សហស្ថាបនិកនៃម្ចាស់ជ័យលាភីលេខ១ ITC Award ២០១៨ ៖ «គន្លឹះ ៧យ៉ាងធ្វើឱ្យអាជីវកម្មមួយមាំទាំចាប់តាំងពីបើកដំណើរការដំបូង»
លោក ឃួន សុភ័ទ្ធ សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ (software) សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ មរកតថេកណូឡូជី (Morakot Technology) ដែលជាម្ចាស់ពានរង្វាន់សហគ្រិនវ័យឆ្លាតខាងបច្ចេកវិទ្យា ឆ្នាំ២០១៧ ម្ចាស់ពានលំដាប់ពិភពលោកមួយទៀតពីកម្មវិធី StartUpbootcamp FinTech Accelerator Program នៅសិង្ហបុរី និងជាម្ចាស់ជ័យលាភី ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៨ (ICT Award 2018) បានបង្ហើបពីគន្លឹះ ៧យ៉ាងដើម្បីឱ្យអាជីវកម្មមានលក្ខណៈមាំទាំនៅលើទីផ្សារចាប់ពីបើកដំណើរការដំបូង៖
១) បង្កើតផលិតផលដែលមានទីផ្សារ៖ នៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មដំបូង គឺត្រូវនឹក និងរិះគិតថា បង្កើតសេវាកម្ម ឬផលិតផលណាដែលមានទីផ្សារ (make the product that people going to buy) មិនមែនផលិតផលឬសេវាកម្មដែលយើងស្រលាញ់តែគ្មានទីផ្សារនោះទេ។ សម្រាប់ លោក ឃួន សុភ័ទ្ធ ចំណុចនេះ គឺជាចំណុចស្នូលដែលនាំឱ្យមានភាពជោគជ័យសម្រាប់អាជីវកម្មនីមួយៗ។
២)ការស្វែងរកដៃគូ៖ លោក ឃួន សុភ័ទ្ធ លើកឡើងថា តាមពិតទៅ ការធ្វើអាជីវកម្ម ធ្វើម្នាក់ឯងក៏បានដែរ ប៉ុន្តែគ្រាន់តែថា ធ្វើម្នាក់ឯង ដើរមិនបានយូរ។ លោកលើកឡើងបែបនេះស្របនឹងពំនោលមួយដែលថា ៖«ចង់ដើរលឿនគឺដើរម្នាក់ឯង ប៉ុន្តែបើចង់ដើរបានយូរគឺដើរមានគ្នា»។ ចំពោះការស្វែងរកដៃគូនេះ លោក ផ្ដល់យោបល់ថា គួរតែស្វែងរកអ្នកដែលមានយោបល់ និងចិត្តគំនិតស្រដៀងនឹងយើង ពោលគឺមានទិសដៅ និងទស្សនវិស័យដូចយើងដែរ។
លោក ឃួន សុភ័ទ្ធ បានបន្តទៀតថា ការចូលជាភាគហ៊ុនត្រូវមានការបែងចែកឱ្យបានច្បាស់លាស់ ពោលគឺឱ្យច្បាស់ថា អ្នកណាចូលលុយ អ្នកណាចូលទាំងលុយផង និងកម្លាំងផង។ ក្នុងការរៀបចំកិច្ចព្រមព្រៀងចូលហ៊ុន ត្រូវតែមានការបែងចែកឱ្យច្បាស់ លើផលចំណេញដែលសមាជិកគួរទទួលបាន។ អ្នកចូលតែលុយគួរតែទទួលបានក្នុងកម្រិតមួយ ហើយអ្នកដែលចូលលុយផង ចូលកម្លាំងផលគួរតែទទួលបានក្នុងកម្រិតមួយផ្សេងទៀត ពោលគឺមិនអាចចែកស្មើគ្នាបាននោះទេ។ អ្វីដែលសំខាន់ គឺអ្នកចូលកម្លាំងគួរតែអាចទទួលបានប្រាក់បៀវត្សរ៍ផងដែរ ក្រៅពីភាគលាភ។
[caption id="attachment_47036" align="aligncenter" width="720"] លោក ឃួន សុភ័ទ្ធ ក៏ជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងឆ្នាំ២០១៧ ផងដែរ[/caption]
