តើអ្វីទៅដែលធ្វើឲ្យអំពូលអ៊ុយមានប្រៀបជាងអំពូលរាងមូល ?​



អំពូលអ៊ុយឬអំពូល​ម៉ែត្រ​គឺជា​គំរូ​នៃ​ការ​វិវត្ត​របស់​ឧបករណ៍​ផ្ដល់​ប្រភព​ពន្លឺ​បន្ទាប់​ពី​អំពូល​មាន​រាង​មូល​បែប​បុរាណ។ អំពូល​ម៉ែត្រ​បាន​ចូល​មក​កែសម្រួល​លក្ខណៈ​របស់​អំពូល​មាន​រាង​មូល​បែប​បុរាណ​ដែល​ខាតបង់​ថាមពល​អគ្គិសនី​ជាច្រើន​បញ្ចេញ​ទៅលើ​កម្ដៅ​ជាជាង​បម្លែង​ថាមពល​អគ្គិសនី​បញ្ចេញ​ជា​ពន្លឺ​សម្រាប់​ប្រើ​ការ​ជា​ប្រយោជន៍​ទៅវិញ ជា​លទ្ធផល​ធ្វើឲ្យ​អំពូល​អ៊ុយ​ចំណេញ​ថវិកា​ច្រើន​ជាង។ ប្រៀប​នឹង​អំពូល​បុរាណ អំពូល​អ៊ុយ​មាន​ប្រសិទ្ធភាព​ជាង​៤​ទៅ​៥​ដង​ឯណោះ។ ដូច្នេះ​តើ​ក្នុង​អំពូល​អ៊ុយមាន​អ្វីខ្លះ​ទើប​អាច​ឲ្យ​វា​មាន​ប្រៀប​ជាង​អំពូល​បុរាណ ?

តាម​ពិត​ទៅ​អំពូល​អ៊ុយ​មាន​ផ្ទុក​នូវ​សារធាតុ​បារត ដែល​ជា​សារធាតុ​បំពុល​និង​ផ្ដល់​គ្រោះថ្នាក់​ខ្ពស់​ចំពោះ​សុខភាព​របស់​មនុស្ស។ ប៉ុន្តែ អំពូល​ភ្លើង​របស់​អ្នក​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​បារត​តិចតួច​បំផុត តាម​ធម្មតា​ប្រមាណ​ជា​៤​មិល្លីក្រាម​ប៉ុណ្ណោះ ប្រៀប​នឹង​ទែរម៉ូមែត្រ​បុរាណ​សម្រាប់​វាស់​សីតុណ្ហភាព​ដែល​មាន​រហូត​ដល់​ទៅ​៥០០​មិល្លីក្រាម​នៃ​ជាតិ​បារត។ ចំពោះ​ផល​ប៉ះពាល់ បើ​អំពូល​ភ្លើងអ៊ុយ​របស់​អ្នក​មិន​មាន​បែក​ស្រាំ​នោះ​ទេ វា​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ឡើយ។ បើ​បារត​មាន​ជាតិ​ពុល​បែប​នេះ ហេតុអ្វី​ក៏​គេ​នៅ​តែ​ប្រើប្រាស់​វា និង​មិន​ជំនួស​ធាតុគីមី​អ្វី​ផ្សេង​មក​វិញ ? នៅ​ពេល​អ្នក​ចុច​កុងតាក់​ភ្លើង ចរន្ត​នឹង​បញ្ជូន​ពី​សៀគ្វី​អគ្គិសនី​ចូល​ទៅ​កាន់​អេឡិចត្រូត​នៅ​ចុង​សង​ខាង​ក្នុង​អំពូល​ភ្លើង​របស់​អ្នក។ បារត​ដែល​មាន​ភាព​រូប​ដើម​របស់​វា​ក្នុង​ទម្រង់​ជា​អង្គធាតុ​រាវ នឹង​បម្លែង​ជា​ឧស្ម័ន​នៅ​ពេល​កម្ដៅ​ពី​ចរន្ត​អគ្គិសនី​បញ្ជូន​មក​បាន​ដល់​កំណត់​លក្ខខណ្ឌ​ដែល​វា​ត្រូវ​ប្រែប្រួល។ ហេតុនេះ​ហើយ​ពេល​អ្នក​បើក​កុងតាក់​ដំណើរការណ៍​បំភ្លឺ​អំពូល​ភ្លើង​ដំបូង វា​នឹង​ស៊ី​ភ្លើង​ប្រមាណ​ជា​២០០​ទៅ​៦០០​តង់ស្យុង។ ប៉ុន្តែ​ឧស្ម័ន​បារត​ចាំបាច់​សម្រាប់​ប្រើ​ការ​មាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ ព្រោះ​នៅ​ក្នុង​នោះ​មាន​ប្រភេទ​ឧស្ម័ន​កម្រ​ដែល​ជាទូទៅ​គេ​ប្រើ​ឧស្ម័ន​អាកុង​ដើម្បី​រួម​បញ្ចូល​គ្នា​ជាមួយ​ឧស្ម័ន​បារត។ នៅ​ពេល​ថាមពល​ពី​ចរន្ត​អគ្គិសនី​ខ្លាំង​គ្រប់គ្រាន់ នោះ​ថាមពល​ទាំងនេះ​នឹង​ផ្ទេរ​ថាមពល​ដល់​អេឡិចត្រុង​របស់​ឧស្ម័ន​ទាំងនេះ​ដើម្បី​ឲ្យ​វា​លោត​ឡើង​ទៅ​កាន់​ស្រទាប់​ដែល​មាន​កម្រិត​ថាមពល​ខ្ពស់​ជាង​ស្រទាប់​ដើម​របស់​វា។

