តើប្រទេសណាដែលមានគុណភាពនៃជីវិតខ្ពស់ជាងគេ?​



ជាទូទៅ​គេ​តែងតែ​យក​តួលេខ​ពី​ចំនួន​ផលិតផល​ក្នុង​ស្រុក​សរុប​ឬ​GDP​របស់​ប្រទេស​មួយ មក​ធ្វើ​ជា​ការ​បញ្ជាក់​ពី​គុណភាព​នៃ​ការ​រស់នៅ​ជាក់ស្ដែង​និង​សេចក្ដី​សុខ​ពិត​ប្រាកដ​របស់​ប្រជាជន​នៅ​ក្នុង​សង្គមជាតិ​មួយ​នោះ។ ប៉ុន្តែ តួលេខ​ពីGDP​មិន​អាច​បង្ហាញ​ពី​រូបភាព​ទាំងស្រុង​នៅ​ក្នុង​សង្គម​មួយ​នោះ​បាន​នោះ​ឡើយ។ អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ (OECD) ទើប​នឹង​ធ្វើការ​ចេញ​ផ្សាយ​ការ​សិក្សា​របស់​ពួកគេ​កន្លង​ទៅ​ថ្មីៗ​នេះ ទៅលើ​គុណភាព​នៃជីវិត​របស់​ប្រទេស​ចំនួន​៤១​ដោយ​ពិនិត្យ​ទៅលើ​៥០​សូចនាករ​ផ្សេងៗ​គ្នា ដែល​៥០​សូចនាករ​ទាំងនេះ​ត្រូវ​បាន​ចាត់​ចូល​ជា​២​ផ្នែក​ធំៗ​គឺ ផ្នែក​សម្ភារៈនិយម និង​ផ្នែក​គុណភាព​នៃ​ការ​រស់នៅ។ ថ្វីត្បិតតែ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​អូស្ត្រាលី លុចហ្សំបួរ និង​កាណាដា មាន​ចំណាត់ថ្នាក់​ខ្ពស់​នៅ​ក្នុង​ផ្នែក​សម្ភារៈនិយម​ដែល​ត្រូវ​បាន​គេ​ពិនិត្យ​ទៅលើ​ប្រាក់​ចំណូល និង​ទ្រព្យសម្បត្តិ​ជាដើម យ៉ាងណាមិញ​នៅ​ក្នុង​ផ្នែក​គុណភាព​នៃ​ការ​រស់នៅ​ដែល​ក្នុង​នោះ​គេ​ពិនិត្យ​ទៅលើ​តុល្យភាព​រវាង​ការងារ​និង​ជីវិត សុខភាព ការ​អប់រំ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គុណភាព​នៃ​បរិស្ថាន ប្រទេស​ទាំងនោះ​បែរ​ជា​ទទួល​បាន​ចំណាត់ថ្នាក់​មិន​សូវ​ល្អ​ទៅវិញ ខណៈ​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​មិន​សូវ​ល្អ​នៅ​ក្នុង​ផ្នែក​សម្ភារៈនិយម​ដូចជា​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​អ៊ីស្លង់ បែរ​ជា​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​ក្នុង​ផ្នែក​គុណភាព​នៃ​ការ​រស់នៅ​របស់​ពួកគេ។ រីឯ​ប្រទេស​ដែល​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ផ្នែក​ទាំង២​នោះ​គឺ​ប្រទេស​ស៊ុយអែត ប្រទេស​ស្វីស និង​ជាពិសេស​គឺ​ប្រទេស​ន័រវែស ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ពេល​សរុប​លទ្ធផល​ទាំងអស់​បញ្ចូល​គ្នា។ នៅ​ពេល​ពួកគេ​ពិនិត្យ​ទៅលើ​របាយការណ៍​ពី​ប្រទេស​ន័រវែស ពួកគេ​បាន​រក​ឃើញ​ទំនាក់ទំនង​គ្នា​រវាង​សិទ្ធិ​ស្មើគ្នា​ទៅ​នឹង​គុណភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​ន័រវែស។ ពួកគេ​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​ក្នុង​តុល្យភាព​រវាង​ការងារ​និង​ជីវិត និង​ថែមទាំង​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ថ្នាក់​ន័រវែស​ជា​សង្គមជាតិ​មួយ​ដែល​មាន​សេចក្ដី​សុខ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ៕ ប្រភព៖ worldeconomicforum ប្រែសម្រួល៖ ស្រីពៅ
X
5s