តើទីផ្សារមូលបត្រផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?
ទីផ្សារមូលបត្រ គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ក្រុមហ៊ុនបោះផ្សាយ វិនិយោគិននានា និងសេដ្ឋកិច្ចជាតិទាំងមូល។ អាស្រ័យហេតុនេះ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក តែងតែផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើត និងអភិវឌ្ឍទីផ្សារនេះ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពរឹងមាំ និងចិរភាពក្នុងទិសដៅរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។
ក្នុងរយៈពេលជាងមួយទសវត្សកន្លងទៅ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងអត្រាប្រមាណ ៨,៥ % ក្នុងមួយឆ្នាំ ទោះជាត្រូវជួបប្រឈមនឹងភាពមិនប្រាកដប្រជា និងហានិភ័យជាច្រើនទាំងក្នុង និងក្រៅប្រទេសយ៉ាងណាក៏ដោយ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នសកលចាត់ទុកកម្ពុជាថា ជាប្រទេសមួយនៅក្នុងចំណោមប្រទេសប្រាំបីដែលមានភាពធន់នៃកំណើនសេដ្ឋកិច្ចខ្ពស់បំផុត។
ការសម្រេចបាននូវសមិទ្ធផលទាំងអស់ បានរុញច្រានកម្ពុជាឱ្យមកដល់ខ្ពង់រាបថ្មីមួយទៀត គឺឈានដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មីមួយ ដែលកំពុងប្រែក្លាយកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកម្ពុជាត្រូវធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់ជាមូលដ្ឋាននៃការបង្កើតការងារ និងឱកាសរកប្រាក់ចំណូលសមរម្យ។
ក្នុងន័យនេះ វិស័យមូលបត្រត្រូវបានអភិវឌ្ឍ និងដើរតួជាមធ្យោបាយនៃការកៀរគរមូលធន និងការបែងចែកមូលធននៅកម្ពុជាឱ្យកាន់តែសម្បូរបែបសម្រាប់គម្រោងវិនិយោគនានា ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។
រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធគន្លឹះនៃទីផ្សារមូលបត្រត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធគតិយុត្ត ប្រព័ន្ធប្រតិបត្តិការ អ្នកចូលរួមក្នុងទីផ្សារ វិនិយោគិន និងក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាដើម។
ការអភិវឌ្ឍទីផ្សារមូលបត្រនឹងនាំមកនូវអត្ថប្រយោជន៍ដូចតទៅ៖
រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
នៅក្នុងផ្សារមូលបត្រ ភាគហ៊ុនរបស់ក្រុមហ៊ុនជាច្រើនត្រូវបានទិញ-លក់។ ដំណើរការទិញ-លក់ទាំងនេះអាចជួយក្នុងដំណើរការអនុវត្តគម្រោងវិនិយោគដែលមានផលិតភាពខ្ពស់ ដែលអាចឈានទៅដល់ការបង្កើតមូលធន និងនាំឱ្យមានកំណើនសេដ្ឋកិច្ច។ ប្រភពដើមទុន និងសាច់ប្រាក់ដែលរាយប៉ាយ នឹងត្រូវបានប្រមូលចងក្រងយកទៅប្រើប្រាស់ចំទិសដៅ ហើយផ្ដល់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ ទីផ្សារមូលបត្រគឺជាឧបករណ៍មួយជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
