ហិនរី ហ្វដ អ្នកច្នៃប្រឌិតរថយន្តដ៏សំខាន់របស់អាមេរិក និងភាពបរាជ័យក្នុងដំណើរជីវិតរបស់លោក
កំហុសពិតប្រាកដមានតែមកពីការដែលមិនបានរៀនសូត្រអ្វីសោះពីវាប៉ុណ្ណោះ។ សម្ដីមួយឃ្លានេះត្រូវបានលើកឡើងដោយបុគ្គលដ៏សំខាន់មួយរូបប្រចាំសតវត្សទី២០របស់អាមេរិក ដែលជាអ្នកច្នៃប្រឌិតរថយន្ត លោក ហិនរី ហ្វដ។ ជាមួយនឹងចក្ខុវិស័យយ៉ាងប្រាកដប្រជាចំពោះរូបភាពដែលខ្លួនចង់ឃើញក្នុងពេលអនាគត និងការមើលឃើញភាពបរាជ័យច្រើនរាប់មិនអស់ក្នុងរូបភាពមួយខុសប្លែកពីអ្នកដទៃ បានធ្វើឲ្យគ្រប់គ្នាស្គាល់គាត់ក្នុងនាមជាអ្នកបង្កើត ទន្ទឹមនឹងគាត់គ្រាន់តែជាអ្នកច្នៃប្រឌិតប៉ុណ្ណោះ។
មនុស្សជាច្រើនតែងតែនឹកឃើញដល់លោក ហិនរី ហ្វដ រាល់ពេលដែលពួកគេនិយាយអំពីប្រវត្តិសាស្ត្រនៃការកកើតរថយន្តដំបូងបំផុត។ តាមពិតទៅគាត់ពុំមែនជាអ្នកបង្កើតរថយន្តដំបូងគេនោះទេ ព្រោះមានអ្នកដែលមានគំនិតបង្កើតរថយន្តមុនលោកទៅទៀត។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលដ៏សំខាន់មួយរូបក្នុងប្រវត្តិសាស្ត្ររបស់រថយន្ត នោះគឺលោកបានផ្លាស់ប្ដូរពិភពលោកជុំវិញ ដោយគាត់បានច្នៃប្រឌិតរថយន្តដែលធ្លាប់តែមានតែអ្នកមានទ្រព្យស្ដុកស្ដម្ភទិញប្រើប្រាស់បាន ឲ្យក្លាយជារថយន្តមួយដែលមនុស្សធម្មតាសុទ្ធតែអាចមានសមត្ថភាពទិញប្រើប្រាស់បានដូចគ្នា ជាពិសេសគឺជារថយន្តដែលផ្ដល់ភាពងាយស្រួលនិងមានប្រសិទ្ធភាពផងដែរ។ គំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់លោក ពុំមែនកើតចេញមកពីធម្មជាតិនោះឡើយ។ គាត់បានចាប់កំណើតនិងធំធាត់នៅក្នុងត្រកូលគ្រួសារអ្នកកសិករធម្មតាប៉ុណ្ណោះ។
ប៉ុន្តែគាត់ស្ថិតក្នុងចំណោមមនុស្សដ៏កម្រដែលនឹងធ្វើនូវការងារណាដែលខ្លួនមិនចេះ មិនមែនតែការងារណាដែលខ្លួនចេះហើយនោះទេ។ ភាពបរាជ័យជាច្រើនមិនអស់នៅក្នុងឆាកជីវិតដែលត្រូវផ្សងព្រេងសាកល្បងធ្វើរឿងថ្មីៗដែលពុំធ្លាប់មានពីមុនមក បានធ្វើឲ្យលោកទទួលបាននូវអ្វីដែលជាភាពជោគជ័យដ៏ធំធេងជាបុគ្គលដែលបានផ្លាស់ប្ដូរការរស់នៅរបស់ប្រជាជនអាមេរិកក្នុងរូបភាពដ៏ថ្មីទាំងស្រុង។ ភាពបរាជ័យគឺជាអ្វីដែលធ្វើឲ្យលោកជោគជ័យ។ នៅអាយុ២៧ឆ្នាំ គាត់ត្រូវបានលោក ថូម៉ាស់ អេឌីសាន់ ជួលលោកឲ្យមកទទួលខុសត្រូវលើការងារជាអ្នកវិស្វករក្នុងក្រុមហ៊ុន Detriot Edison Company