យោងតាមអាយុរបស់អ្នក តើរយៈពេលប៉ុន្មានម៉ោងដែលអ្នកត្រូវគេងក្នុងមួយថ្ងៃៗ ?
ការមានបញ្ហាជាមួយការគេង អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន និងកាន់តែធ្ងន់ធ្ងរនឹងមានទំនាក់ទំនងឈានដល់ការស្លាប់ផងដែរ។ យ៉ាងណាមិញ មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់រយៈពេលសម្រាប់ទទួលទានដំណេករបស់មនុស្សម្នាក់ៗ។ ដូចជានៅកំឡុងពេលមានគភ៌ ស្ត្រីភាគច្រើនគេងច្រើនម៉ោងលើសពីធម្មតា រីឯមនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏មានទម្លាប់គេងច្រើនម៉ោងលើសពីក្រុមអាយុផ្សេងៗទៀតផងដែរ។ ចំណែកអ្នកខ្លះវិញមានទម្លាប់គេងហើយភ្ញាក់ច្រើនដងជារៀងរាល់យប់ គឺបើកាលណាពួកគេបានគេងលក់ស្កប់ស្កល់ហើយ ពួកគេតែងមានលំបាកនៅពេលភ្ញាក់ពីដំណេកពេលព្រលឹមវិញ។
ទោះជាយ៉ាងណា ជាទូទៅមនុស្សកាន់តែក្មេងប៉ុនណា ពួកគេនឹងកាន់តែត្រូវការរយៈពេលច្រើនម៉ោងសម្រាប់ការគេងប៉ុននោះ។ យោងតាមរបាយការណ៍របស់ The National Sleep Foundation បានបង្ហាញឲ្យឃើញពីរយៈពេលគេងដែលក្រុមអាយុនីមួយៗត្រូវការក្នុង១ថ្ងៃដូចខាងក្រោមនេះ៖
- ទារកទើបនឹងកើត: ពី១៤ម៉ោងទៅ១៧ម៉ោង
- ទារកនៅក្រោមអាយុ១១ខែ: ពី១២ម៉ោងទៅ១៥ម៉ោង
- ពី១ឆ្នាំដល់២ឆ្នាំ: ពី១១ម៉ោងទៅ១៤ម៉ោង
- ពី៣ឆ្នាំដល់៥ឆ្នាំ: ពី១០ម៉ោងទៅ១៣ម៉ោង
- ពី៦ឆ្នាំដល់១៣ឆ្នាំ: ពី៩ម៉ោងទៅ១១ម៉ោង
- ពី១៤ឆ្នាំដល់១៧ឆ្នាំ: ពី៨ម៉ោងទៅ១០ម៉ោង
- ពី១៨ឆ្នាំដល់២៥ឆ្នាំ: ពី៧ម៉ោងទៅ៩ម៉ោង
- ពី២៦ឆ្នាំដល់៦៤ឆ្នាំ: ពី៧ម៉ោងទៅ៩ម៉ោង
- ពី៦៥ឆ្នាំឡើងទៅ: ពី៧ម៉ោងទៅ៨ម៉ោង៕