ជំរុញការវិនិយោគ និងបង្កើតការងារ
តាមរយៈទីផ្សារមូលបត្រ ក្រុមហ៊ុនបោះផ្សាយនឹងមានលទ្ធភាពបង្កើនដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ដោយទទួលបានដើមទុនច្រើន និងមានរយៈពេលវែង។ បច្ច័យនេះនឹងជំរុញ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការវិនិយោគបន្ថែម ក៏ដូចជាបន្ថែមតម្រូវការបុគ្គលិកសម្រាប់បំពេញការងារក្នុងស្ថាប័នខ្លួនផងដែរ។ ក្នុងន័យនេះ អត្រានិកម្មភាពក្នុងប្រទេស ក៏នឹងត្រូវបានកាត់បន្ថយផងដែរ ប្រសិនបើក្រុមហ៊ុនមានដើមទុនសម្រាប់ធ្វើការវិនិយោគបន្ថែម។
ទទួលបានការលើកទឹកចិត្តពន្ធដារ
ដោយយល់ពីអត្ថប្រយោជន៍ និងដើម្បីជំរុញវិស័យមូលបត្រកម្ពុជា ឱ្យរីកចម្រើនកាន់តែឆាប់រហ័ស រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដោយផ្ដល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងចុះបញ្ជីជួញដូរមូលបត្រនៅផ្សារមូលបត្រ បានជោគជ័យមុនដំណាច់ឆ្នាំ២០១៧ ឱ្យទទួលបានការអនុគ្រោះបំណុលពន្ធ និងកាត់បន្ថយពន្ធលើប្រាក់ចំណេញចំនួន៥០% រយៈពេល៣ ឆ្នាំ ព្រមទាំងលើកលែងការបង់ពន្ធរំដោះលើកប្រាក់ចំណេញ១% ប្រចាំខែ។ ម្យ៉ាងទៀត វិនិយោគិន ក៏ទទួលបានការលើកទឹកចិត្តពន្ធដារដោយកាត់បន្ថយពន្ធលើភាគលាភ ឬការប្រាក់៥០% ផងដែរ។
ធានាស្ថេរភាពអាជីវកម្ម និងកាត់បន្ថយចំណាយប្រតិបត្តិការ
ទីផ្សារមូលបត្រនឹងជួយសម្រួលដល់អាជីវកម្មឱ្យមានភាពយូរអង្វែង ដោយសារទីផ្សារមូលបត្រអនុញ្ញាតឱ្យក្រុមហ៊ុនកៀរគរ និងប្រមូលទុនបានច្រើនដោយប្រើប្រាស់ថ្លៃដើមទាប មានរយៈពេលវែង និងពុំចាំបាច់ជាប់កាតព្វកិច្ចសង ហើយក្រុមហ៊ុនក៏អាចធ្វើការប្រមូលទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្មបានច្រើនដង។ ដូចនេះ ទីផ្សារមូលបត្រគឺជាឧបករណ៍ និងជាមធ្យោបាយដ៏ប្រសើរសម្រាប់ជួញធានាបន្ថែមដល់ស្ថេរភាពអាជីវកម្ម។
ផ្ដល់គុណតម្លៃកេរ្ដិ៍ឈ្មោះ និងសុវត្ថិភាពដល់ប្រតិបត្តិការ
នៅក្នុងទីផ្សារមូលបត្រ មានតែភាគហ៊ុនដែលបានចុះបញ្ជីតែប៉ុណ្ណោះដែលអាចជួញដូរបាន ហើយគណៈកម្មការមូលបត្រកម្ពុជា ផ្ដល់សិទ្ធិឱ្យចុះបញ្ជីសម្រាប់តែក្រុមហ៊ុនណាដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងមានគុណវុឌ្ឍិគ្រប់គ្រាន់តែប៉ុណ្ណោះ។ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីផ្សារត្រូវប្រតិបត្តិទៅតាមច្បាប់ និងបទប្បញ្ញត្តិ ដើម្បីធានាបាននូវការទទួលស្គាល់កេរ្ដិ៍ឈ្មោះ និងប្រសិទ្ធភាពនៃការគ្រប់គ្រងបានល្អប្រសើរ។
ចែករំលែកព័ត៌មានដោយសមធម៌