អេឡិចត្រុង​ដែល​ទទួល​បាន​ថាមពល​ពី​ខាងក្រៅ​គ្រប់គ្រាន់​ដើម្បី​លោត​ឡើង​ទៅ​កាន់​ស្រទាប់​ដែល​មាន​ថាមពល​ខ្ពស់ អេឡិចត្រុង​ដដែល​នេះ​នឹង​ធ្លាក់​មក​ស្រទាប់​ថាមពល​ដើម​របស់​វា​វិញ ព្រោះ​ស្រទាប់​ថាមពល​ខ្ពស់​មិន​មាន​ភាព​នឹងន។ នៅ​ពេល​ដែល​អេឡិចត្រុង​ធ្លាក់​មក​វិញ ថាមពល​ដែល​វា​ទទួល​បាន​ប៉ុន្មាន​ពី​គេ​មក​នោះ​ថាមពល​ប៉ុន​នោះ​ដដែល​នឹង​បញ្ចេញ​ទៅវិញ ដែល​ថាមពល​ដែល​អេឡិចត្រុង​បញ្ចេញ​ទៅវិញ​នេះ​ឯង​ដែល​បញ្ចេញ​ជា​ពន្លឺ។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា​អេឡិចត្រុង​របស់​ឧស្ម័ន​បារត​រួម​នឹង​ឧស្ម័ន​អាកុង​នេះ​នៅ​ពេល​ទទួល​បាន​ថាមពល​ពី​ចរន្ត​អគ្គិសនី​ហើយ ថាមពល​ដែល​វា​បញ្ចេញ​ទៅវិញ​គឺជា​ពន្លឺ​កាំរស្មី​ស្វាយអ៊ុលត្រា ដែល​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​មនុស្ស។ ហេតុនេះ​ទើប​បាន​ជា​ក្នុង​អំពូល​ម៉ែត្រ​និងអំពូលអ៊ុយទាំងអស់​តែងតែ​មាន​ផ្ទុក​នូវ​ល្បាយ​ហ្វូស្វ័រ​ដែល​មាន​ទម្រង់​ជា​ម្សៅ ពី​ព្រោះ​ហ្វូស្វ័រ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​អេឡិចត្រុង​របស់​ល្បាយ​ហ្វូស្វ័រ​នឹង​ទទួល​បាន​ថាមពល​ពី​កាំរស្មី​ស្វាយអ៊ុលត្រា​ដែល​បញ្ចេញ​មក​ដោយ​បារត នៅ​ពេល​អេឡិចត្រុង​របស់​វា​ធ្លាក់​ទៅ​វិញ វា​នឹង​បញ្ចេញ​ថាមពល​លើស​ទៅជា​ពន្លឺ​មើល​ឃើញ ដែល​ជា​ពន្លឺ​ពណ៌​ស​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​មនុស្ស​បាន​នេះ​ឯង។ ពន្លឺ​មើល​ឃើញ​មាន​ថាមពល​ទាប​ជាង​កាំរស្មី​ស្វាយអ៊ុលត្រា ដូច្នេះ​តើ​ថាមពល​បាន​បាត់បង់​ទៅ​ណា​ក្នុង​ដំណាក់កាល​នេះ ? ថាមពល​នេះ​គឺ​ត្រូវ​បាន​បម្លែង​ជា​កម្ដៅ​ដែល​បញ្ចេញ​ពី​អំពូល​ភ្លើង។ នេះ​គឺជា​មូលហេតុ​សំខាន់​មួយ​ដែល​អំពូល​អ៊ុយនិងអំពូលម៉ែត្រ​មាន​ប្រៀប​ជាង​អំពូល​រាង​មូល​បុរាណ ព្រោះ​អំពូល​បុរាណ​បាន​បម្លែង​ថាមពល​ពី​កាំរស្មី​ស្វាយអ៊ុលត្រា​ភាគច្រើន​ចោល​ទៅលើ​កម្ដៅ និង​តិចតួច​បាន​បម្លែង​ជា​ពន្លឺ​សម្រាប់​ប្រើ​ការ​មាន​ប្រយោជន៍៕

ដោយ៖ ស្រីពៅ

X
5s