លោក ឃួន សុភ័ទ្ធ បានមានប្រសាសន៍ពាក់ព័ន្ធនឹងការប្រមូលភាគហ៊ុនផងដែរថា ការធ្វើកិច្ចព្រមព្រៀង គួរតែធ្វើឡើងតាំងពីដើមទី ហើយត្រូវប្រមូលទុនដែលដាក់ចូលយកមកបើកគណនីធនាគារមួយសម្រាប់ក្រុមហ៊ុនតែម្ដង ដោយមានការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធឱ្យបានត្រឹមត្រូវតែម្ដង។ ជាទស្សនៈរបស់លោក ការធ្វើបែបនេះទើបមានការប្តេជ្ញាចិត្តពីម្ចាស់ភាគហ៊ុននីមួយៗ ដើម្បីដឹកនាំ និងគ្រប់គ្រងអាជីវកម្មឱ្យដើរទៅមុខ។
៣) ម្ចាស់អាជីវកម្មត្រូវតែពូកែចាត់ចែងលំហូរសាច់ប្រាក់៖ នេះជាចំណុចស្នូលមួយទៀតដែលម្ចាស់អាជីវកម្មត្រូវប្រយ័ត្នជាទីបំផុតក្នុងការគ្រប់គ្រងលើលំហូរសាច់ប្រាក់ ចូល និងលំហូរសាច់ប្រាក់ចេញ ដើម្បីធានារបានថា ក្រុមហ៊ុនមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបើកប្រាក់ខែជូនបុគ្គលិក និងចំណាយទៅលើប្រតិបត្តិការផ្សេងៗទៀត។
៤) ស្វែងរកឱកាសពង្រីកទីផ្សារទៅក្រៅប្រទេស៖ ពាក់ព័ន្ធនឹងចំណុចនេះដែរ លោក ឃួន សុភ័ទ្ធ លើកឡើងដោយប្រៀបធៀបទីផ្សារទៅនឹងត្រីមួយបឹង ពោលគឺយើងមិនអាចនៅរង់ចាំចាប់ត្រីមួយបឹងហ្នឹងរហូតនោះទេ ព្រោះថាវានឹងអស់ក្នុងរយៈពេលណាមួយ អីចឹងហើយបានជាយើងត្រូវការផែនការក្នុងការពង្រីកទីផ្សារពោលគឺមិនត្រឹមតែទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែសម្រាប់ទីផ្សារនៅក្រៅប្រទេសផងដែរ។ លោក ឃួន សុភ័ទ្ធ បានបង្ហើបថា សម្រាប់ក្រុមហ៊ុនរបស់លោក កំពុងតែពង្រីកទីផ្សារទៅកាន់ប្រទេស មីយ៉ាន់ម៉ា ហ្វីលីពីន និងបណ្ដាប្រទេសជាច្រើនទៀតទាំងនៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកនៅពេលខាងមុខ។
៥) ដាក់ចិត្តដាក់កាយឱ្យអស់៖ ការបើកដំណើរការអាជីវកម្មគឺត្រូវការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ពោលគឺត្រូវដាក់ចិត្តដាក់កាយឱ្យអស់។ បើចង់រកស៊ីផង ធ្វើការឱ្យគេផង ហើយជួបគ្នាធ្វើការតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ ច្បាស់ណាស់ថា អាជីវកម្មនោះមិនដំណើរការទៅមុខនោះទេ។
៦) សេវាកម្ម៖ ក្រៅពីផលិតផល សេវាកម្ម ជាចំណុចដែលអាជីវកម្មត្រូវការយកចិត្តទុកដាក់ផងដែរ ព្រោះថា បើសេវាកម្មគ្មានលក្ខណៈល្អប្រសើរទេទោះបីជាយើងមានផលិតផលល្អក៏ដោយក៏ពិបាកនឹងយកចិត្តអតិថិជនផងដែរ ហើយអតិថិជនក៏មិនមករកយើងដែរ។
៧) រកអ្នកផ្ដល់យោបល់៖ បុគ្គលជោគជ័យប្រហែលជាពួកគាត់មិនកំណាញ់ក្នុងការចែករំលែកចំណេះដឹងផ្សេងៗដល់យើងនោះទេ។ នេះជាចំណុចមួយដែលម្ចាស់អាជីវកម្មគួរតែធ្វើដើម្បីបង្កើនចំណេះដឹង និងរៀនសូត្រពីបទពិសោធន៍ថ្មីៗបន្ថែមទៀត។ សម្រាប់រូបលោកផ្ទាល់ លោកបានស្វែងរកអ្នកផ្ដល់យោបល់ និងបង្ហាត់បង្ហាញ (mentor) ពីក្រៅប្រទេសថែមទៀតផង ដើម្បីឱ្យរូបលោកអាចសិក្សាអ្វីដែលថ្មីនិងធ្វើយ៉ាងណាឱ្យអាជីវកម្មដំណើរការទៅមុខបាន ដោយរលូននិងទទួលបានជោគជ័យ៕