តើ​ការផ្ទេរកម្មសិទ្ធិ​លើ​ដីធ្លី​បែបណា​ទើប​អាច​រួច​ផុតពី​ការបង់ពន្ធ​ប្រថាប់ត្រា​?​



​ការផ្ទេរកម្មសិទ្ធិ​លើដី​ធ្លី គឺជា​កម្មវត្ថុ​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​ដែលមាន​អត្រា ៤% នៃ​តម្លៃ​ដី​នោះ។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់ថា​តើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​បែបណា​ទើប​អាច​រួច​ផុតពី​ការបង់ពន្ធ ប្រថាប់ត្រា​? ​ ការផ្ទេរកម្មសិទ្ធិ​លើដី​ធ្លី គឺជា​ស្ថានភាព​នៃ​ការផ្លាស់ប្តូរ​ម្ចាស់​សិទ្ធិ​លើដី​មួយ ដោយ​ធ្វើការ ចុះបញ្ជី​ត្រឹមត្រូវ​តាម​បញ្ញត្តិ​នៃ​ច្បាប់​។ ការផ្ទេរកម្មសិទ្ធិ​លើដី​ធ្លី អាច​ធ្វើឡើង​ជាច្រើនរូប​ភាព​ដូចជា ការផ្ទេរ​តាមរយៈ ការលក់​ទិញ ការផ្ទេរ​តាមរយៈ​អំណោយ ការផ្ទេរ​តាមរយៈ​សន្តតិ​កម្ម ការផ្ទេរ​តាមរយៈ​សាលក្រម​តុលាការ​ជាអាទិ៍​។ ទោះបីជា​យ៉ាងណាក្តី មិនមែន​រាល់​ការផ្ទេរកម្មសិទ្ធិ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​លើកលែង​ពន្ធ​នោះទេ​។ ផ្អែកទៅលើ ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​លេខ ៥០៧ ចុះ​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ស្តីពី​ការប្រមូល​ពន្ធ ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ​លើ​ដីធ្លី​ក្នុង​រូបភាព​ខាងក្រោម​នេះ អាច​រួច​ផុតពី​ការបង់ពន្ធ​ប្រថាប់ត្រា​៖ •​ ​ការទទួល​កម្មសិទ្ធិ​ដីធ្លី​ក្នុង​លក្ខណៈ​សម្បទាន​ពី​រាជរដ្ឋាភិបាល សម្រាប់​ជា​ប្រយោជន៍​សេដ្ឋកិច្ច ឬ​សង្គមកិច្ច ពី​ដីឯកជន​របស់​រដ្ឋ​ដល់​ជនក្រីក្រ​ដែល​ខ្វះខាត​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន ឬ​/​និង ធ្វើក​សិ​-​ឧស្សាហកម្ម ឬ​កសិកម្ម ជា​លក្ខណៈ​គ្រួសារ​។​ •​ ​ការធ្វើ​សន្តតិ​កម្ម (​ការផ្ទេរសិទ្ធិ​ដែល​កើតមានឡើង​បន្ទាប់ពី​ការស្លាប់​របស់​ម្ចាស់​បណ្តាំ​) រវាង​ឪពុក​-​ម្តាយ បង្កើត​និង កូនបង្កើត រវាង​ប្តី​និង​ប្រពន្ធ និង រវាង​យាយ​-​តា​បង្កើត​និង​ចៅ​បង្កើត និង ពី​ឪពុក​-​ម្តាយ​ទៅឱ្យ កូនបង្កើត​និង​កូនប្រសារ​ដែលជា​សហព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​)​របស់​កូនបង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុង អំឡុងពេល​អាពាហ៍ពិពាហ៍​។ •​ ​ការធ្វើ​ប្រទានកម្ម (​អំណោយ​) លើក​ទី​១ រវាង​ឪពុក​-​ម្តាយបង្កើត​និង​កូនបង្កើត រវាង​ប្តី​និង​ប្រពន្ធ និង រវាង​យាយ​-​តា​បង្កើត​និង​ចៅ​បង្កើត ពី​ឪពុក​-​ម្តាយ​ទៅឱ្យ​កូនបង្កើត​និង​កូនប្រសារ​ដែលជា​សហព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​)​របស់​កូនបង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុងអំឡុងពេល​អាពាហ៍ពិពាហ៍ និង​ពី​យាយ​-​តា ទៅឱ្យ​ចៅ​បង្កើត​និង​ចៅ​ប្រសារ​ដែលជា​សហព័ទ្ធ​រប​ស់​ចៅ​បង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បតិ្ត​រួម​ក្នុងអំឡុង ពេល​អាពាហ៍ពិពាហ៍​។ •​ ​ការផ្ទេរកម្មសិទ្ធិ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត​និង​ត្រាក់ទ័រ​គ្រប់​ប្រភេទ​និង​ជលយាន​យន្ត​គ្រប់ ប្រភេទ​ដែលមាន​កម្លាំង​ដល់​១៥០ សេះ​។ •​ ​ការទទួល​កម្មសិទ្ធិ​អចលនទ្រព្យ និង មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត ដែល​ត្រូវ​កត់ត្រា​ចុះបញ្ជី​សារពើ ភណ្ឌ​របស់​ស្ថាប័នរដ្ឋ​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ •​ ​ការទទួល​កម្មសិទ្ធិ​អចលនទ្រព្យ និង មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានយន្ត​របស់​បេសកកម្ម​ការទូត ឬ កុងស៊ុល​បរទេស ឬ​អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល នានា​។​ល​៕ ​ដោយ​៖ ប៉ុ​ម ទូច​
X
5s