តើធនាគារ អេស៊ីលីដា ភីអិលស៊ី មានការវិវត្តយ៉ាងណាខ្លះ ចាប់តាំងពីការបង្កើតដំបូងមក?
ធនាគារ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន គឺជាធនាគារពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជាដោយផ្អែកទៅលើចំនួនទ្រព្យសកម្ម។ ថ្ងៃនេះ BizKhmer នឹងចេញផ្សាយពីប្រវត្តិត្រួសៗរបស់ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ក៏ដូចជាប្រវត្តិត្រួសៗរបស់ធានាគារនេះ។
ប្រវត្តិត្រួសៗរបស់លោកបណ្ឌិត អ៊ិន ចាន់នី
ក្នុងកម្មវិធីចែករំលែកបទពិសោធន៍មួយដែលរៀបចំឡើងផាកកាហ្វេកាលពីចុងខែ សីហា កន្លងមកថ្មីៗនេះ ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នីបានលើកឡើងថា លោកបានចាប់ផ្ដើមអាជីពដំបូងរបស់លោកជាគ្រូបង្រៀននៅសាលាបឋមសិក្សា បង្រៀននៅវិទ្យាល័យ និងបន្ទាប់មកទៀតបង្រៀននៅមហាវិទ្យាល័យ។
បើយោងតាមបទសម្ភាសន៍មួយជាមួយកាសែតភ្នំពេញប៉ុស្ដិ៍ លោកបណ្ឌិត អ៊ិន ចាន់នី បានរៀបរាប់ថា ក្នុងសម័យខ្មែរក្រហម លោក ត្រូវបានគេចាត់តាំងឲ្យឃ្វាលគោប្រហែលជា ៣២០ក្បាលក្នុងមួយថ្ងៃ។ បន្ទាប់ពីសម័យខ្មែរក្រហម គឺនៅក្នុងឆ្នាំ១៩៨១ លោកបានភៀសខ្លួនទៅដល់ព្រំដែនថៃ និងបានរស់នៅជាជនភៀសខ្លួននៅជំរំរហូត ដល់ឆ្នាំ១៩៨៩ ដែលទីនោះ លោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស។ ឆ្នាំ១៩៨៩ លោកទទួលបានអាហារូបករណ៍រយៈពេលមួយឆ្នាំទៅសិក្សានៅ សាលា ផេនស៊ីលវ៉ានៀ នៅសហរដ្ឋអាមេរិក។
នៅពេលដែលលោកបានជាប់ថ្នាក់អាហាររូបករណ៍ លោកបានសួរខ្លួនឯងថា លោកនៅចង់ធ្វើជាគ្រូបង្រៀនរហូត ឬក៏ចង់ចាប់ផ្ដើមប្រកបអាជីវកម្ម។ នាពេលនោះហើយ ដែលលោកបានជ្រើសរើសយកមុខវិជ្ជាដែលត្រូវរៀន គឺការគ្រប់គ្រងអាជីវកម្មតែម្ដង។
លោកបានវិលត្រលប់មកដល់ ជំរំវិញនៅឆ្នាំ១៩៩០ ហើយនៅទីនោះ លោកនៅតែបន្តអាជីពបង្រៀន ពីព្រោះនៅជំរំគ្មានក្រុមហ៊ុនឬស្ថាប័នប្រតិបត្តិការពាក់ព័ន្ធនឹងពាណិជ្ជកម្ម ឬគណនេយ្យឡើយ។ លោកនៅបន្តបង្រៀនជំនាញគណនេយ្យ និងពាណិជ្ជកម្មរហូតដល់ឆ្នាំ១៩៩២ ទើបលោកមកដល់កម្ពុជាលោក ចាន់នី បានចូលធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយមានឈ្មោះថា UNDP និង ILO រហូតដល់បង្កើត អេស៊ីលីដាជាមួយមិត្តភក្តិមួយក្រុម។
លោកបានថ្លែងដូច្នេះថា ៖«នៅពេលដែលខ្ញុំចាប់ផ្ដើមចូលបម្រើការងារ ឱ្យអង្គការក្រៅរដ្ឋាភិបាលថ្ងៃដំបូងនោះ ខ្ញុំបានសួរខ្លួនឯងថា ការងារអភិវឌ្ឍន៍បើមានអាណត្តទៅអត់រួចទេ ថ្ងៃទីមួយដែលខ្ញុំចាប់ផ្ដើមចូលធ្វើការជាមួយសហការី គឺខ្ញុំគិតថា ត្រូវរៀបចំស្ថាប័នឱ្យទៅជាស្ថាប័នដែលមាននិរន្តភាពយូរអង្វែង»។ ពេលនោះ លោកនៅតែបង្រៀនដដែល គឺបង្រៀនផ្នែកគ្រប់គ្រងសហគ្រាស និងគណនេយ្យ។ ពេលនោះហើយជាពេលដែលលោកបានចាប់ផ្ដើម គិតជាមួយសហការីសំខាន់ៗគឺ ចង់បង្កើតស្ថាប័នមួយដែលមាននិរន្តភាពយូរអង្វែង។ លោកក៏បានធ្វើគម្រោង និងយកគំនិតនេះទៅបង្ហាញដល់ម្ចាស់ជំនួយ នោះហើយជាពេលដែលលោកបានបង្កើតអង្គការមួយដែលវិវត្តន៍ខ្លួនក្លាយទៅជាធនាគារពាណិជ្ជធំជាងគេបង្អស់នាពេលបច្ចុប្បន្ន។
[caption id="attachment_46951" align="aligncenter" width="670"] ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ចូលរួមចែករំលែកក្នុងកម្មវិធីរៀបចំឡើងដោយផាកកាហ្វេកាលពីថ្ងៃទី២៨ សីហាកន្លងមក[/caption]
