ចំណេះដឹងសំខាន់ៗដែលអ្នកគួរយល់ដឹងអំពីប្រទេសមីយ៉ាន់ម៉ា​



ប្រទេស​មីយ៉ាន់ម៉ា​គឺជា​ប្រទេស​ដែល​មាន​ផ្ទៃដី​ធំ​ជាង​គេ​ក្នុង​ចំណោម​អាស៊ី​អាគ្នេយ៍​ដីគោក ជាមួយ​នឹង​ផ្ទៃដី​ប្រមាណ​៦៧៦,៥៥២​គីឡូម៉ែត្រ​ការ៉េ ជាពិសេស​ភាគច្រើន​នៃ​ប្រជាជន​សរុប​របស់​មីយ៉ាន់ម៉ា​ប្រមាណ​៤៨.៧​លាន​នាក់​គឺជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ បើ​ទោះ​ជា​ប្រទេស​នេះ​សម្បូរ​ទៅ​ដោយ​ជនជាតិ​ភាគតិច​ចម្រុះ​គ្នា​ជាច្រើន​ក៏​ដោយ។

សាធារណរដ្ឋ​នៃ​សហភាព​មីយ៉ាន់ម៉ា ឬ​មាន​ឈ្មោះ​ក្រៅ​ផ្លូវការ​ហៅថា​ភូមា ទើប​នឹង​បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូណ៌​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៤៨ ក្រោយ​ពី​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ចក្រភពអង់គ្លេស​ចាប់​ពី​ឆ្នាំ​១៨២៤​រហូត​ដល់​ឆ្នាំ១៨៨៦។ ប្រវត្តិសាស្ត្រ​នយោបាយ​របស់​ទឹកដី​ដែល​ស្ថិត​នៅ​ប៉ែក​អាស៊ី​អាគ្នេយ៍​ជាមួយ​ប្រទេស​យើង​នេះ ពោរពេញ​ទៅ​ដោយ​រូបភាព​សង្គ្រាម​ស៊ីវិល ដោយ​អំណាច​ត្រូវ​បាន​ក្ដោបក្ដាប់​ដោយ​បក្ស​ផ្ដាច់ការ​ដែល​មិន​ព្រម​លះបង់​អំណាច​របស់​ខ្លួន​អស់​រយៈកាល​ប្រមាណ​ជាង​៥០​ឆ្នាំ។ ក្ដី​សង្ឃឹម​ទើប​នឹង​បាន​ផ្ដល់​ពន្លឺ​ដល់​សង្គមជាតិ​របស់​មីយ៉ាន់ម៉ា​ជា​ប្រទេស​បែប​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​បក្ស​ប្រឆាំង​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​តែងតាំង​លោក Htin Kyaw ជា​មេ​បក្ស ត្រូវ​បាន​ជាប់​ឆ្នោត​ដោយ​ឆ្លងកាត់​ការ​បោះឆ្នោត​ដែល​សេរី​និង​យុត្តិធម៌​ជា​ប្រធានាធិបតី​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៦។ ​

ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ដែល​មិន​ព្រម​លែង​អំណាច​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​១៩៦២​មក​ម្ល៉េះ​នេះ បាន​ធ្វើឲ្យ​មីយ៉ាន់ម៉ា​ដែល​ធ្លាប់​តែ​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​អង្ករ​ច្រើន​ជាង​គេ​បំផុត​មួយ ប្រែ​ក្លាយ​ជា​ប្រទេស​ដែល​ក្រីក្រ​បំផុត​មួយ​ទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេ​ថែម​ទាំង​បាន​ដាក់​គុក​ឃុំឃាំង​អ្នកស្រី អ៊ុងសាន ស៊ូជី អស់​រយៈពេល​១៦​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​អ្នកស្រី​បាន​ក្លាយ​ជា​ជន​គំរូ​មួយ​រូប​ក្នុង​បេះដូង​របស់​ប្រជាជន​ភូមា​គ្រប់​គ្នា ព្រម​ទាំង​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ​១៩៩១ ចំពោះ​ការ​ប្រឹងប្រែង​របស់​អ្នកស្រី​ក្នុង​ការ​ប្រើប្រាស់​អហិង្សា​សកម្ម​ទប់ទល់​នឹង​ការ​ដឹកនាំ​ផ្ដាច់ការ​មួយ​នេះ​កន្លង​មក​រហូត។ បើ​ទោះ​ជា​របប​ផ្ដាច់ការ​អស់​ជាច្រើន​ទសវត្ស​របស់​មីយ៉ាន់ម៉ា​បាន​បញ្ចប់​ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ព្រម​ទាំង​បាន​ចាប់ផ្ដើម​បង្កើត​ចំណង​សម្ពន្ធភាព​ឡើងវិញ​ជាមួយ​បរទេស​ដូចជា​បណ្ដា​ពួក​ខាងលិច​ក្រោយ​ពី​បាន​រស់នៅ​ជា​ប្រទេស​ឯកា​អស់​រយៈកាល​ជា​យូរ​កន្លង​មក ដែល​ហាក់​ដូចជា​បាន​បង្ហាញ​ពី​រូបភាព​ជា​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​ក៏​ដោយ ប៉ុន្តែ​បញ្ហា​ផ្ទៃ​ក្នុង​ពាក់ព័ន្ធ​នឹង​ជម្លោះ​រើសអើង​ពូជសាសន៍​ដែល​បាន​បន្សល់​ទុក​ពី​អំឡុង​របប​ផ្ដាច់ការ​មក​នៅ​តែ​បន្ត​រ៉ាំរ៉ៃ និង​មាន​តែ​អាក្រក់​ទៅៗ​ជាង​មុន​ទៅ​ទៀត។ ការ​រើសអើង​ពូជសាសន៍​ដ៏​សាហាវ​ឃោរឃៅ​កើត​ឡើង​រវាង​ពុទ្ធសាសនិក​ដែល​មាន​ប្រមាណ​៩០%​នៃ​ប្រជាជន​ភូមា​ទាំងអស់ និង​ជនជាតិ​ភាគតិច​ដែល​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​មាន​ត្រឹមតែ​ប្រមាណ​៤%​ប៉ុណ្ណោះ។ ការ​រើសអើង​ពូជសាសន៍​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​ស៊ីវិល ហើយ​ពុទ្ធសាសនិក​ទាំងនោះ​តែង​ប្រើប្រាស់​ហិង្សា​ដាក់​ជនជាតិ​ភាគតិច​របស់​ឥស្លាម​ស្ទើរ​តែ​គ្រប់​រូបភាព​ទាំង​ការ​ដុត​ផ្ទះ​សម្បែង ប្រើប្រាស់​អាវុធ​បាញ់​សម្លាប់ អំពើ​រំលោភ​ស្ត្រី​ភេទ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​បណ្ដេញ​ជាតិសាសន៍​ដែល​បាន​តាំង​លំនៅ​ក្នុង​ទឹកដី​នេះ​អស់​ច្រើន​ជំនាន់​មក​មួយ​នេះ​ឲ្យ​អស់​ពី​ទឹកដី​របស់​ពួកគេ។ ជា​លទ្ធផល​ជនជាតិ​ឥស្លាម​ជាច្រើន​នាក់​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​បង់ក្លាដេស ថៃ និង​ម៉ាឡេស៊ី។ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​តែ​វិវត្ត​ទៅ​រក​សភាព​អាក្រក់​ទៅៗ​ដោយ​ពុំ​ទាន់​មាន​ចំណាត់ការ​សម្រាប់​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​មួយ​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាជន​ភាគតិច​ឥស្លាម​នោះ​នៅ​ឡើយ​ទេ៕

ដោយ៖ ស្រីពៅ

X
5s