ទាំងដែលគាត់មិនសូវមានការយល់ដឹងស៊ីជម្រៅប៉ុន្មានអំពីអគ្គិសនីនោះឡើយ។ ប៉ុន្តែអត្តចរិតជាមនុស្សដែលចូលចិត្តរៀនសូត្រពីបទពិសោធន៍កំហុសរបស់ខ្លួនបានពង្រីកចំណេះដឹងរបស់លោកនិងធ្វើឲ្យលោកឡើងដំណែងជាប្រធានវិស្វករក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ បើទោះជាគាត់ធ្វើការឲ្យគេក៏ដោយ ប៉ុន្តែគាត់តែងមានទស្សនវិស័យឆ្ពោះទៅមុខចំពោះអនាគតដែលខ្លួនចង់ឃើញជានិច្ច។ ហេតុនេះក្នុងអំឡុងពេលនោះដែរ លោកក៏បានឆ្លៀតពេលពីការងារដើម្បីធ្វើការទៅលើការបង្កើតគំរូរថយន្តរបស់ខ្លួន ដែលដំណើរការណ៍ដោយម៉ាស៊ីនកម្លាំងសេះចំនួន៤ និងជោគជ័យជាស្ថាពរក្នុងឆ្នាំ១៨៩៦ ព្រមទាំងទទួលបានប័ណ្ណកម្មសិទ្ធិបញ្ញានៅឆ្នាំ១៨៩៨ពីគំនិតច្នៃប្រឌិតមួយនេះ។
ក្រោយពីចាកចេញពីការងារនៅក្រុមហ៊ុនរបស់អេឌីសាន់ គាត់បានចាប់ផ្ដើមជំនួញដោយខ្លួនឯង ក៏ប៉ុន្តែដំណើរជីវិតជាអ្នកជំនួញរបស់លោកបានជួបនឹងការបរាជ័យ មុននឹងក្រុមហ៊ុនទី៣របស់លោក Ford Motor Company ដែលសមិទ្ធផលអស្ចារ្យរបស់លោកជាច្រើនបានចាប់ផ្ដើមពីទីនេះ បានបង្កើតឡើងក្នុងឆ្នាំ១៩០៣។ គាត់បានធ្វើការកែសម្រួលទៅលើគំរូរថយន្តរបស់គាត់រហូតដល់គំរូទី៣ ដែលមានឈ្មោះថា Model T បានក្លាយជារថយន្តមួយដែលមានទីផ្សារពាណិជ្ជកម្មដ៏ជោគជ័យបំផុតមួយក្នុងសម័យកាលរបស់គាត់។ Model T គឺជារថយន្តមួយដែលមានតម្លៃថោកសមរម្យ ងាយស្រួលទាំងបើកបរទាំងជួសជុល។ ការកែសម្រួលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដែលបានបន្ទាបតម្លៃរថយន្តពី៨៥០ដុល្លារក្នុងឆ្នាំ១៩០៨មកនៅសល់ត្រឹមតែ៣១០ដុល្លារក្នុងឆ្នាំ១៩២៦ ដែលបានធ្វើឲ្យការផលិតកើនឡើងរហូតដល់ទៅរាប់លានគ្រឿងដើម្បីបំពេញតម្រូវដែលចេះតែកើនឡើងឥតឈប់ឈរ និងបានធ្វើឲ្យក្រុមហ៊ុន Ford Motor Company ក្លាយជារោងចក្រឧស្សាហកម្មរថយន្តដ៏ធំជាងគេបំផុតនៅលើពិភពលោក ថែមទាំងបានបន្តពង្រីកសាខាជាច្រើនជុំវិញពិភពលោកផងដែរ។ ភាពជោគជ័យរបស់គាត់បានជួយលើកកម្ពស់ជីវភាពកម្មករជំនាញជាច្រើននាក់ ដែលធ្លាប់តែទទួលបាន២.៣៤ដុល្លារក្នុងពេល៩ម៉ោង រហូតដល់ទៅ៥ដុល្លារក្នុងពេលតែ៨ម៉ោង។ ពាក្យមួយឃ្លារបស់លោក ហិនរី ហ្វដ បានបន្សល់ទុកយ៉ាងមានតម្លៃថា៖ "បើទោះជាអ្នកគិតថាអ្នកអាចឬមិនអាចធ្វើអ្វីមួយក៏ដោយ អ្នកនឹងនៅតែត្រូវ"។ ទៅរួចឬមិនអាចទៅរួចស្ថិតនៅក្នុងការគិតរបស់អ្នកប៉ុណ្ណោះ៕
ដោយ៖ ស្រីពៅ