ផ្អែកតាមការចុះផ្សាយនៅលើគេហទំព័រធនាគារអេស៊ីលីដា ធនាគារនេះមានប្រវត្តិដូចខាងក្រោម៖
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែ មករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូចខាងក្រោម។
ការពង្រីកបណ្ដាញប្រតិបត្តិការគ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។
ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។
នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
នាដំណាច់ឆ្នាំ២០១៦ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុប ៤.៥៦១ លានដុល្លារអាមេរិក ព្រមទាំងកាន់កាប់ទីផ្សារបានប្រមាណ ១៩,៣% នៃទីហំទ្រព្យសកម្មសរុប, ២០,១% (សមតុល្យឥណទាន) និង ៥៨,៩% (ចំនួនអតិថិជន) នៃទំហំទីផ្សារឥណទានសរុប, និង ១៩,៤% (សមតុល្យប្រាក់បញ្ញើ) និង ៥៥,៦% (ចំនួនគណនី) នៃទំហំទីផ្សារប្រាក់បញ្ញើសរុប នៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល) ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានសមតុល្យឥណទានសរុបប្រមាណ ២៨១៥,៥៣លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៤២១.៩៤១នាក់ ដែលក្នុងនោះមាន ៥១,២៤% ជាស្ត្រី ។ ធនាគារមានបុគ្គលិកសរុប ១២.៥១៤នាក់ កំពុងបម្រើការងារនៅក្នុង ២៦០សាខា ដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ ធានាគារក៏មានសេវាធនាគារអេឡិចត្រូនិក សេវាហិរញ្ញប្បទានពាណិជ្ជកម្ម (Documentary Collection, សេវាលិខិតឥណទាន, សេវាលិខិតធានា និង សេវាឥណទានពាណិជ្ជកម្ម) និង សេវាចាត់ចែងសាច់ប្រាក់ មានដូចជា ៖ សេវាប្តូរប្រាក់, សេវាបញ្ជាអចិន្ត្រៃយ៍, សេវាទូទាត់សាច់ប្រាក់, សេវាសម្រួលគណនីអតិថិជន, សេវាបើកប្រាក់បៀវត្ស, សេវាលិខិតអះអាងលើគណនីនិងព័ត៌មានអតិថិជន, សេវាមូលប្បទានបត្រសាច់ប្រាក់, សេវាប្រមូលសាច់ប្រាក់, សេវាមូលប្បទានបត្រទេសចរណ៍, សេវាទិញមូលប្បទានបត្របរទេស, សេវាមូលប្បទានប័ណ្ណ, សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព, សេវាប្រមូលប្រាក់បង់ពន្ធ និងសេវាធនាគារដទៃជាច្រើនទៀត។
ការិយាល័យកណ្ដាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
បញ្ជីរាយនាមស្ថាបនិក
ថ្នាក់ដឹកនាំ និងបុគ្គលិកស្ថាបនិកអេស៊ីលីដា ដែលមានរាយនាមតាមលំដាប់អក្ខរក្រមដូចខាងក្រោម បានជួបប្រជុំគ្នា នៅទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក ( LEDA ភ្នំពេញ) ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣ និងបានប្រារព្ធមហាសន្និបាតដំបូងរបស់អេស៊ីលីដា រួចបានបោះឆ្នោតបង្កើត សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) នៅក្នុងថ្ងៃដដែលនោះ ។
លោក កែវ ចំរើន
លោក កែវ នព្វរតន៍
លោក ងីម ខេមរិទ្ធ
លោក ឆាយ សឿន
លោក ជាម ទាង
លោកស្រី ដាវ វ៉ាន់ឌី
លោក នៅ សារឿន
លោកស្រី ព្រឿន ម៉ាកព្រេង
លោក ម៉ក់ សុខា
លោកស្រី លី ធីតា
លោក វ៉ាន់ សារឿន
លោក វ៉ឹង ស៊ុនលី
លោក ស រ័ត្ន
លោកស្រី សន សុជាតិ
លោក សយ សារឿន
លោក សុខ ចាន់រិទ្ធី
លោក ស៊ុន ប៊ុនថន
លោក សួង សេងហួត
លោក សៅ រឿន
លោក ហុង សេដ្ឋា
លោក ហ៊ឹង ឧសភា
លោក ឡាយ ឆាំ
លោក ឡែម សារុន
លោក អ៊ិន ចាន់នី
លោក អ៊ុង ប៊ុនថន
លោកស្រី អៀង ផល្លា
លោក អ៊ុំ សារិន
លោក ឯក ដន