន​កំហុស កំហុស​ក្នុង​ការ​គ្រប់​គ្រង​លុយ កំហុស​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ខុស​។ល។ ​យ៉ាង​ណា​មិញ ​​​អ្នក​ជំនួញ​ដែល​ពូកែ​គឺ​ត្រូវ​​ស្គាល់​កំហុស​ រៀន​ពី​កំហុស​និង​កែ​ប្រែ​កំហុស៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ entrepreneur.com​​​​
X
5s