គណៈកម្មការមូលបត្រកម្ពុជា ការពារសាធារជនដែលធ្វើការវិនិយោគជាមួយទីផ្សារមូលបត្រដោយការដាក់កម្រិតលើការបោះផ្សាយភាគហ៊ុនថ្មី ធ្វើឱ្យការអនុវត្តការជួញដូរកាន់តែល្អប្រសើរ និងធ្វើការអប់រំសាធារជនអំពីការវិនិយោគ។ ក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រ ត្រូវបានត្រួតពិនិត្យ ទទួលស្គាល់ និងអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជាដែលជាអាជ្ញាធរមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបោះផ្សាយត្រូវចេញផ្សាយរបាយការណ៍ទៅតាមពេលវេលាកំណត់ ព្រមទាំងបង្ហាញព័ត៌មានអំពីសកម្មភាពអាជីវកម្មរបស់ខ្លួន និងអភិបាលកិច្ចសាជីវកម្ម ដើម្បីផ្ដល់នូវទំនុកចិត្តដល់វិនិយោគិន។
ទទួលបានចំណូលពីការវិនិយោគក្នុងទីផ្សារមូលបត្រ
មូលបត្រ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានគេបង្កើតឡើងសម្រាប់កសាងទ្រព្យសម្បត្តិ និងជាផ្នែកមួយនៃការវិនិយោគ។ ភាគហ៊ុនតំណាងឱ្យចំណែកនៃភាពជាម្ចាស់នៃក្រុមហ៊ុនមួយ។ ភាគហ៊ុនតំណាងឱ្យសិទ្ធិលើទ្រព្យសកម្ម និងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ បើអ្នកកាន់កាប់ភាគហ៊ុនកាន់តែច្រើនក្នុងក្រុមហ៊ុនមួយ ភាពជាម្ចាស់របស់អ្នកនៅក្នុងក្រុមហ៊ុននោះ ក៏កាន់តែធំតាមនោះដែរ។ សារៈសំខាន់នៃការក្លាយជាម្ចាស់ភាគហ៊ុន គឺថាអ្នកមានសិទ្ធិ ទទួលបានចំណែកនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន។ ប្រាក់ចំណេញនឹងបង់ក្នុងទម្រង់ជាការឱ្យភាគលាភ ឬការប្រាក់។ បើអ្នកកាន់កាប់ភាគហ៊ុនកាន់តែច្រើន អ្នកនឹងទទួលបានចំណែកនៃប្រាក់ចំណេញកាន់តែច្រើនតាមនោះដែរ។ ក្នុងនាមជាម្ចាស់ភាគហ៊ុន អ្នកពុំចាំបាច់មានកាតព្វកិច្ចទទួលខុសត្រូវផ្ទាល់នោះទេ នៅពេលក្រុមហ៊ុនមិនអាចសងបំណុលម្ចាស់បំណុលបាន។ ទោះបីជាមានបញ្ហាអ្វីក៏ដោយ តម្លៃអតិបរមាដែលអ្នកអាចបាត់បង់ គឺជាតម្លៃនៃការវិនិយោគរបស់អ្នក។
ជួញជំរុញទម្លាប់សន្សំ និងវិនិយោគ
ទីផ្សារមូលបត្រផ្ដល់នូវឱកាសនៃការវិនិយោគដ៏ទាក់ទាញ តាមរយៈភាគហ៊ុនរបស់ក្រុមហ៊ុនជាច្រើននៅក្នុងទីផ្សារ។ ឱកាសវិនិយោគទាំងនោះ លើកទឹកចិត្តឱ្យប្រជាជនមានការសន្សំច្រើនជាងមុន និងធ្វើការវិនិយោគជាមួយវិស័យមូលបត្រ ជាជាងយកប្រាក់ទៅវិនិយោគជាមួយទ្រព្យដែលគ្មានផលិតកម្ម ដូចជាមាស ឬប្រាក់ជាដើម។ វិស័យមូលបត្រនឹងជួញបំពេញបន្ថែមគុណភាពនៃការសម្រេចចិត្តវិនិយោគរបស់ប្រជាជនខ្មែរ។
ផ្ដល់នូវសន្ទនីយភាព
មុខងារដ៏សំខាន់មួយទៀតនៃទីផ្សារមូលបត្រ គឺការផ្ដល់នូវភាពត្រៀមជាស្រេចសម្រាប់ការលក់ និងការទិញមូលបត្រ។ វត្តមាននៃទីផ្សារមូលបត្រ បានជួយសម្រួលដល់វិនិយោគិន ដោយការវិនិយោគរបស់ពួកគេអាចត្រូវបានប្ដូរជាសាច់ប្រាក់បានគ្រប់ពេល នៅពេលដែលពួកគេត្រូវការ។ វិនិយោគិនអាចវិនិយោគជាមួយគម្រោងវិនិយោគរយៈពេលវែងដោយគ្មានការស្ទាក់ស្ទើរ ដោយសារគេអាចបំប្លែងការវិនិយោគរយៈពេលវែងនេះ ទៅជាការវិនិយោគរយៈពេលខ្លី៕
អត្ថបទ៖ លោក ណង សេរីវុធ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា